ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​ការជួសជុល​ព្រះពុទ្ធ​បដិមា​មួយអង្គ​នៅ​រួត​បាកាណ​កំពូល​ប្រាសាទអង្គរវត្ត​

​ខេត្តសៀមរាប ៖ ព្រះពុទ្ធ​បដិមា​មួយអង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ​កំពូល​ប្រាសាទអង្គរវត្ត​ដែលមាន​បញ្ហា​ចុះខ្សោយ​គុណភាព​សំណង់ ត្រូវបាន​អ្នកជំនាញ​អភិរក្ស​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​រួចរាល់​ជា​ស្ថាពរ នា​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​លោក សយ សុភា​រិន្ទ មន្ត្រី​ជំនាញ​អភិរក្ស​ចម្លាក់​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​អ្នក​ជួសជុល​បាន​លើកឡើងថា ព្រះពុទ្ធ​បដិមា​អង្គ​នេះ​មាន​បញ្ហា​មួយចំនួន​នៅត្រង់​ព្រះ​កេស ព្រះ​ភក្ត្រ ជើង​ផ្នែក​ខាងក្រោម និង​ជើង​ទម្រ​ទប់​លំនឹង​។ ដោយសារតែ ជើង​ទម្រ​ទប់​លំនឹង​ខ្សោយ​គុណភាព ធ្វើឱ្យ​ទម្ងន់​រូប​សង្កត់ធ្ងន់​លើ​បាតជើង​ក្រោម ដែលនាំឱ្យ​ជើង​ក្រោម​ប្រេះ​បែកបាក់ ព្រោះ​ទ្រ​ទម្ងន់​ធ្ងន់​ពេក​។​

​លោក សុភា​រិន្ទ បន្តថា ដើម្បី​សង្គ្រោះ​បដិមា​ឱ្យ​ល្អប្រសើរ​ឡើងវិញ ក្រុម​អ្នក​អភិរក្ស​ត្រូវ​តាមដាន​អង្កេត​មើល​ពី​ស្ថានភាព​ខូចខាត​ជាប្រចាំ ហើយ​សិក្សា​ស្រាវជ្រាវ​ចងក្រង និង​ជួសជុល​ឱ្យបាន​ទាន់ពេលវេលា បង្ការ​កុំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​បដិមា​ទាំងមូល​។ បច្ចុប្បន្ននេះ អ្វីដែល​ត្រូវធ្វើ​ដំបូង គឺ​ពង្រឹង​ជើង​ក្រោម ផ្លាស់ប្តូរ​ទ្រនល់​សម្រាប់​ទប់​បដិមា​ឱ្យមាន​លំនឹង​ឡើងវិញ​ដើម្បី​កាត់បន្ថយ​កម្លាំង​សង្កត់​ទៅលើ​ជើង​ទម្រ​។ ចំពោះ​ព្រះកាយ​បដិមា ក្រុមការងារ​បាន​ប្រើ​វិធី​សម្អាត​ស្ងួត​ដោយ​ប្រើ​ច្រាស ជក់ ទន់ៗ​បោស​ធូលី ក្តាំង​ធូលី សំបុក​ពីងពាង ឆ្កែ​ង៉ាំង​ឱ្យ​ស្អាត រួចហើយ​សម្អាត​សើម​ដោយ​សម្អាត​ស្នឹម​ខ្មៅ​ដែល​បណ្តាលមកពី​ផ្សែង​ធូប​ទៀន​រុំ កំណក​ក្តាំង​អំបិល​នៅលើ​ព្រះកាយ ព្រះ​ភក្ត្រ និង​ព្រះ​កេស ដោយ​ប្រើ​វត្ថុ​ធាតុ​ដើម្បី​វិភាគ​ថា តើ​ជាតិ​អ្វីដែល​អាច​សម្អាត​អំបិល​បាន ពង្រឹង​កន្លែង​ពុកផុយ​បាន ជាតិ​អ្វី​អាច​រក្សា​ពណ៌​ដើម​បាន​។​

​ព្រះពុទ្ធ​អង្គ​នេះ ដើមឡើយ​គឺ​នៅជាប់​នឹង​ជញ្ជាំង​បិទ​សន្ធប់​ទ្វារ​បន្ទប់​នៅ​រួត​បាកាណ តែ​ត្រូវបាន​ដាប់​ចេញពី​ជញ្ជាំង​នៅក្នុង​សម័យ​បារាំង​ប្រហែល​ឆ្នាំ​១៩៤៣ ដើម្បី​ជីក​កំណាយ​អណ្តូង​កណ្តាល​តួ​បាកាណ​ចុះទៅ​ក្រោម​ក្នុង​បំណង​ស្រាវជ្រាវ​បុរាណវិទ្យា​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130