កីឡា ៖ លោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Erling Braut Haaland បានអះអាងថាមានតែក្លឹបចំនួន ១០ប៉ុណ្ណោះនៅលើពិភពលោក ដែលអាចមានលទ្ធភាពចុះហត្ថលេខាលើកូនក្រុមរបស់លោកដែលក្នុងនោះមាន ៤ ក្លិបស្ថិតក្នុងប្រទេសអង់គ្លេស។
ខ្សែប្រយុទ្ធសញ្ជាតិន័រវេសវ័យ២០ ឆ្នាំ ជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិបធំៗជាច្រើននៅអឺរ៉ុប ហើយលោក Raiola និយាយថាតម្លៃរបស់គេមានការកើនឡើងខ្ពស់ ដោយសារសមត្ថភាព និង វ័យរបស់គេ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ថា “វាប្រាកដណាស់ថា គ្រប់គ្នាបានឃើញ Erling Haaland ជាតារាឆ្នើមដែលមានសក្ដានុពលនាពេលអនាគត ព្រោះអ្វីដែលគេបានធ្វើនៅក្នុងវ័យរបស់ខ្លួនគឺគ្មាននរណាដូច”។ លោកថា “គេនឹងក្លាយជាតារាឆ្នើមនៅ១០ឆ្នាំបន្ទាប់ ព្រោះយើងស្ថិតនៅក្នុងដំណាក់កាលមួយដែលត្រូវសួរថាតើ កីឡាករដូចជា Zlatan Ibrahimovic, Cristiano Ronaldo និង Lionel Messi នឹងលេងយូរបំផុតដល់ពេលណា។ យ៉ាងណាក៏ដោយ គ្រប់គ្នាកំពុងរង់ចាំកីឡាករជំនាន់ថ្មី”។
លោក Raiola បានបន្ដថា៖ “មានតែក្លិប១០ប៉ុណ្ណោះដែលមានលទ្ធភាពក្នុងការស៊ីញ៉េផ្ទេរយក Haaland ហើយផ្ដល់ឱ្យគេនៅការកំណត់ដែលអាចធ្វើទៅបាន បន្ទាប់ពី Dortmund។ ក្លិប៤ក្នុងចំណោមនោះគឺនៅអង់គ្លេស”៕