ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កញ្ញា មាន ពេជ្រ​រីតា ដាក់ពាក្យ​ប្តឹង​ឧកញ៉ា​​ ហេង សៀ ពីបទ​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​លើ​រថយន្ត​

​រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ទូរ​ទស្ស​ន៏​My TV កញ្ញា មាន ពេជ្រ​រីតា និង​ជា​អតីត​បេ​ក្ខ​នារី Miss Grand Cambodia បានដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ​ដោយ​ប្តឹង​លោក ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ នៅក្នុង​រថយន្ត​។​តាម​ពាក្យបណ្តឹង​គឺ​ហេតុ​ការ​ណ៏​នោះបាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ នៅក្បែរ​ផ្សារ​គីឡូ​លេខ​៤ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បន្ទាប់ពី​ឧកញ៉ា ហេង សៀ បាន​ហៅ​ទូរស័ព្ទ​ឱ្យ​នាង​ទៅ​ជួប​ដើម្បី​ផ្តល់​អំណោយ​ជូន​នាង​ដើម្បី​ចែក​បន្ត​ដល់​អ្នករងគ្រោះ​ដោយ​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ហៅ​ឱ្យចូល​ក្នុង​រថយន្ត​រប​ស់​គាត់​ដើម្បី​ពិភាក្សា​ការងារ​។

កញ្ញា មាន ពេជ្រ​រីតា បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្តឹង​ថា នាង​បាន​ស្គាល់ ឧកញ៉ា ហេង សៀ នៅពេល​ចូលរួម​កម្មវិធី​សម្ពោធ​ហាង​កូនស្រី​របស់គាត់ ដែល​បន្ទាប់ពីនោះ ឧកញ៉ា​តែង​បាន​ទំនាក់ទំនង​នាង​តាម Telegram​។​នាង​បន្តថា «​តែ​អំឡុង​ពេលនោះ គាត់​បាន​លួងលោម ឱ្យ​នាង​ខ្ញុំ​ប្រើ​លេខ​ដែល​គាត់​ទិញ​ឱ្យ​វិញ ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​។ នាង​ខ្ញុំ​ក៏បាន​ប្រកែក​មិន​ប្រើ តែ​គាត់​និយាយថា គាត់​ស្គាល់​អ្នកលក់​លេខ​ទូរស័ព្ទ គឺ​សុទ្ធតែ​កូនចៅ​គាត់​ទេ អា​ចរក​លេខ​ឱ្យបាន ហើយ​គាត់​ក៏បាន​ទិញ​ចំនួន ៣​លេខ ហើយ​នាង​ខ្ញុំ​ក៏​មិនបាន​គិត​អ្វី​អាក្រក់​អំពី​គាត់ ឬក៏​មានការ​សង្ស័យ​ច្រើន​ទៅលើ​គាត់​ដែរ​ព្រោះ​គាត់​មាន​វ័យ​ចំណាស់​គួរឱ្យ​គោរព ហើយ​ដែល​អាច​ផ្តល់ឱកាស​ការងារ​ដល់​នាង​ខ្ញុំ​ពិត ប្រាកដ​មែន ក៏​នាង​ខ្ញុំ​យល់ព្រម​ទទួល​លេខ​នោះ​ពី​គាត់ តែ​មិនបាន​ប្រើប្រាស់​ទេ​»​។​

ពិធី​ការិនី​រូប​នោះបាន​បញ្ជាក់ថា នៅក្នុង​ការទំនាក់ទំនង​នេះ ឧកញ៉ា ហេង សៀ បាន​ផ្ញើ​លុយ​ឱ្យ​នាង​តាម គណនី ABA ចំនួន​៥​លើក​សរុប​ប្រមាណ​ជិត​១​ពាន់​ដុល្លារ ប៉ុន្តែ​នាង​អះអាងថា ខ្លួន​បាន​បដិសេដ​មិន​ទទួល​លុយ​នោះទេ ដោយ​សំអាងថា មាន​លុយ​ចាយ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ឧកញ៉ា​រូបនោះ​នៅតែ​ផ្ញើ​លុយ​ជា​បន្តបន្ទាប់​ទៀត​។ កញ្ញា​បន្ថែមថា​៖ «​ក្រោយមកទៀត​គាត់​ក៏បាន​ប្រើពាក្យ​លួងលោម​ចង់​ជួប និង​ស្គាល់​រូបនាង​ខ្ញុំ តែ​នាង​ខ្ញុំ​បដិសេធ មិន​ព្រម​ជួប លុះត្រា​ទាក់ទង​នឹង​ការងារ​ទើប​នាង​ខ្ញុំ​ព្រម​ជួប​គាត់​។ គាត់​ក៏​នៅតែ​បន្ត​រំខាន​រហូតដល់​មានការ ផ្ញើ​រូប​អាសអាភាស​មក​ខ្ញុំ ហើយ​គាត់​លុបចេញ​វិញ​ដោយ​ខ្លួនឯង ធ្វើឱ្យ​នាង​ខ្ញុំ​មាន​ចម្ងល់ តែ​ក៏​មិន​គិតថា គាត់​មានបំណង​អាក្រក់​មកលើ​រូបនាង​ខ្ញុំ​ឡើយ​»​។​

កញ្ញា ពេជ្រ​រីតា បាន​បន្ថែមថា រហូតដល់​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​ម៉ោង ១៤:០០ ទៅ ១៥:០០ នាទី​រសៀល បាន​ទូរស័ព្ទ ឧកញ៉ា ហេង សៀ បាន​ទូរស័ព្ទ​មក​មក​នាង ដោយ​ប្រាប់ថា​ចង់​ជួប​នាង ហើយ​ចង់ឱ្យ​អ៉ី​វ៉ាន់​មក​នាង​មួយចំនួន ដើម្បី​ចែក​អំណោយ​ទៅ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយសារ​កូ​វីដ​១៩ គាត់​បានឱ្យ​ខ្ញុំ​ចាំ​នៅក្បែរ​ផ្សារ​គីឡូ​លេខ​៤ ជិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប រួច​ក៏​បង្ខំ​នាង​ឱ្យចូល​ក្នុង​ឡាន​។​នាង​ថា «​គាត់​ថាឱ្យ​ចូល​ឡាន​សិន មក​ដោយ​មានរឿង​ការងារ​ត្រូវ​និយាយ​គ្នា ក៏ដូចជា​ចែក​ម្ហូបអាហារ​សម្រាប់​ចែក​អ្នក​កូ​វីដ ហើយ​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​នាង ខ្ញុំ ក៏​នាង​ខ្ញុំ​ចូលក្នុង​នឹក​ឃើញថា ពេល​យក​ម្ហូបអាហារ​សម្រាប់​ចែក​អ្នក​កូ​វីដ​ពី​គាត់​ហើយ​ចេញទៅ​វិញ ពេល នៅក្នុង​ឡាន​គាត់​និយាយ​ពាក្យ​អាសអាភាស​ដាក់​ខ្ញុំ រួច​ក៏​យកដៃ​របស់គាត់​មក​លូក​ស្ទាបអង្អែល​ភ្លៅ និង ប្រដាប់ភេទ​របស់​នាង​ខ្ញុំ​ជា​ញឹកញាប់​។ គាត់​បាន​និយាយថា គាត់​ខាន​រួមភេទ​យូរហើយ ព្រោះ​ប្រពន្ធ​មិនឱ្យ គាត់​រួមភេទ​សោះ ចាប់តាំងពី​ចាក់​វ៉ា​សាំង​ការពារ​កូ​រឹត​មក គាត់​មាន​អារម្មណ៍​ចង់​រួមភេទ​ខ្លាំងណាស់ ហើយ ចង់យក​នាង​ខ្ញុំ​ទៅផ្ទះ​សំណាក់​។ ពេលនោះ​នាង​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​សូមកុំ​ធ្វើ​ចឹ​ង​ប្រយ័ត្ន​ខ្ញុំ​លោត​ចុះ​ពីលើ ឡាន​សូម​ជូន​នាង​ខ្ញុំ​ទៅផ្ទះ​វិញ​ទៅ ហើយ​គាត់​បាន​ប្រាប់ថា​គាត់​មាន​កាំភ្លើង​។ ពេលឮ​ដូច្នេះ​នាង​ខ្ញុំ​មាន អារម្មណ៍​ភិតភ័យ​ជាខ្លាំង ស្ទើរតែ​បាត់បង់​ស្មារតី និង​ស្លន់ស្លោ​ខ្លាំងណាស់ ដោយ​មិនអាច​ចេញពី​ក្នុង​ឡាន បាន​នាង​ខ្ញុំ​ក៏បាន​រត់​មក​ខាងក្រោយ​កៅអី​ឡាន​ផ្នែក​ខាងក្រោយ ហើយ​គាត់​ក៏បាន​ឈប់​ឡាន យកដៃ​របស់ គាត់​មក​ចាប់​សម្ល​ប់​លើ​រូបនាង​ខ្ញុំ​។ ពេលនោះ​នាង​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាង​មិច ក៏​ខិតខំ​រើ​បំរាស់ និង​ច្រាន​ដៃ​គាត់​ចេញ ហើយ​ពេលនោះ​ដៃ​នាង​ខ្ញុំ​មិនមាន​កាន់​របស់​អ្វី​ទេ ដៃទទេ​សុទ្ធ ហើយ​នាង​ខ្ញុំ​បាន​បើកទ្វារ​ឡាន​រត់ ចេញពី​គាត់ រត់​ក៏​ត្រលប់​ទៅផ្ទះ​វិញ​ទាំង​ការភិតភ័យ​បំផុត​។ ប្រសិន​នាង​ខ្ញុំ​មិនអាច​បើកទ្វារ​ឡាន​ចេញ​បានទេ គាត់​នឹងធ្វើ​ការរំលោភ​សេព​សន្ធ​វៈ​នៅក្នុង​ឡាន ឬ​ដឹក​នាង​ខ្ញុំ​យកទៅ​ផ្ទះសំណាក់​តែម្ដង ពីព្រោះ​នាង​ខ្ញុំ​បាន ភ័យ​ត​ត់​ស្លុត ខ្លាច​អាច​កាត់​សម្លាប់​ដោយ​ប្រើប្រាស់​កាំភ្លើង​មិន​ហ៊ាន​តដៃ ឬ​រើ​បម្រាស់​នោះឡើយ ។ ហើយ នាង​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ម្តាយ​ឱ្យដឹង​រឿងនេះ​ទេ ព្រោះ​មិន​ចង់ឱ្យ​គាត់​ពិបាកចិត្ត​»​។​

ប៉ុន្តែ​រូបនាង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយនៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ មាន​កងកម្លាំង​នគរបាល​ខណ្ឌទួលគោក បាន​ទៅ​ជួប​នាង​នៅផ្ទះ ហើយក៏​បាន​នាំ​នាង ទៅកាន់​អធិការដ្ឋាន​ដោយ​មិនដឹង​មូលហេតុ ព្រម​តាំង​បាន​ឃុំខ្លួន​នាង រយៈពេល​២​ថ្ងៃ​ថែមទៀត ទើប​បញ្ជូនមក​សាកសួ​រ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទ​ពីបទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ខណ​នាង​អះអាងថា «​មិនបាន​លូច​អ្វី របស់​អ្នកណា​ឡើយ​»​។​

នៅ​ចុងបញ្ចប់​នៃ​ពាក្យបណ្តឹង​នោះ កញ្ញា ពេជ្រ​រីតា បាន​អាស្រ័យ​ដូច​បានស្នើ​ឲ្យ​ព្រះរាជអាជ្ញា ក៏ដូចជា​អាណាព្យាបាល របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ មេត្តាជួយ​រក​យុត្តិធម៌​ឱ្យ​រូបនាង​ខ្ញុំ​ផង ខណ​នាង​ខ្ញុំ​ទទួលរង​ភាពអយុត្តិធម៌​ខ្លាំងណាស់ ការ​ចោទថា​នាង​ខ្ញុំ​បាន​លួច​ទូរស័ព្ទ និង​បាន​បង្កឱ្យមាន​របួស​ដ​ល់​គាត់​គឺ​មិន​ពិត​ទេ អ្វីដែល​នាង ខ្ញុំ​ធ្វើ​គឺ​នាង​ខ្ញុំ​បាន​រុញ​ដៃ​របស់គាត់​មិនឱ្យ​បំពាន​មកលើ​រូបរាងកាយ​នាង​ខ្ញុំ​ដែលជា​ស្ត្រី​ទុនខ្សោយ ដើម្បី​ការពារ​សុ​វត្តិភាព​នាង​ខ្ញុំ ព្រោះ​គាត់​មាន​កាំភ្លើង ខ្ញុំ​គ្រាន់តែ​ចង់​រំដោះខ្លួន​ទៅផ្ទះ​តែប៉ុណ្ណោះ​។ ហើយ​គាត់​ក៏បាន​បំ​ភ្លើ​ស​ការពិត​ទៅដល់​សមត្ថ​កិច្ច ហើយ​គាត់​បានធ្វើ​អំពើ​អសីលធម៌ ជាមួយ​នាង​ខ្ញុំ​ជាច្រើន​ដង ដោយ​ប្តូរ​នឹង​ប្រាក់ ហើយ​បាន​បង្កាច់បង្ខូច​កិត្តិយស​របស់​នាង​ខ្ញុំ​នៅ​ចំពោះមុខ​សមត្ថកិច្ច បន្ថែម​ពីលើ​ការប៉ុនប៉ង រំលោភ​មកលើ​នាង​ខ្ញុំ​មិនបាន​សម្រេច​ថែមទៀត​។ នាង​ខ្ញុំ​សូម​ទាញ​នូវ​ចំណាប់អារម្មណ៍ ឯកឧត្តម​ព្រះរាជអាជ្ញា នៅត្រង់​នេះ​ថា នាង​ខ្ញុំ​ជា​ស្ត្រី​ទុនខ្សោយ មូលហេតុ​អ្វីដែល​នាង​ខ្ញុំ​ហ៊ាន​លួ​យ​យក​ទូរ​សព្ទ និង​បង្ក​របួសស្នាម​ដល់​ឧកញ៉ា​ម្នាក់​នៅ​កណ្តាល​ទីក្រុង នាង​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​២ និង​ជា​ពិធីការនី និង​តារា​បង្ហាញ​ម៉ូដ​មាន​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ មាន សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​រកប្រាក់​មិនសមបើ​លួច​ប្លន់​ទូរ​សព្ទ​មួយគ្រឿង​តម្លៃ​មួយ​ជាង​ពាន់​ដុល្លារ​នេះ​ទេ​។ ក្នុងនាម​គាត់​ជា​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់ មិនគួរ​មានគំនិត​ស្មោគគ្រោក​ល្មោភ​តណ្ហា ហើយ​មូល​បង្កាច់​ចោទប្រកាន់​នាង​ខ្ញុំ​ដែលជា​ជនរងគ្រោះ​ទៅវិញ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​នាង​នៅក្នុង​ពាក្យបណ្តឹង​៕
​សូម​អាន​ពាក្យបណ្តឹង​ទាំងស្រុង​ដូចខាងក្រោម​៖


Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា