ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រជាពលរដ្ឋគ្រោងប្តឹងម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មីដែល មិនគោរពកិច្ចសន្យា

ខេត្តកណ្តាល ៖ តំណាងប្រជាពលរដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិ ព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងជាអតិថិជនដែលបានទិញដីឡូតិ៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី កំពុងទាមទារឱ្យលោក អំ សំអូន ធ្វើប្លង់រឹងជូនពលរដ្ឋ តាមការសន្យា ខណៈដែលបានខកខានរយៈពេលជាង ២ឆ្នាំមកហើយ។

តំណាងពលរដ្ឋ បានអះអាងថា នឹងប្តឹងទៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍បន្ថែម ទៀតចំពោះបញ្ហានេះ បើទោះបីជាម្ចាស់គម្រោងដីឡូត៍ខាងលើនេះមានតួនាទីធំនៅខេត្តកណ្តាលក៏ដោយចុះ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា លោក អំ សំអូន បានទទួលប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់ឱ្យគ្រប់ចំនួន អ្នកខ្លះទៀតនៅសល់បន្តិចបន្តួច និងចាំទទួលបានប្លង់រឹងទើបឱ្យប្រាក់បង្គ្រប់។

គ្រប់ដីឡូតិ៍នីមួយៗ គឺទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោក អំ សំអូន ថា រយៈពេល ៣ ទៅ៦ខែ នឹងទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់ និងចេញបង្កាន់ដៃដោយលោក ម៉ែន សាមិទ្ធ មន្ត្រីសុរិយោដីស្រុកស្អាង ខេត្តកណ្តាល។

ប៉ុន្តែ មកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅតែពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹងនៅឡើយ។
ដោយសារតែបញ្ហានេះ ប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ដើម្បីទាមទារឱ្យលោកអភិបាលខេត្តកណ្តាល ជួយដល់ពួកគេ ដែលរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ។

ទន្ទឹមនោះតំណាងពលរដ្ឋ បានចោទ លោក អំ សំអូន ថា មានចេតនាមិនធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ តាមការសន្យាឡើយ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីនេះ អាជ្ញាធរកំពុងពិនិត្យលើ ឯកសារពាក់ព័ន្ធ ហើយនឹងអញ្ជើញប្រជាពលរដ្ឋជួបពិភាក្សាគ្នា ជុំវិញបញ្ហានេះ នាពេលខាងមុខនេះ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130