ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រ​ក្ស័​២​រូប​បាន​រងគ្រោះ​ដល់​ជីវិត​អំ​ទ្បុ​ង​ពេល​បំពេញបេសកកម្ម​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ការពារ​ធនធានធម្មជាតិ​ក្នុង​រយពេល​៨​ឆ្នាំ​ចុងក្រោយ​

ក្នុង​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​ថ្ងៃទី​៣១ ខែកក្កដា នេះ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា​ក្នុង​រយពេល​៨​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រ​ក្ស័​២​រូប​បានទទួល​រងគ្រោះថ្នាក់​ដ​ល់​ជីវិត​ដោយសារតែ​ក្រុម​ជនល្មើស​បាញ់សម្លាប់​និង​ជាច្រើន​នាក់​ទៀត​រងរបួស​ក្នុង​អំ​ទ្បុ​ង​ពេល​បំពេញបេសកកម្ម​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​

សូមជម្រាបថា ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ៣១ ខែកក្កដា ដើម្បី​រំលឹក​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​(Rangers) ដែល​ត្រូវបាន​សម្លាប់​ឬ​រងរបួស​ក្នុង​បេសកកម្ម​នៃ​កាតព្វកិច្ច​ការពារ​បរិស្ថាន អភិរក្ស​ធនធានធម្មជាតិ និង​ដើម្បី​អបអរសាទរ​ការងារ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​បំពេញការងារ​ដើម្បី​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​និង​វប្បធម៌​របស់​ពិភពលោក​។​

ដោយ​ទ្បែ​កនៅ​ប្រទេស​កម្ពុជា ក្នុង​រយៈ ពេល ៨ ឆ្នាំ​ចុង​ក្រោយនេះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ២ រូប​បានទទួល​រងគ្រោះថ្នាក់​ដ​ល់​ជីវិត​ដោយសារតែ​ក្រុម​ជនល្មើស​បាន​បាញ់សម្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ក្នុងអំឡុង​បំពេញបេសកកម្ម​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​

ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​ឆ្នាំនេះ ក្រសួងបរិស្ថាន​បានរៀបចំ​ការផ្សព្វផ្សាយ​នូវ​សារសំខាន់ ព្រមទាំង​បាន​ផលិត​ជា​រូបភាព បទ​យកការណ៍ និង​បទ​ចម្រៀង​អំពី​តួនាទី​ភារកិច្ច និង​ការលះបង់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំពោះ​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ​។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន​បានផ្តល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១០០ នាក់​ដែល​បាន​បំពេញការងារ​ឆ្នើម​ផងដែរ​។ បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​នេះ​គឺជា​ភស្តុតាង​បង្ហាញ​ពី​ការលះបង់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំពោះ​ជាតិ និង​ធនធានធម្មជាតិ​។

ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ឧ​ទ្យា​នុ​រក្ស​ប្រចាំឆ្នាំ​លើកដំបូង​នៅ​ឆ្នាំ ២០១៧ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​អង្គការ​ជាតិ​និង​អន្តរជាតិ ព្រះសង្ឃ​ពុទ្ធសាសនា និស្សិត​សហគមន៍​មូលដ្ឋាន​សាធារណជន​ទូទៅ និង​វិស័យ​ឯកជន​។ គោលបំណង​ផ្សេងទៀត​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​តួនាទី​របស់​ឧ​ទ្យា​នុ​រក្ស​នៅ​កម្ពុជា​និង​ជម្រុញ​ឱ្យ​សាធារណជន​ចូលរួម​ជាមួយ​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ការពារ គ្រប់គ្រង អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។

ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​៖១/ ផ្តល់​គុណ​តម្លៃ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​តស៊ូ​លះបង់ និង​បូជាជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​។ ២/​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​អំពី​តួនាទី​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ការតស៊ូ​លះបង់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​សេចក្តី​អង់អាច​ក្លាហាន​។ ៣/​ជំរុញ​និង​លើកទឹកចិត្ត​សាធារណជន​ចូលរួម​ជាមួយនឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​ការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ​និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។​

ក្រសួងបរិស្ថាន​បាន​លើកទឹកចិត្ត​ស្ត្រី​ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​របស់​កម្ពុជា​។ បច្ចុប្បន្ននេះ មន្ត្រី​ឧ​ទ្យា​នុ​រក្សា​ស្ត្រី​ចំនួន ៤២​នាក់ ស្ថិតក្នុង​ចំណោម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស​សរុប ១២០០​នាក់ ដែល​ក្រសួងបរិស្ថាន​បានដាក់​ពង្រាយ​តាម​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៧៥ ទាំង​តាំង​មាន​ទំហំ​ប្រមាណ ៧,៣​លាន​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ២១ ក្នុងប្រទេស​កម្ពុជា​។

ឧ​ទ្យា​នុ​រក្ស​ស្ត្រី​ទាំងនោះ​កំពុង​បំពេញ​តួនាទី​ដូចនឹង​ឧ​ទ្យា​នុ​រក្ស​បុរស​ដែរ ដូច​ជាការ​ល្បាត​ក្នុងព្រៃ ការពង្រឹង​ការអនុវត្ត​ច្បាប់​ចុះបង្ក្រាប​បទល្មើស និង​ការធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​សារៈប្រយោជន៍​នៃ​ធនធានធម្មជាតិ ជីវៈចម្រុះ​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​និង​ជុំវិញ​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​នានា​នៃ​ប្រទេស​កម្ពុជា​។

ទោះបីជា​ការងារ​ជា​ឧ​ទ្យា​នុ​រក្ស​មានការ​លំបាក និង​ប្រឈម​នឹង​គ្រោះថ្នាក់ ក៏ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​បុរស និង​ស្ត្រី ត្រូវបាន​ដាក់ពង្រាយ​ជាប់​ជាប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ ដើម្បី​បំពេញ​តួនាទី​ជា​ឆ្នាំ​ព្រៃ​ការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ ដោយបាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

ក្រសួងបរិស្ថាន​ពិតជា​មាន​មោទកភាព​ដែល​កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែលមាន​ភាព​អង់អាច​ក្លាហាន មាន​មនសិការ​ជាតិ​ខ្ពស់​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​ដែល​កម្ពុ​ជាមាន​សម្រាប់​ម​នុស្ស​រាប់​ជំនាន់​ទៀត​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ឆ្មាំ​ព្រៃ​មិនមែន​ត្រឹមតែ​បំពេញភារកិច្ច​តាម​តួនាទី​ឯកសណ្ឋាន​ប៉ុណ្ណោះ​ទេ តែ​ជា​ឪពុកម្តាយ​ដែល​កំពុង​ថែរក្សា​ធនធានធម្មជាតិ​សម្រាប់​កូនៗ​ជំនាន់​ក្រោយ នៅ​ពី​ក្រោយខ្នង​នៃ​ទេស​ភាពល្អ​ស្អាត សម្រស់​ធម្មជាតិ​ព្រៃឈើ សត្វព្រៃ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា គឺ​ដោយសារតែ​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ឆ្លងកាត់​រាល់​គ្រប់​ឧបសគ្គ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅតាម​តំបន់ការពារធម្មជាតិ​និង​របៀង អភិរក្ស​ជីវៈចម្រុះ​នានា​នៅ​កម្ពុជា ជាការ​លះបង់​ដែល​ត្រូវបាន ទទួល​ការគោរព និង​កោតសរសើរ ហើយ​ពួកគាត់​ជា​វីរជន​បរិស្ថាន​និង​ព្រៃឈើ​ពិតប្រាកដ​!​ក្រៅពី​ជា​ឆ្មាំ​ព្រៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏​ជា​កូនចៅ​ប្រជាជន​ជួយ​ទុក្ខ​ធុរៈ​ប្រជាជន បម្រើប្រជាជន​។​

កម្ពុ​ជាមាន​មោទកភាព​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលខ្លះ​ប្រឈម​នឹង​ការលះបង់​អាយុជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​។ ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ដែល​លោកអ្នក​បាន​ទស្សនា​កម្សាន្ត​នៅតាម​តំបន់ការពារធម្មជាតិ​នានា​កើតចេញពី​កិច្ចខិតខំ ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់​ទាំងយប់​ទាំង​ថ្ងៃ​ក្នុង​ការចុះ​ល្បាត ការអនុវត្ត​ច្បាប់ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ អប់រំ​និង​ផ្សព្វផ្សាយ​។​

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន​បាននិងកំពុង​បន្ត​បេសកកម្ម​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​និង​វិជ្ជាជីវៈ​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។ ក្រៅពី​បំពេញ​តួនាទី​ជា​ឆ្មាំ​ព្រៃ​ការពារ​ទីជម្រក ប្រភព​ចំណី និង​ទឹក​សម្រាប់​សត្វព្រៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ចូលរួម​ក្នុងការ​សិក្សា​ចងក្រង​ទិន្នន័យ​អំពី​ជីវៈចម្រុះ​នៅក្នុង​តំបន់ការពារធម្មជាតិ​ជាមួយ​មន្ត្រី​ជំនាញ​ពី​សត្វព្រៃ​ផងដែរ​។​

រយៈពេល​៦​ខែ ឆ្នាំ​២០២១ ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២១ ដូចគ្នា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ សរុប​បាន​ចំនួន ១៤,៤២២​លើក​ក្នុង នោះបាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន ៤,២៣៨​ករណី​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​រឹបអូស​រណា​យន្ត​បាន​ចំនួន ២,៤៦២​គ្រឿង ដកហូត​រថយន្ត​ចំនួន ១៨២​គ្រឿង គោយន្ត​ចំនួន ៣០៨​គ្រឿង ម៉ូតូ​ចំនួន ៣៣៦​គ្រឿង ត្រាក់ទ័រ​ចំនួន ២៤​គ្រឿង ឈើ​ចំនួន ១,២៦០​ម៉ែត្រគូប​។ ជាមួយគ្នានេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចំនួន ២៥,៥៩៦​អន្ទាក់ និង​កាំភ្លើង​កែច្នៃ​ចំនួន ៣៤៨​ដើម​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា