បរទេស ៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើង បានសន្យាពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរ មុនពេលលោក ចូបៃដិន ឡើងកាន់អំណាច ។ ការសន្យាបែបនោះបានរំលេចឡើងនៅក្នុងសុន្ទរកថា បិទកិច្ចប្រជុំកំពូលរបស់គណ បក្សកាន់អំណាចកូរ៉េខាងជើង ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) ក៏បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ខណៈលោកប្រាប់ទៅសមាជគណបក្សពលករថា ខណៈពង្រឹងសមត្ថភាពទល់ទល់នឹងសង្គ្រាមនុយក្លេអ៊ែររបស់យើង យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកសាងយោធាដែលមានឥទ្ធិពលបំផុត ។
ទន្ទឹមនោះលោក គីម ថែមទាំងនិយាយបញ្ឆៀងទៅ លោកបៃដិន ថា ចេតនាពិតនៃគោលនយោបាយរបស់អាមេរិកចំពោះកូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរទេ មិនថានរណាឡើងកាន់អំណាចនោះឡើយ ។
ក្រុមអ្នកវិភាគនិយាយថាលោកគីមកំពុងសម្លឹងទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋបាលលោកបៃដិនខណៈប្រទេសរបស់លោកកាន់តែឯកោជាងពេលណាៗទាំងអស់បន្ទាប់ពីបិទព្រំដែនរបស់ខ្លួនដើម្បីការពារខ្លួនប្រឆាំងនឹងជំងឺរាតត្បាត។
កិច្ចប្រជុំកំពូលនុយក្លេអ៊ែររវាងលោកគីមនិងប្រធានាធិបតីអាម៉េរិកដូណាល់នៅទីក្រុងហាណូយកាលពីខែកុម្ភៈឆ្នាំ ២០១៩បានបរាជ័យដោយសារការខ្វែងគំនិតគ្នាអំពីការបន្ធូរបន្ថយទណ្ឌកម្មនិងអ្វីដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងសុខចិត្តលះបង់ជាថ្នូរ៕