កីឡា ៖ ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំទៀតជាមួយ Manchester City ដែលធ្វើឲ្យកីឡាករប៊ែលហ្សិករូបនេះលេងនៅទឹកដី Etihad រហូតដល់ឆ្នាំ២០២៥។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។
កិច្ចសន្យាចាស់របស់ De Bruyne នឹងផុតកំណត់ជាមួយក្លិបមេឃខៀវនាខែមិថុនា ឆ្នាំ២០២៣ ដែលកីឡាករវ័យ ២៩ឆ្នាំខាងលើនេះជួយ Man City ឈ្នះពានធំៗបាន ៧មកហើយ និងអាចកើនដល់ ១១ពានថែមទៀត ប្រសិនបើជោគជ័យក្នុងរដូវកាលឆ្នាំ២០២០-២០២១ នេះ។
De Bruyne បានមកចូលរួមជាមួយ Man City បន្ទាប់ពីបានចាកចេញពីក្លិប Wolfsburg របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ មក។ De Bruyne រកបាន ៨គ្រាប់ និង Assist បាន ១៦គ្រាប់ផងដែរពីការចូលលេងបាន ៣៣ប្រកួតគ្រប់កម្មវិធីប្រកួតនារដូវកាលនេះ និងជាអ្នកស៊ុតគ្រាប់នាំមុខទៀតផងក្នុងជ័យជម្នះ ២-១ ទៅលើ Borussia Dortmund នៅថ្ងៃបើកឆាកប្រកួតវគ្គ ៨ក្រុមជើងទី១ នៅ UCL៕