ខេត្តព្រៃវែង​ទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ពី​ប្រធាន​សមាគមន៍​មិត្តភាព​កម្ពុជា​-​ចិន​

​ខេត្តព្រៃវែង ៖ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​មក​ទទួល​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដែលជា​អំណោយ​សម្តេច​សង្ឃ យិន ស៊ុន អនុប្រធាន​សមាគមន៍​ពុទ្ធសាសនិក និង​ជា​ព្រះចៅអធិការ​វិហារ ហុង ហ្វា នៃ​ទីក្រុង​ស៊ិន​ជិន សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយះ​លោក ឯក សំអុល ប្រធាន​សមាគម​ន៌​មិត្តភាព​កម្ពុជា​-​ចិន ដែល​ប្រព្រឹត្តទៅ​នៅ​ស្នាក់ការ​សមាគមន៍​មិត្តភាព កម្ពុជា​-​ចិន​។​

លោក អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​សង្ឃ យិន ស៊ុន អនុប្រធាន​សមាគមន៍​ពុទ្ធសាសនិក និង​ជា​ព្រះចៅអធិការ​វិហារ ហុង ហ្វា នៃ​ទីក្រុង​ស៊ិន​ជិន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថ្នាក់ដឹកនាំ​នៃ​សមាគមន៍​ទាំងអស់ ដែល​បាន​ចូលរួម​ចែករំលែក​ក្ដី​ស្រឡាញ់ ការគាំទ្រ និង​ការ​ឧបត្ថម​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះ​ដែល ជាការ​រួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៍​កាច​សាហាវ​បំផុត​នាពេលនេះ​។​

លោក​អភិបាលខេត្ត ជូនពរ​សម្តេច​សង្ឃ យិន ស៊ុន​ព្រមទាំង​ឯកឧត្ដម លោកជំទាវ នៃ​សមាគមន៍​នេះ និង​សហការី​ទាំងអស់ សូម​ជួបនឹង​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ជៀស​ផុតពី​ជំងឺ​ដ៍​កាច​សាហាវ​មួយ​នេះ​។​

សូមជម្រាបថា មកដល់ពេលនេះ​ខេត្តព្រៃវែង​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ចំនួន​២.៩០៣​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​១.៦៤៤​នាក់ ខណ​អ្នក​ស្លាប់មាន​ចំនួន​៤៣​នាក់​៕

Related posts