ខេត្តប៉ៃលិន ៖ អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងកោតសរសើរខេត្តប៉ៃលិន ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ជំងឺកូវីដ-១៩ បានល្អ ខណមកដល់ពេលនេះ ពុំមានការឆ្លងបន្តនោះឡើយ ។
អ្នកនាំពាក្យបានថ្លែងដូច្នេះក្នុងឱកាសជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសណែនាំដល់អាជ្ញាធរ ខេត្តប៉ៃលិន និងមន្ត្រីនៃមន្ទីរសុខាភិបាល ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើចត្តាឡីស័ក ដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបនឹងត្រឡប់មកពីប្រទេសថៃ ។ កិច្ចប្រជុំនោះត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅខេត្តប៉ៃលិន ។
លោកស្រី ឱ វណ្ណឌីន នាឱកាសនោះក៏បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ថ្ងៃនេះ ក្នុងខេត្តទាំងមូល មិនទាន់មាននរណាម្នាក់ ឆ្លងជំងឺកូវីដ-១៩ បន្តទៀតនោះឡើយ ហើយក៏មិនទាន់មានការបារម្ភខ្លាំងដែរ តែត្រូវគិតទៅមុខទៀត ពីព្រោះលទ្ធភាពនៃការចម្លង គឺតែងតែមាន ពិសេសអ្នកដំណើរមកពីប្រទេសក្រៅ ។
លោកស្រីក៏បានសំណូមពរដល់លោកជំទាវអភិបាលខេត្ត ឲ្យពង្រឹងការធ្វើចត្តាឡីស័ក ហើយការធ្វើចត្តាឡីស័ក គឺមានសារៈសំខាន់ណាស់ ជាពិសេសត្រូវទប់ស្កាត់ឲ្យបានចំពោះការរីករាលដាល់ជំងឺកូវីដ-១៩ ក្នុងនោះ ត្រូវអនុវត្តន៍នូវការរុករកអ្នកប៉ះពាល់ និងអ្នកដែលសង្ស័យថាមានជំងឺកូវីដ១៩ ឲ្យមកធ្វើចត្តាឡីស័ក គ្រប់ ១៤ថ្ងៃផងដែរ ៕