ខេត្តប៉ៃលិន ៖ តាមការផ្តល់ ព័ត៌មានពីប្រជាពលរដ្ឋបាន ឲ្យដឹងកាលពីម្សិលមិញនេះថា ដើមឈើតូចធំនៅចំណុចភ្នំបង្គ្រួមកំពុង រងនូវការកាប់បំផ្លាញយ៉ាង អាណាធិបតេយ្យ ខណដែលចំណុចនោះស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ជាប់នឹងខេត្តប៉ៃលិន ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលគ្រប់គ្រងដោយមន្ដ្រីបរិស្ថានខេត្តបាត់ដំបង សហការជាមួយខេត្តប៉ៃលិន ហៅថា ក្រុមអភិរក្សសត្វព្រៃ និងព្រៃឈើ (MJP) យាមកាមយ៉ាងតឹងរ៉ឹងសព្វថ្ងៃនេះ មិនឲ្យចេញប្រជាពលរដ្ឋចេញចូលនោះឡើយ ។
ប្រភពដដែលបានបញ្ជាក់ថា ចំណុចភ្នំបង្គ្រួម និងចំណុចស្ទឹងស្លេវ ភូមិសាស្ដ្របាត់ដំបង និងខេត្តប៉ៃលិន ជាដែនជម្រករក្សាការពារតំបន់ប្រើប្រាស់ច្រើនយ៉ាង (MJP) កំពុងតែត្រូវបានរក្សាការពារដោយមន្ដ្រីបរិស្ថាន យាមកាមមិនឲ្យរថយន្ដ គោយន្ដកន្ត្រៃ ឬមធ្យោបាយណាមួយប្រព្រឹត្តបទល្មើសផ្សេងៗ ចេញចូលតំបន់នោះបានឡើយ។
ប៉ុន្តែឥឡូវនេះដើមឈើតូចធំកំពុងដេកដួលរដូករណែលស្ទើរពាសពេញលើកំពូលភ្នំ ហើយដែលអាចឲ្យគេសន្និដ្ឋានថា ដើមឈើទាំងនោះត្រូវគេកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យដោយសារតែមានការបើកភ្លើងខៀវពីមន្ត្រីជំនាញពាក់ព័ន្ធ ។
ប្រភពបានបញ្ជាក់បន្ថែមថា នៅលើភ្នំខាងលើនេះ គេឃើញសកម្មភាពលួចកាត់ឈើទាំងថ្ងៃទាំងយប់ ដោយលាន់ឮសំឡេងម៉ាស៊ីនត្រង់សឺន័រកងរំពងពេញក្នងព្រៃ ដោយគ្មានរំខានដល់មន្ត្រីណាម្នាក់ឡើយ ហេតុនេះទើបអ្នកភូមិដាក់ការសង្ស័យថា បើមិនមានការបើកភ្លើងខៀវ ចេញពីមន្ដ្រីបរិស្ថានខេត្តទាំងពីរឈរយាមកាមពីក្រោយនៅចំណុចខាងលើនោះទេ ក៏គ្មានអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទាំងនោះ ចូលទៅធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនោះបានឡើយ ។
ប្រជាពលរដ្នរស់នៅតំបន់នោះបានសំណូមពរដល់គណៈបញ្ជាការឯកភាព បាត់ដំបង និងខេត្តប៉ៃលិន សូមឱ្យមានវិធានការទប់ស្កាត់ និងចុះសិក្សាស្រាវជ្រាវ ស្វែងរកមេខ្លោងដុះស្លែដែលកំពុងតែបំផ្លិចបំផ្លាញព្រៃឈើ នៅចំណុចខាងលើនោះ ដោយចាប់យកមកចាត់ការតាមផ្លូវច្បាប់ ជាពិសេសអាចជាប់ពាក់ព័ន្ធនឹងមន្ដ្រី ដែលឈរជើងការពារនៅតំបន់នោះពោលគឺជាបុគ្គលមួយក្តាប់តូច ដែលសម្ងំលាក់ខ្លួនក្នុងភូមិទីនោះតែម្តង។
ប៉ុន្តែក្រុមសារព័ត៌មានបានទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធ ហើយសុទ្ធតែផ្តល់តម្រុយថា ពិតជាមានការ កាប់បំផ្លាញយ៉ាងអាណាធិបតេយ្យមែន ហើយសន្យាថា នឹងចាត់កម្លាំងចុះទៅពិនិត្យមើល.. តែមិនដឹងនិយាយពិត ឬចេះតែថាឲ្យតែធូរពោះនោះឡើយ ៕