បន្ទាយមានជ័យ ៖ ខេត្តបន្ទាយ មានជ័យ បានដាក់ប៉ុស្តិ៍ត្រួត ពិនិត្យ ៨ ទីតាំង ក្នុងការអនុវត្ត សេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេសចរណ៍ ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្ត ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជការ កងឯកភាពរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រី កងកម្លាំងអនុវត្ត សារាចរនោះ តាំងពីរាត្រី ថ្ងៃទី៦ ខែមេសា ដល់ម៉ោងសូន្យ រំលងអធ្រាត្រ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១មកម្លេះ ។
លោកអភិបាលខេត្ត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ក៏បានបន្តចុះនាំអំណោយ របស់រដ្ឋបាលខេត្ត ទៅជូនមន្ត្រីក្រុមប្រឹក្សា អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ពដែលឈរជើងប្រចាំការ តាមប៉ុស្តិ៍ចំនួន ៨ ទីតាំង លើផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ នៃព្រំប្រទល់ខេត្តបន្ទាយមានជ័យ ជាមួយខេត្តជិតខាង។
អំណោយរួមមាន ម្ហូបអាហារដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកា ៨០ ម៉ឺនរៀល ក្នុង១ទីតាំង នៃទីតាំងទាំង៨ ។ ទីតាំងទាំង ៨ នោះ គឺនៅព្រំប្រទល់ ខេត្តបន្ទាយមានជ័យ -បាត់ដំបង ៣ ទីតាំង លើផ្លូវជាតិលេខ៥, ផ្លូវខេត្តលេខ១៥៩សេ ស្រុកមង្គលបូរី និងលើផ្លូវជាតិលេខ៥៩ ស្រុកម៉ាឡៃ ។ នៅព្រំប្រទល់ ខេត្តបន្ទាយមានជ័យ-សៀមរាប ១ ទីតាំង លើផ្លូវជាតិលេខ៦ ស្រុកព្រះនេត្រព្រះ ។ នៅលើផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត ១ទីតាំង (ត្រួតពិនិត្យជនបរទេស) នៅព្រំប្រទល់ ខេត្តបន្ទាយមានជ័យ -ខេត្តឧត្តរមានជ័យ មាន ៣ ទីតាំង គឺលើផ្លូវជាតិលេខ៥៦ និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួក និងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក ។
ចំពោះការត្រួតពិនិត្យនោះ ហាមលើយានយន្ត ដឹកអ្នកដំណើរ និងលក្ខណៈគ្រួសារ ដែលមានមនុស្សច្រើន ហើយឆ្លងកាត់ច្រើនខេត្ត ។ ប៉ុន្តែសម្រាប់យានយន្ត ដឹកទំនិញ យានយន្ត ម៉ូតូនៃពលរដ្ឋ នៅខេត្តជិតខាង ហើយមានមូលហេតុ និងការបញ្ជាក់សមហេតុផល នៅអាចធ្វើដំណើរឆ្លងកាត់បានដោយអន្លើនៅឡើយ៕