កីឡា ៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur នឹងយកលោក Julian Nagelsmann មកជំនួសកន្លែងលោក Jose Mourinho ប្រសិនបើអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនអាចស្រោចស្រង់ក្រុមឲ្យងើបឡើងវិញ។
បច្ចុប្បន្នលោក Jose Mourinho ហាក់កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីបានដឹកនាំក្រុម Spurs ចាញ់ ៥ ប្រកួត ក្នុងចំណោម ៦ ប្រកួតលើ កចុងក្រោយ ខណ:វាត្រូវបានគេរាយការណ៍ថាទៀតថាបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងត្រូវទុកពេលរយ:ពេល ១២ ថ្ងៃទៀត ដើម្បីស្រោចស្រង់ស្ថានការណ៍របស់ក្រុម មុនពេលត្រូវសម្រេចថាអនាគតរបស់គាត់នៅតែមានទៀតឬអត់ នៅរដូវកាលក្រោយ ។
របាយការណ៍ចុងក្រោយមួយបានបង្ហាញថាពេលនេះ ក្រុម Tottenham កំំពុងតែដាក់គោលដៅទៅលើលោក Julian Nagelsmann ដើម្បីត្រៀមសម្រាប់ជំនួសតំណែងរបស់លោក Jose Mourinho ប្រសិនបើគ្រូបង្វឹករូបនេះ នៅតែបន្តដឹកនាំក្រុមទទួលរងបរាជ័យទៀតនោះ ។
ក្រុម Spurs នឹងត្រូវជួបប្រកួតជាមួយ Wolfsberger សម្រាប់ពានរង្វាន់ប្រកខ័ណ្ឌ Europa League នៅថ្ងៃពុធខាងមុខនេះ មុនពេលធ្វើការប្រកួតក្នុងលីគ ជាមួយក្រុម Burnley, Fulham និង Crystal Palace ។
ប្រភពព័ត៌មានពី The Telegraph បានឱ្យដឹងទៀតថាក្រុម Spurs ហាក់កំពុងរៀបចំផែនការរបស់ពួកគេរួចស្រេចទៅហើយ ប្រសិនបើលោក Mourinho នៅតែមិនអាចផ្លាស់ប្តូរលទ្ធផលរបស់ក្រុម ឲ្យវិលត្រឡប់មករកភាពល្អប្រសើឡើងវិញទេនោះ គ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុម RB Leipzig លោក Nagelsmann ដែលកំពុងឈរលើកំពូលបញ្ជីសម្រាប់ត្រៀមមកជំនួសតំណែងនេះវិញ ៕