ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពលរដ្ឋ​អាមេរិក​លើស​៥០០,០០០​នាក់​បាន​ស្លាប់​ដោយសារ​កូ​វីដ

​អាមេរិក ៖ អាត្រា​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១ នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​លើស ៥០០.០០០ នាក់ បន្ទាប់ពី​ជំងឺ​រាតត្បាត​នេះ​ចូល​វាយលុក​មិន​ដល់​រយៈពេល​មួយឆ្នាំ​ផង​។​

​សហរដ្ឋអាមេរិក​បាន​កត់ត្រា​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​ពី​វីរុស​នេះ​នៅលើ​ពិភពលោក​។ ខ្លួន​មាន​តួលេខ​អ្នកស្លាប់​លើស​ប្រទេស​លេខ​២​គឺ ប្រេ​ស៊ី​ល​រហូតដល់​ទៅ​ទ្វេដង​។ គិត​ត្រឹម​ថ្ងៃទី​២២​ខែកុម្ភៈ​ម្សិលមិញ​នេះ ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ជាង​២៤៦,០០០​នាក់​។​

​យោងតាម​អ្នកតាមដាន​របស់​សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក​បាន​រកឃើញថា​មាន​ករណី​ឆ្លង​វីរុស​នេះ​ច្រើនជាង ២៨ លាន​ករណី​ចាប់តាំងពី​វា​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ ២០១៩ ។​

​សេចក្តីរាយការណ៍​ដំបូង​នៃ​ការស្លាប់​ដោយសារ​កូ​វីដ​១៩​នៅ​សហរដ្ឋអាមេរិក​គឺជា​របស់​អ្នករស់នៅ​រដ្ឋ​វ៉ាស៊ីនតោន វ័យ ៥០ ឆ្នាំ កាលពី​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០ ដែលជា​ហេតុ​ជំរុញ​ឲ្យ​រដ្ឋ​នេះ​ប្រកាសអាសន្ន​។ ក្រោយមក​គេ​បាន​រកឃើញថា​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ ។​

​នៅពេលដែល​អង្គការ​សុខ​ភាព​ពិភពលោក​ប្រកាស​ពី​ការ​រាតត្បាត​នៅ​ថ្ងៃទី ១១ ខែមីនា មានតែ​ជនជាតិ​អាមេរិក​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​។

​រលក​នៃ​វិធានការ​រឹតត្បិត​និង​សុវត្ថិភាព បានចាប់ផ្តើម​ពី​ខែមីនា​ប៉ុន្តែ មាន​រដ្ឋ​ជាច្រើន​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​នៅត្រឹម​ខែមិថុនា​។​ ​ករណី​ឆ្លង​និង​ការស្លាប់​បាន​កើនឡើង​ជាថ្មី​ម្តងទៀត​ចាប់ពី​ខែតុលា​ចំពេល​មានការ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ​ជុំវិញ​វិធានការណ៍​នានា​ដូចជា​អាណត្តិ​ពាក់​ម៉ាស់​និង​ការបិទ​អាជីវកម្ម​ជាដើម​។​

​មាន​ជនជាតិ​អាមេរិក​ប្រមាណ ២៥០.០០០ នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​គិត​ត្រឹម​ថ្ងៃទី ១៨ ខែវិច្ឆិកា​។ វា​បាន​ចំណាយពេល​ត្រឹមតែ ៣ ខែ​ប៉ុណ្ណោះ​សម្រាប់​តួលេខ​នេះ​កើនឡើង​ទ្វេដង​។​

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130