អាមេរិក ៖ ក្រុមអ្នកប្រជាធិបតេយ្យបាននិយាយថា ការជំនុំជម្រះចោទប្រកាន់លោក Donald Trump ពាក់ព័ន្ធតួនាទីរបស់លោកនៅក្នុងកុបកម្មដ៏សាហាវនៅវិមានកាពីតូលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ខែមករា គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។នេះបើយោងតាមប្រភពពីសារថព័ត៌មាន BBC។
នៅថ្ងៃចន្ទ សភាតំណាងរាស្ត្រនឹងបញ្ជូនការចោទប្រកាន់ទៅព្រឹទ្ធសភា ដោយចាប់ផ្តើមដំណើរការជំនុំជម្រះនៅក្នុងអង្គជំនុំជម្រះដែលមានសមាជិក១០០នាក់។ ក្រុមអ្នកសាធារណរដ្ឋចង់ឲ្យមានការពន្យាពេល ដើម្បីអនុញ្ញាតឲ្យអតីតប្រធានាធិបតីរូបនេះមានពេលវេលាកាន់តែច្រើនដើម្បីត្រៀមខ្លួន។
ការជំនុំជម្រះចោទប្រកាន់លោក Trump នឹងក្លាយជារឿងតែមួយគត់មិនធ្លាប់មាន ដែលបានកើតឡើងបន្ទាប់ពីប្រធានាធិបតីមួយរូប ចាកចេញពីតំណែង។ សភាតំណាងរាស្ត្រកាលពីសប្តាហ៍មុន បានចោទប្រកាន់លោក Trump ពីបទញុះញង់ឲ្យមានអំពើហិង្សានៅវិមានកាពីតូល។ ប្រសិនបើត្រូវបានផ្តន្ទាទោសមែននោះ លោកអាចត្រូវបានរារាំងពីការកាន់តំណែងជាប្រធានាធិបតីនាពេលអនាគត។
អាណត្តិរបស់លោកបានបញ្ចប់កាលពីថ្ងៃពុធ ហើយលោកបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនភ្លាមៗដោយមិនចូលរួមក្នុងពិធីស្បថឡើងកាន់អំណាចរបសអ្នកស្នងតំណែងគឺលោក Joe Biden ទេ៕