កីឡា ៖ ខ្សែប្រយុទ្ធ Martin Braithwaite បាននិយាយអំពីអនាគតរបស់គាត់នៅឯ Camp Nou ខណៈគាត់បានបញ្ជាក់ថាគាត់នឹងតស៊ូដើម្បី រក្សាតំណែងលេងរបស់ខ្លួន បើទោះបីជាក្រុម Barcelona កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរ ដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់ទៀតក៏ដោយ ។
Braithwaite គឺនៅពីក្រោយ Lionel Messi និង Antoine Griezmann នៅក្នុងលំដាប់ប្រយុទ្ធ។ ឥឡូវមានការលើកឡើងថា Barcelona កំពុងស្វែងរកជម្រើសប្រយុទ្ធថ្មីម្នាក់ ដើម្បីមកពង្រឹងក្រុមរបស់ពួកគេបន្ថែម ។
ទោះយ៉ាងណាក្ដីកីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានប្តេជ្ញាថានឹងនៅឯទឹកដី Camp Nou ហើយតស៊ូដើម្បីរក្សាតំណែងមួយនៅក្នុងក្រុមរបស់លោក Ronald Koeman ។
ថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍អេស្បាញប៉ុស្តិ៍លេខ ៣ លោក Braithwaite មានប្រសាសន៍ថា៖“ ខ្ញុំមិនមានជម្រើសក្នុងការចាកចេញពី Barca នៅក្នុងទីផ្សាររដូវរងារនេះទេ។ ហើយមិនមែននៅចុងបញ្ចប់នៃរដូវទេ។ ឆ្នាំក្រោយខ្ញុំនឹងបន្តប្រយុទ្ធនៅទីនេះដើម្បីគោលដៅរបស់ខ្ញុំ។
លោកបានបន្តថា រដូវកាលនេះយើងមានឱកាសឈ្នះពានរង្វាន់ជាច្រើនហើយនេះជាមហិច្ឆតារបស់ខ្ញុំ។ ខ្ញុំមិនគិតពីអ្វីក្រៅពីការឈ្នះពានរង្វាន់ទាំងនេះទេ។ នោះហើយជាមូលហេតុដែលខ្ញុំក្រោកពីគេងរាល់ព្រឹក ហើយព្យាយាមហ្វឹកហាត់ខ្លាំង ” ៕