ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទកិច្ចសហប្រតិ បត្តិការអន្តរជាតិលើកទី៣ BICC 2020 តាមរយៈវីដេអូ ជាមួយសាកលវិទ្យាល័យដៃគូ២០ មកពី១៣ប្រទេស

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំពិធី បើកសន្និសីទ កិច្ចសហ ប្រតិបត្តិការអន្តរជាតិ លើកទី៣ ឆ្នាំ២០២០ BICC2020-ប៊ីកស៊ី២០២០ (3rd BELTEI International Collaboration Conference 2020) តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមប្រធានបទ «ការរៀបចំសម្រាប់ជីវិត សិក្សានៅក្រៅប្រទេស (Preparation for Overseas Study Life)» ក្រោមអធិបតីលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូ ចំនួន២០ មកពី១៣ប្រទេស ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ សរុបចំនួន ៣,៧០០នាក់។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថ្លែងថា នេះជាលើកទី៣ហើយ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្នីសីទជាលក្ខណៈអន្តរជាតិនៅកម្ពុជា ក្នុងគោលបំណងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូ នៅឯក្រៅប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគុណភាពអប់រំនៅកម្ពុជា ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៦ចំណុចសំខាន់ៗ៖

*ទី១៖ បង្កើនកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យដៃ គូទាំងអស់នៅក្រៅប្រទេស
*ទី២៖ ផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីសិក្សា មុខវិជ្ជាសិក្សា អាហារូបករណ៍ ការស្នាក់នៅ និងឱកាសទទួលបានការងារ ធ្វើជូនដល់សិស្ស-និស្សិតកម្ពុជា ដែលមានបំណង ចង់ទៅសិក្សានៅក្រៅប្រទេស
*ទី៣៖ លើកទឹកចិត្តសិស្ស-និស្សិតពូកែប៊ែលធី ដែលទទួលបានអាហារូបករណ៍ ឱ្យទៅសិក្សានៅសាកលវិទ្យាល័យដៃគូក្រៅប្រទេស
*ទី៤៖ បង្កើនកម្មវិធីផ្លាស់ប្តូរនិស្សិត (Student Exchange Program) ពីកម្ពុជាទៅក្រៅប្រទេស និងពីក្រៅប្រទេសមកកម្ពុជា
*ទី៥៖ ពង្រឹងគុណភាពអប់រំ ដើម្បីឱ្យសិស្ស-និស្សិតប៊ែលធី អាចផ្ទេរការសិក្សា (ផ្ទេរក្រេឌីត) ទៅសិក្សានៅសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេស
*ទី៦៖ លើកកម្ពស់វិស័យអប់រំ និងពង្រឹងគុណភាពសិក្សា តាមរយៈការចែករំលែកបទពិសោធន៍អប់រំ ពីគ្នាទៅវិញទៅមក។

លោកបណ្ឌិត Wilfred Zerbe នាយកប្រតិបត្តិសាខា Vancouver នៃសាកលវិទ្យាល័យ Fairleigh Dickinson មកពីប្រទេស កាណាដា បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទអន្តរជាតិនេះឡើង និងបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជា ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាចទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅក្រៅប្រទេស។

ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍ អំពីជីវិតសិក្សានៅក្រៅប្រទេស របស់អតីតសិស្សនិទ្ទេស A និងជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺប្អូន ស គីមស៊ា កំពុងសិក្សានៅសាកលវិទ្យាល័យ Fairleigh Dickinson នៃប្រទេសកាណាដា និងប្អូន កាំង ស៊ិញលី កំពុងសិក្សានៅសាកលវិទ្យាល័យ បាងកក នៃព្រះរាជាណាចក្រថៃ។

ឋិតក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពិសេសការខិតខំប្រឹងប្រែងទប់ស្កាត់ និងដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ១៩។

លោកបណ្ឌិត ក៏បានជម្រាបផងដែរអំពីស្ថានភាពបណ្តុះបណ្តាល របស់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលបាន អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងការណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកំឡុងពេលវិបត្តិកូវីដ១៩នេះ។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំង២០ មកពី ១៣ប្រទេស ជុំវិញពិភពលោក ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ ជាពិសេសបាន ធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សា របស់សាកលវិទ្យាល័យខ្លួន នៅឯក្រៅប្រទេសជូនដល់សិស្ស-និស្សិតកម្ពុជា តាមរយៈប្រព័ន្ធ វីដេអូ (Video Conference)។

លោកបណ្ឌិត បានបន្ថែមថា សន្និសីទ BICC 2020 (ប៊ីកស៊ី២០២០) នេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើន ធនធានមនុស្ស ប្រកបដោយសមត្ថភាពនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ក៏បានលើកទឹកចិត្ត ដល់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យដៃគូ នៅក្រៅប្រទេសទាំង អស់ បន្តចូលរួមសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៤ នៅឆ្នាំ២០២១ ខាងមុខនេះ ក្នុងគោលបំណងរួមគ្នា ពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130