ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរជាតិអប្សរាបន្តការកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី

យោងតាមមន្ត្រីអាជ្ញាធរបានថ្លែង ឲ្យដឹងថា អាជ្ញាធរជាតិអប្សរាបាននិង កំពុងបន្តដំណើរការគម្រោងកែ លម្អទីធ្លាបរិវេណ មុខព្រះលាន ជល់ដំរីដោយមានរៀបចំជាផ្លូវថ្មើរជើង និងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល ។ មន្ត្រីដដែលបញ្ជាក់ថា ការបន្តគម្រោងនេះក៏អាស្រ័យដោយទទួលបានការ ឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២១ កន្លងទៅ ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកក្នុងកិច្ចការនេះ បានថ្លែងថា ដោយសារតែមើល ឃើញពីហានិភ័យចំពោះប្រាសាទ (រំញ័រនិងការពុកផុយថ្ម) និងភ្ញៀវទេសចរ (គ្រោះថ្នាក់ចរាចរណ៍) ដែលបង្កដោយ ការបើកបរយានជំនិះគ្រប់ប្រភេទ លើផ្លូវដែលកៀកខ្លាំងនឹងព្រះលានជល់ដំរី និងក្នុងគោលបំណងលើកតម្លៃបរិវេណនេះ ឱ្យមានលក្ខណៈដើម និងបង្កលក្ខណៈងាយស្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរជាតិអប្សរា បានកែលម្អផ្លូវស្របនឹងប្រាសាទសួរព្រ័ត្រសម្រាប់យានយន្ត ហើយផ្លូវមុខព្រះលានជល់ដំរីសម្រាប់ការដើរថ្មើរជើងវិញ។

លោក យិត ចាន់ដារដ្ឋ បានបញ្ជាក់អំពីទីតាំងដែលត្រូវកែលម្អទាំងស្រុង គឺចាប់ពីកាច់ជ្រុងខាងជើងប្រាសាទបាយ័ន្ត រហូតដល់ចំណុចមុខព្រះពន្លាស្តេចគម្លង់។ ក្រុមការងារនឹងបិទទីតាំងនេះជាដំណាក់កាល មិនឱ្យរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឡើយ ហើយកិច្ចការនេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៦ខែខាងមុខ។

យោងតាមឯកសារប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩០៩ នៅមុខព្រះលានជល់ដំរីនេះ គឺពុំមានស្លាកស្នាមផ្លូវសម្រាប់យានជំនិះចេញ-ចូលនោះទេ។ នៅឆ្នាំ១៩១២ ទើបឃើញមានផ្លូវមួយស្របក្បែរនឹងប្រាសាទសួរព្រ័ត្រ។  ចំណែកផ្លូវជាប់នឹងព្រះ លានជល់ដំរីទើបមានពេលក្រោយ នៅឆ្នាំ១៩២៨ប៉ុណ្ណោះ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130