ខេត្តមណ្ឌលគីរី ៖ ឆ្លៀតឱកាស ដែលកម្ពុជាប្រឈមនឹងករណី ជំងឺឆ្លងកូវីដ-១៩ ហើយថ្នាក់ដឹកនាំ គ្រប់ថ្នាក់ជាប់ដៃប្រយុទ្ធ ប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះនៅឯខេត្តមណ្ឌលគិរីឯណោះត្រូវបានភ្នាក់ងាររាយការណ៍មកថា ទាំងសមត្ថកិច្ចទាំង អាជ្ញាធរបានឃុបឃិតគ្នាបង្កលក្ខណៈឲ្យឈ្មួញម្នាក់ឈ្មោះ ណាង រួមទាំងឈ្មួញមួយចំនួនទៀតដឹកជញ្ជូនឈើយ៉ាង គគ្រឹគគគ្រេងតាមច្រកដាក់ដាំទៅប្រទេសវៀតណាម ខណដែលសកម្មភាពដឹកជញ្ជូនឈើទៅវៀតណាមនោះត្រូវគេដឹងថា អស់រយៈពេលជាង៣ខែមកហើយ ។
ភ្នាក់ងាររាយការណ៍លម្អិតថា ក្រុមឈ្មួញនៅតែមានលទ្ធភាពដឹកជញ្ជូនឈើចេញរាប់សិបម៉ែត្រគូបក្នុង១យប់ៗតាម រយៈរថយន្តធន់ ត្រា ដែលមានលេខឡានដូចៗគ្នាចូលទៅទឹកដីប្រទេសវៀតណាមតាម ច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលវាទំនងជាការត្រូវរ៉ូវគ្នានឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៃមូលដ្ឋានមួយនេះ។
ប្រភពបានទម្លាយឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ថា គេបានឃើញរថយន្តប្រភេទធុនដ្រាជាច្រើនគ្រឿង មមាញឹកដឹកជញ្ជូនឈើអារឡាំង៤ជ្រុង ចេញពីចំណុច ដេអេ និងឃុំពូជ្រៃ ស្រុកពេជ្រាដា យ៉ាងសកម្ម និងរលួនជាទីបំផុត ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ។
តាមប្រភពខាងលើបានបញ្ជាក់ថា រថយន្តធុនដ្រាដឹកឈើជាច្រើនគ្រឿងទាំងនោះមានពាក់ស្លាក លេខដូចៗគ្នា គឺ 2AT.3755 ដែលទំនងជាលេខចំណាំរបស់ក្រុមបទល្មើសព្រៃឈើ។
ប្រភពដដែលបញ្ជាក់ទៀតថា រថយន្តធន់ត្រា ដឹកជញ្ជូនឈើខាងលើចេញដំណើរនៅពេលយប់ដែលជាពេលវេលា អំណោយផលល្អសម្រាប់ក្រុមឈ្មួញទុច្ចរិត ។ រថយន្តទាំងនោះមានយ៉ាងតិចចំនួន៤ទៅ៥គ្រឿង។ ពួកគេធ្វើសកម្មភាពជា រៀងរាល់យប់។ មុននឹងចេញធ្វើសកម្ម ភាពនេះពួកគេបាននិយាយត្រូវរ៉ូវជាសមត្ថកិច្ចជំនាញពាក់ព័ន្ធអស់ហើយ បើពុំដូច្នោះទេកុំសង្ឃឹមថាចេញរួចឲ្យសោះ។
តាមប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថាបច្ចុប្បន្នបញ្ហាបទល្មើសព្រៃឈើនៅតែកើតឡើងជាហូហែនៅក្នុងខេត្តភាគឥសាន្តមួយនេះ ខណដែលក្រុមឈ្មួយទុច្ចរិតបានធ្វើការឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធដឹកចេញយកទៅលក់នៅ ប្រទេសវៀតណាមតាមច្រករបៀងនានាជាពិសេសច្រកដាក់ដាំបើទោះជារាល់ការប្រជុំគណៈបញ្ជារការឯកភាពខេត្តម្តងៗ បានដាក់ចេញនូវវិធានការបង្រ្កាបទប់ស្កាត់យ៉ាងណាក៏ដោយ ក៏សកម្មភាពបទល្មើសព្រៃឈើនៅតែមានយ៉ាងសកម្ម៕