មូស្គូ ៖ យោធារុស្ស៊ីបានបាញ់សាកល្បងមីស៊ីលថ្មីប្រឆាំងគ្រាប់ផ្លោងអន្តរទ្វីបដោយជោគជ័យ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងនេះគឺបានបាញ់ចេញពីតំបន់សមយុទ្ធ Sary-Shagan នៅក្នុងប្រទេសកាហ្សាក់ស្ថាន ហើយបានឈានដល់គោលដៅដែលបានកំណត់ ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Sputnik។
ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថាប្រព័ន្ធការពារមីស៊ីលត្រូវបានបង្កើតឡើងដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់សត្រូវ ។
ក្រសួងបាននិយាយថា“នៅតំបន់សមយុទ្ធ Sary-Shagan ក្នុងប្រទេស កាហ្សាក់ស្ថាន កងកម្លាំងប្រយុទ្ធនៃទ័ពអាកាស និងប្រព័ន្ធការពារមីស៊ីលរបស់កងទ័ពអាកាសបានអនុវត្តដោយជោគជ័យនូវការបាញ់សាកល្បងមីស៊ីលថ្មីរបស់ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី” ។
សូមជម្រាបថា កាលពីចុងខែតុលាក្រសួងការពារជាតិបានរាយការណ៍ថាបានសាកល្បងប្រព័ន្ធការពារមីស៊ីលថ្មីមួយនៅតំបន់សមយុទ្ធ Sary-Shagan ។ កាលពីឆ្នាំមុនកងកម្លាំងរបស់រុស្ស៊ីបានធ្វើការបាញ់បង្ហោះមីស៊ីល ថ្មីប្រកបដោយជោគជ័យនៅតំបន់សមយុទ្ធ Sary Shagan ៕