ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទីតាំងល្បែងដ៏ធំនៅស្រុកពញាក្រែកបើកលេងយ៉ាងរលូនរាប់ខែ មកហើយ ខណដែលល្បីថា ផ្កាយ២ម្នាក់នៅពីក្រោយ

រាជធានីភ្នំពេញ ៖ ប្រភពពីប្រជា ពលរដ្ឋបានរាយការណ៍ថា ទីតាំងល្បែងចម្រុះដ៏ធំមួយត្រូវ បានគេបើកលេងយ៉ាងរលូនច្រើន ខែ មកហើយ ហើយពុំដែលមាន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ ឬបង្ក្រាបនោះឡើយ ។ ទន្ទឹមនោះលេចឮព័ត៌មានខាងក្រៅមកថា មានផ្កាយ២ម្នាក់នៅពីក្រោយបនល្បែងមួយនេះថែមទៀត ។

ទីតាំងល្បែងខាងលើស្ថិតនៅក្នុងចំការកៅស៊ូចុះពីផ្លូវជាតិលេខ8A ប្រហែល100ម៉ែត្រ ចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយនៅក្បែរនឹងផ្ទះមេដឹកនាំថែមទៀត ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងល្បែងដ៏ធំមួយនេះពុំមានលើកស្លាក ឬសញ្ញាសម្គាល់នោះទេ ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺទីតាំងល្បែងមួយនេះបានបើកចំហរឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរី ហើយថែមទាំងមានក្រុមឆ្មាំសន្តិសុខការពារសុវត្ថិភាពទៀត ។

តាមប្រជាពលរដ្ឋដែលបានចូលលេងល្បែងក្នុងទីតាំងខាងលើបានឲ្យដឹងថា កន្លែងនោះមានលេងល្បែងច្រើនប្រភេទដូចជា ជល់មាន់ យូគី អាប៉ោង បៀរជាដើម ហើយបើកលេងជាទ្រង់ទ្រាយធំដែលទំហំភ្នាល់ដាក់លុយរាប់សែនលានរៀលឯណោះ ។ ចំពោះអ្នកដែលចូលទៅលេងនៅកន្លែងនោះគេមិនដែលឮពាក្យថា បានឈ្នះនោះទេ ។

យ៉ាងណាក៏ដោយមន្ត្រីសមត្ថកិច្ច រួមទាំងអាជ្ញាធរនៅតំបន់នោះសុទ្ធតែបានប្រាប់អ្នកសារព័ត៌មានថា ទីតាំងនោះវាមិន ស្ថិតក្នុងដែនសមត្ថកិច្ចឬការគ្រប់គ្រងរបស់ខ្លួននោះទេ ហើយវាស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន បង្ក្រាបបទល្មើសល្បែងពាណិជ្ជកម្ម ។ ទន្ទឹមនោះមន្ត្រី រួមទាំងអាជ្ញាធរពាក់ព័ន្ធបានរុញឲ្យអ្នកសារព័ត៌មាន ទាក់ទងសួរនាំទៅស្ថាប័នជំនាញពាក់ព័ន្ធខាងលើថែមទៀត ។

ប៉ុន្តែតាមសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ពួកគេបានសួរនាំទៅស្ថាប័នជំនាញហើយ ហើយទទួលចម្លើយមកវិញថា ទីតាំងនោះត្រូវបានផ្អាកតាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០មកម្លេះ ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ។ ចំពោះព័ត៌មានថា មានបើកឡើងវិញនោះ គឺពុំទាន់ទទួលរបាយការណ៍ពីថ្នាក់ក្រោមនៅឡើយ ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារដែលញៀននិងល្បែងស៊ីសង ហើយតែងតែចេញចូលលេងល្បែងនៅទីតាំងខាងលើសំណូមពរឲ្យសមត្ថកិច្ចបង្ក្រាបទីតាំងល្បែងនោះជាបន្ទាន់ព្រោះថា មានគ្រួសារប្រជាពលរដ្ឋមិនតិចនោះទេដែលជួបបញ្ហាជម្លោះក្នុងគ្រួសារ រហូតបង្កហិង្សាក្លាយជាបទព្រហ្មទណ្ឌ ខណដែលជីវភាពក្នុងគ្រួសារកាន់តែក្រីក្រទៅថែមទៀត ដោយសារតែចាញ់ល្បែងនៅក្នុងទីតាំងខាងលើនេះ ។ ទន្ទឹមនោះក៏កើតមានសកម្មភាពចោរលួច ចោរប្លន់ជាបន្តបន្ទាប់ក្នុងមូលដ្ឋានក្បែរនោះដែលគេសន្មត់ថា បណ្តាលមកពីចាញ់ល្បែងនៅទីតាំងល្បែងអនាធិបតេយ្យខាងលើនេះ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130