ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋមន្ត្រីកសិកម្មវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោង ទាំង៣របស់ទីភ្នាក់ងារ AFD

រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ខណដែលជំនួបនោះធ្វើឡើងនៅទីស្តីការក្រសួង កសិកម្មក្នុងគោលបំណងដើម្បីពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង។

លោករដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយ:លោកស្រី បានថ្លែងអំណរ គុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង តាមរយ:ទីភ្នាក់ងារ AFD ដែលបានបន្តជួយអភិវឌ្ឍន៍កម្ពុជាឲ្យមាន ការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ជាក់ស្តែងក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន ៥ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៥ លានអ៊ឺរ៉ុ ។

លោក វេង សាខុន បានលើកឡើងថា ក្នុងចំណោមគម្រោងទាំងប្រាំ មានគម្រោងចំនួន ៣ ដែលក្រសួងបាននិង កំពុងអនុវត្តគឺ៖ ទី១- ការចម្រុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចិរភាព (CaPFish Aquaculture) ២៥ លានអឺរ៉ូ ចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយសហភាពអ៊ឺរ៉ុប ដោយផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តភាព ធន់នឹងការប្រែប្រួលអាកាសធាតុ ទី២- គម្រោងថ្នាក់តំបន់ស្តីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានទឹកប្រាក់សរុបចំនួន ១១,៥ លានអ៊ឺរ៉ុ នីងគម្រោងទី៣ គឺគម្រោង “ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងការលើកកម្ពស់សុវត្ថិភាពកសិផល ដែលបានធ្វើសហការហិរញ្ញ ប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតម្លៃទឹកប្រាក់ ២៥លានអឺរ៉ូ ។

ទន្ទឹមនោះលោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តគម្រោងទាំង៣ ព្រោះវាបាននិងកំពុងចូល រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យជលផលចំទិសដៅ សមស្របតាមសភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តដែលបានគ្រោង ទុកគឺការអភិវឌ្ឍវិស័យជលផល ប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ។ ដោយឡែក មានគម្រោងពីរទៀត កំពុងធ្វើការវាយតម្លៃដើម្បីផ្តល់ហិរញ្ញប្បទាននៅក្នុងឆ្នាំ២០២១ នេះ ដែលទីមួយ គឺគម្រោងកម្មវិធីស្តីពី “ការអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មដោយពឹងលើទឹកភ្លៀង រួមមានកៅស៊ូ ដំណាំចំណីសត្វ និងបន្លែ” ដែលភាគី AFD និងចូលរួមផ្តល់ហិរញ្ញប្បទានចំនួន ៥០ លាន អ៊ឺរ៉ូ និងគម្រោងកម្មវិធីទីពីរ ដែលមានឈ្មោះថា “ការគ្រប់គ្រងជលផលនៅតំបន់ឆ្នេ និងសមុទ្រ ប្រកបដោយនិរន្តភាព” ដែលត្រូវចូលរួមសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ៣០ លានអ៊ឺរ៉ូ ។

លោក វេង សាខុន ក៏បានបង្ហាញនូវការគាំទ្រ និងជំរុញឲ្យ AFD ធ្វើការអនុម័តឲ្យបានឆាប់ដែលអាចធ្វើទៅបានដើម្បីអនុវត្តឲ្យស្របតាមស្ថានភាពបច្ចុប្បន្ននៃផលិតកម្មសត្វ និងបន្លែកំពុងតែចូលរួមយ៉ាងសកម្មក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឱកាសការងារ និងសន្តិសុខស្បៀង។

លោកស្រី Ophelie Bourhis  ក្នុងនាមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ លោកស្រីបានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់ក្រសួងនាពេលកន្លងមកធ្វើឲ្យការអនុវត្តគម្រោងដំណើរការទៅដោយរលូន។ បន្ទាប់មកលោកស្រីបានរាយការណ៍ជួនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការ អនុវត្តគម្រោងទាំងពីរខាងលើថា៖ គម្រោងបាននិងកំពុងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយឡែកគម្រោងពីរទៀត មួយគ្រោងនឹងអនុវត្តក្នុងឆ្នាំនេះ និងមួយទៀតកំពុងពិនិត្យ និងវាយតម្លៃ ហើយអាចធ្វើការអនុម័តក្នុងឆ្នាំ២០២១ នេះដែរ លោកស្រីសង្ឃឹម និងជឿជាក់ថាគម្រោងនឹងចូលរួមចំណែងធ្វើឲ្យខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មមានលក្ខណល្អប្រសើរ រួមទាំងងផលិតកម្មសត្វ និងបន្លែផងដែរ ដែលនឹងចូលរួមលើកកម្ពស់តម្លៃ បន្ថែម ទីផ្សារ និងការប្រកួតប្រជែងទាំងបរិមាណ គុណភាព និងសុវត្ថិភាពតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។

ទាំងលោករដ្ឋមន្ត្រី វេង សាខុន ទាំងលោកស្រី Ophelie Bourhis បានប្តាជ្ញារួមគ្នាថា ទោះបីយើងកំពុងប្រឈមនូវ វិបត្តិជំងឺឆ្លងកូវីដ១៩ យ៉ាងណា ក៏ដោយ ក៏ការអនុវត្តគម្រោងនៅតែបន្ត មិនតែប៉ុណ្ណោះគួរតែជំរុញ និងលើកកម្ពស់ការទទួល ខុសត្រូវ និងអនុត្តឲ្យកាន់តែសកម្ម ទូលំទូលាយ និងប្រសិទ្ធភាពថែមទៀតផង ប្រយោជន៍ដើម្បីប្រជាជន និងសេដ្ឋកិច្ច ដោយគួរសិក្សារកយុទ្ធសាស្រ្ត ឬកម្មវត្ថុណាថ្មីៗឲ្យស្របតាមតម្រូវការដាក់ ស្តែងរបស់អ្នកទទួលផល ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឲ្យកសិផលរបស់ពួកគាត់មាន គុណភាព សុវត្ថិភាព និងមានទីផ្សារ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130