ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេង សាខុន ចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរដល់សហគមន៍ កសិកម្មខេត្តកំពង់ឆ្នាំង

រាជធានីភ្នំពេញ ៖ អគ្គនាយក ដ្ឋានកសិកម្ម សហការជាមួយកម្ម វិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា – អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូន ដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ន សុភី អភិបាលរងនៃគណអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន មន្រ្តី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកស្រីអភិបាលរងខេត្ត មានថ្លែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្ម នៅទូទាំងខេត្ត និងជាពិសេស ដំណាំស្រូវ និងគ្រោះធម្មជាតិទឹកជំនន់កន្លងមក។ ទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បងប្អូនប្រជាកសិករបាន យកគ្រាប់ពូជស្រូវ ទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន១ ៧៩២ហ.ត ស្នើនឹង ១០០%។ តាមរយ:ជំនួយនេះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋមន្រ្តីកសិកម្មនិងឯកអគ្គរដ្ឋទូតអូស្រ្តាលីផងដែរ ។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីបានថ្លែងថា ជំនួយនាពេលនេះ ដែលជាផ្នែកមួយក្នុងការចូលរួមស្តារឡើងវិញផលិតកម្ម ស្រូវទាំង ១៩ខេត្តទូទាំងប្រទេសដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងដើម្បីចូលរួមលើកកម្ពស់សន្តិ សុខស្បៀងក្នុងខណ:ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩។

លោកឯកអគ្គរាជទូតក៏បានរំលេចជូនអង្គពិធីឲ្យបានឃើញអំពីកម្មវិធី CAVAC ដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ និងជាដៃគូចាំបាច់ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការចូលរួមចំណែកជំរុញផលិតភាពផលិតកម្ម ស្បៀងតាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ ធាតុចូលកសិកម្ម និងទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ក្នុងគោល បំណងបង្កើនផលិតភាព និងប្រាក់ ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ ដំណាំផ្សេងៗ និងពង្រឹងប្រព័ន្ធទីផ្សារ ហើយថ្ងៃនេះជួយ ឧបត្ថម្ភឧបករណ៍ដាំគ្រាប់ស្រូវផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនថារដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃ គូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសស្តារផលិតកម្មស្បៀងឡើងវិញក្នុង ខណ:ដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៍ និងជាពិសេស ម្ចាស់ស្រែដែលមានវត្តមាននាពេលនេះ និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវ ជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមាន ការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោក វេង សាខុន បានបញ្ជាក់ថា ជាក់ស្តែងថ្ងៃនេះ ឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១០គ្រឿងបន្ថែមទៀត (២០គ្រឿងបានចែកជូនសហគមន៍កសិកម្មនៅខេត្តកំពង់ធំរួចហើយ) ដែលបាននាំយកមកចែកជូនសហគមន៍កសិកម្ម ដើម្បីរួមចំណែកពន្លឿនការងារដាំដុះស្រូវរបស់បងប្អូនប្រជាកសិករ កាត់បន្ថយពលកម្មមនុស្ស ចំណេញពេល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ឆ្លៀតយកឱកាសនេះផងដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនថាដោយស្វែងយល់អំពីតម្រូវការចាំបាច់ឧបករណ៍ព្រោះ គ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពេលជំនន់ទឹកភ្លៀង សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ ស្រូវនេះចំនួន ២៨០គ្រឿងដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់បម្រើឲ្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវ។

នាឱកាសនោះលោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតបានអញ្ជើញចូលរួមប្រមូលផលស្រូវជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលការលូតលាស់ដំណាំស្រូវដែលបានស្តារឡើងវិញរបស់បងប្អូនប្រជាកសិករនៅជាប់ទីតាំងប្រារព្វពិធីផងដែរ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130