ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួនបានហើយបុរសម្នាក់អះអាងថា ជាមន្ត្រីកងរាជអាវុធហត្ថ ហើយដកកាំភ្លើងគំរាមក្នុងគ្រោះថ្នាក់ចរាចរណ៍

រាជធានីភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ដែល បង្កហេតុដកកាំភ្លើង និងបាន អះអាងខ្លួនជាអាវុធហត្ថ កើត ហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កន្លងទៅ ខណដែលការឃាត់ខ្លួនធ្វើឡើងកាលពីម្សិលមិញ ដោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា បុគ្គលដែលបង្កហេតុដកកាំ​ភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ មានឈ្មោះ សុខ ណាម៉ាលីដូ អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំ​នៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានផ្សព្វផ្សាយនៅថ្ងៃនេះក៏បានរម្លឹកថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មាន និងបានបញ្ជាក់ ច្បាស់ថា ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិស ស្លោកដែលបានដាក់ចេញ៖ “ចំពោះប្រទេសជាតិត្រូវតែការពារ! ចំពោះប្រជាត្រូវតែបម្រើ! ច្បាប់ត្រូវតែគោរព! បទល្មើស ត្រូវតែបង្ក្រាប ។

សូមជម្រាបថា កន្លងទៅនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានចេញនូវសេចក្តីប្រកាសព័ត៌មានម្តងរួចមកហើយ ដោយបានបញ្ជាក់ថា ក្រោយបានឃើញក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះលោកនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លើងគំរាមយុវជនម្នាក់”។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាប​ជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាម នីតិវិធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មាន​ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។ កម្លាំងមន្ត្រីនគរ បាលយុត្តិធម៌នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់៕

 

 

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130