ឥណ្ឌូនេស៊ី ៖ មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាសាកសព៥នាក់ត្រូវបានរកឃើញហើយមនុស្សប្រហែល៧០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីមានការរអិលបាក់ដីនៅអណ្តូងរ៉ែមាសមួយក្នុងខេត្ត Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីកាលពីរសៀលថ្ងៃពុធ។នេះបើយោងតាមប្រភពពីសារព័ត៌មាន ចិន ស៊ិនហួរ។
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តលោក Datu Pamusu Tombolotutu បានប្រាប់សារព័ត៌មានស៊ីនហួតាមទូរស័ព្ទពីកន្លែងកើតហេតុថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបណ្តាលឱ្យមានការបាក់ដីនៅក្នុងអណ្តូងរ៉ែមាសបែបប្រពៃណីមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិ Buranga នៃស្រុក Parigi Mountong ។
លោក Pamusu បាននិយាយថា “យើងបានរកឃើញសាកសពចំនួន ៥ នាក់ ហើយបានទទួលរបាយការណ៍ពីសមាជិកគ្រួសារអំពីអ្នកបាត់ខ្លួន។ចំនួនសរុបគឺ ៧០នាក់ ។ ភាគច្រើននៃពួកគេអាចត្រូវបានកប់នៅក្រោមដី” ។
លោកបាននិយាយថាការរុករកនិងជួយសង្គ្រោះជនរងគ្រោះត្រូវបានអនុវត្តចាប់តាំងពីថ្ងៃពុធមកឧបករណ៍ជីកនិងឧបករណ៍ផ្សេងទៀតត្រូវបានគេដាក់ពង្រាយនៅកន្លែងកើតហេតុ។
មន្ត្រីប៉ូលីសបាននិយាយថាទាហានប៉ូលីសបុគ្គលិកមកពីការិយាល័យស្វែងរកនិងជួយសង្គ្រោះក្នុងតំបន់និងមកពីទីភ្នាក់ងារគ្រោះមហន្តរាយរួមជាមួយអ្នកស្ម័គ្រចិត្តបានចូលរួមនៅក្នុងបេសកកម្មស្វែងរកនិងជួយសង្គ្រោះនេះ៕