ខេត្តស្វាយរៀង ៖ លោក ព្រំ ផូ ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀងកាលពី ម្សិលមិញ បានថ្លែងឲ្យដឹងថា ស្លាកលេខយានយន្តចាស់ៗ ដែលប្រជាពលរដ្ឋបានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិរថយន្តតាមបែបបទច្បាប់ចំនួន ១៣៥៨ស្លាក ត្រូវបានកាត់កម្ទេចចោល ។
លោកថា ការកម្ទេចស្លាកលេខចាស់ៗនេះបានធ្វើឡើង នៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលមានការចូលរួមពីលោក នួន លីហួន ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្ត្រីដែលពាក់ព័ន្ធក្នុងការទទួលខុសត្រូវ ជាច្រើនរូបទៀត ។
លោក ព្រំ ផូ បានបញ្ជាក់ទៀតថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ ដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋបានធ្វើការផ្ទេរកម្មសិទ្ធ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរចាប់តាំងពីទទួលបានសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនស្តីពីការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញបានចេញសេចក្តីប្រកាស នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក ។
លោក ព្រំ ផូ បន្តថា សព្វថ្ងៃនេះប្រជាពលរដ្ឋដែលមានរថយន្តមិនទាន់ផ្ទេរកម្មសិទ្ធិ គឺនៅតែបន្តមកធ្វើជារៀងរាល់ថ្ងៃ នៅមន្ទីរសាធារណការខេត្តស្វាយរៀង ហើយមន្ត្រីជំនាញ យើងបានខិតខំសម្រួល ឯកសារនានា ដើម្បីមានភាពងាយស្រួល ក្នុងការផ្ទេរកម្មសិទ្ធិនេះផងដែរ ៕