អ៊ឺរ៉ុប ៖ ប្រេសិតកំពូលរបស់ប្លុកអ៊ឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទ ក្រុមមន្ត្រីការបរទេសដែលជាសមាជិកសហភាពអឺរ៉ុប បានយល់ព្រមដាក់ទណ្ឌកម្មលើក្រុមមន្ត្រីជាន់រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក Alexei Navalny និងលើយោធាមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល លោកស្រី អោង សាន ស៊ូ ជី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
សហគមន៍អ៊ឺរ៉ុបនឹងបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាជុំវិញការធ្វើរដ្ឋប្រហាររបស់ខ្លួននៅខែនេះ ហើយក៏នឹងលុបចោលការផ្ដល់ជំនួយមួយចំនួនផងដែរ ដើម្បីជំរុញឱ្យយោធាមីយ៉ាន់ម៉ា ប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី វិញ។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានមានប្រសាសន៍ថា“យើងបានឯកភាពគ្នាលើកិច្ចព្រមព្រៀងនយោបាយ ដើម្បីដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា ដែលជាអ្នកទទួលខុសត្រូវ លើការធ្វើរដ្ឋប្រហារ… ហើយរាល់ការជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទាំងអស់ ដែលមានប្រភពចេញពីប្រព័ន្ធរបស់យើង នឹងត្រូវបានលុបចោលផងដែរ” ៕