ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកនាំពាក្យច្រានចោលព័ត៌មានបំភ្លៃរបស់សកម្មជននយោបាយ ជ្រកក្រោមស្លាកអ្នកបរិស្ថាន

ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម បានកត់សម្គាល់ឃើញថា ថ្មីៗ នេះ នៅលើបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន រួមទាំង ព័ត៌មានដែលក្រុមសកម្មជន នយោបាយជ្រកក្រោមស្លាកអ្នកបរិស្ថានបានផ្សព្វផ្សាយបំប៉ោងព័ត៌មានថា ក្រុមហ៊ុនមួយកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងសកម្មដឹកជញ្ជូនសុទ្ធតែរថយន្តបាកុង ហើយមានឃ្លាំងស្តុកឈើ និងរោងម៉ាស៊ីនរ៉ៃនៅចំណុចភូមិបាក់កន និងភូមិស្រែស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ។

លោក នេត្រ ភត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មាន បំភ្លៃការពិតខាងលើនេះ ហើយបានចាត់ទុកព័ត៌មានដែលក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកអ្នកបរិស្ថាន កំពុងលើកឡើងនេះគឺការព្យាយាមបំភ្លៃព័ត៌មាន ចិញ្ចឹមទំនាស់លើបញ្ហាព្រៃឡង់ក្រោមការរៀបចំ ច្បាស់លាស់មួយពី ម្ចាស់ជំនួយរបស់ពួកគេ។

អ្នកនាំពាក្យរូបនោះបានថ្លែងបញ្ជាក់ថា យោងតាមឯកសារ និងការចុះពិនិត្យផ្ទាល់របស់មន្ត្រីឧទ្យានុរក្សនៅតំបន់នោះ អ្វីដែលក្រុមសកម្មជននយោបាយទាំងនោះបានឃើញគឺស្ថិតនៅក្នុងក្រុមហ៊ុន ហើយជាឈើដែលក្រុមហ៊ុន បានមកពីការ ប្រមូលផល អនុផលព្រៃឈើក្នុងអនុតំបន់ ២ អនុតំបន់៣ និងអនុតំបន់ ៤នៃសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT គ្មានការកាប់ជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ចូលក្រុមហ៊ុនទេ ព្រោះមន្ត្រីឧទ្យានុរក្សបានដើរល្បាត យ៉ាងហ្មត់ចត់នៅតំបន់នោះជាប្រចាំ។

លោក នេត្រ ភត្រា បានឲ្យដឹងទៀតថា ការប្រមូលផលនិងអនុផលព្រៃឈើនេះបានទទួលការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដោយត្រូវអនុវត្តការបង់ថ្លៃសួយសារនិងបុព្វលាភជូនរដ្ឋស្របតាមច្បាប់។ សម្ភារៈដែលប្រើប្រាស់ ក្នុងការប្រមូលផលនិងអនុផលព្រៃឈើក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចក៏ត្រូវបានទទួលការអនុញ្ញាតស្របតាមច្បាប់ដែរ ។

លោកក៏បានសម្តែងនូវការហួសចិត្តចំពោះការព្យាយាមបំភ្លៃការពិត ហើយយុទ្ធនាការសម្អុយឈ្មោះកម្ពុជាថាជាប្រទេស ដែលកាប់ឈើច្រើនជាងគេលើពិភពលោករបស់ពួកគេនឹងមិនទទួលជោគជ័យទេព្រោះកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសដែលបានគិតគូរនិងមានវិធានការប្រសិទ្ធភាពខ្ពស់លើការពារអភិរក្សជីវៈចម្រុះ។

អ្នកនាំពាក្យរូបនោះបញ្ជាក់បន្ថែមថា ការងារការពារនិងអភិរក្សធនធានធម្មជាតិនេះគ្មានជំងឺតួឯកនោះទេ ហើយខ្ញុំគូស បញ្ជាក់ថា មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានបាននឹងកំពុងសហការយ៉ាងស្អិតរមួតជាមួយគម្រោងព្រៃឡង់បៃតងរបស់ USAID និងសហគមន៍តំបន់ការពារធម្មជាតិបន្តកិច្ចការងារការពារនិងអភិរក្សធនធានធម្មជាតិដោយហ្មត់ចត់និង ទទួលខុសត្រូវខ្ពស់ជានិច្ចក្នុងតំបន់ព្រៃឡង់ និងតំបន់ការពារធម្មជាតិទាំងអស់នៅកម្ពុជាដើម្បីការពារធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ៕

 

 

Filed in: Uncategorized, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130