ម៉ានីល ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភៈនេះថាប្រទេសហ្វីលីពីននឹងទទួលបានវ៉ាក់សាំងកូវីដ១៩ដូសដំបូងរបស់ខ្លួននៅចុងសប្តាហ៍នេះ ខណៈដែលការអនុញ្ញាតឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នឹងចាប់ផ្ដើមសប្ដាហ៍ក្រោយ។នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីលោក Rodrigo Duterte បានមានប្រសាសន៍ថា វ៉ាក់សាំងចំនួន ៦០០,០០០ ដូសរបស់ក្រុមហ៊ុនចិន Sinovac Biotech ដែលជាជំនួយរបស់រដ្ឋាភិបាលចិននឹងមកដល់នៅថ្ងៃអាទិត្យនេះ។ លោកបាននិយាយអំពីកម្មវិធីចាក់វ៉ាក់សាំងនេះថា“យុទ្ធការចាក់វ៉ាកសាំងនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ” ។
ក្រៅពីនេះរដ្ឋាភិបាលហ្វីលីពីនក៏បានបញ្ជាទិញវ៉ាក់សាំងចំនួន២៥លានដូស ពីក្រុមហ៊ុន Sinovac ដែរ។ រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca នឹងមកដល់ហ្វីលីពីននៅខែមីនាខាងមុខ។
គួរបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេស ដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនបំផុតមួយប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារ COVID-19 ប៉ុន្តែនឹងក្លាយជាប្រទេសចុងក្រោយគេបង្អស់នៅអាស៊ីអាគ្នេយ៍ ដែលទទួលបានវ៉ាក់សាំងការពារជំងឺនេះជាលើកដំបូង៕