ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរព្រមានចាត់វិធានការតាមច្បាប់អ្នកលួចចាក់ដីចូលសមុទ្រ

ព្រះសីហនុ ៖ អាជ្ញាធរខេត្ត ព្រះសីហនុ បានព្រមានអ្នកលួច ចាក់ដីចូលសមុទ្រ ដោយខុសច្បាប់ ត្រូវកាយចេញវិញជាបន្ទាន់ ប្រសិនបើមិនចង់ប្រឈមមុខនឹងផ្លូវច្បាប់ ។ ការព្រមាននោះធ្វើឡើង ខណដែលកាលពីថ្មីៗ នេះ មានជនមិនស្គាល់ មុខបានបន្លំលួចចាក់ដីចូលសមុទ្រ ដោយខុសច្បាប់ស្របពេលដែលក្រសួងសាធារណការ និង ដឹកជញ្ជូន សហការនឹង ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ទទួលខុសត្រូវសាងសង់កំណាត់ផ្លូវ លេខ១៤៨ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើការវាងផ្លូវចាស់កាត់ទីតាំងដីជាប់ឆ្នេរសមុទ្រ ។

ផ្តើមពីនោះរដ្ឋបាលស្រុកស្ទឹងហាវ បានជូនដំណឹងដល់អ្នកដែលបានលួចធ្វើសកម្មភាពចាក់ដីចូលសមុទ្រនៅពេលយប់ កន្លងមកនេះថា ដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាប្រយោជន៍។

អាជ្ញាធរបន្តថា ការអនុញ្ញាតក្នុងការប្រើប្រាស់ដីចំណីឆ្នេរសមុទ្រ ត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ដី និងផែនការ ប្រើប្រាស់ដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសេចក្តីណែនាំលម្អិតសម្រាប់អនុវត្តនិង បទប្បញ្ញាត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន ។

ដូច្នេះរដ្ឋបាលស្រុក តម្រូវឲ្យអ្នកចាក់ដីចូលសមុទ្រនៅទីតាំងទល់មុខក្រុមហ៊ុនតេលា ធ្វើការកាយចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក ពុំនោះទេរដ្ឋបាលស្រុក នឹងចាត់វិធានការកាយដីនេះចេញ និង បន្តស្វែងរក អ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រដើម្បីមានវិធានការតាមផ្លូវច្បាប់ ។

ប៉ុន្តែអ្វីដែលសាធារណជនឆ្ងល់នោះត្រង់ថា សកម្មភាពចាក់ដីចូលសមុទ្រនោះមិនអាចធ្វើដោយស្ងាត់ស្ងៀមបាននោះទេ ទាល់តែប្រើរថយន្តធុនធំដឹកគគ្រឹគគគ្រេងទើបអាចធ្វើបាន ។ អញ្ចឹងហេតុអីបានជាអាជ្ញាធរមិនបានដឹងពីសកម្មភាព ល្មើសនេះពីមុនឬភ្លាមៗនោះ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130