បរទេស ៖ ក្រុមបាតុករអាហ្វហ្គានីស្ថានបានប្រឆាំងពួកបះបោរតាលីបង់នៅថ្ងៃទី២ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្រវីទង់ជាតិរបស់ពួកគេនៅក្នុងការធ្វើបាតុកម្មជាច្រើនកន្លែង ហើយក្រុមយុទ្ធជនតាលីបង់បានឆ្លើយតបជាថ្មីម្តងទៀតដោយហិង្សា ខណៈពួកគេប្រឈមនឹងបញ្ហាកំពុងកើនឡើងចំពោះការគ្រប់គ្រងរបស់ពួកគេ។
កាលពីថ្ងៃព្រហស្បតិ៍ ក្បួនរថយន្ត និងមនុស្សនៅជិតអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល បានកាន់បដាពណ៌ខ្មៅ ក្រហម និងបៃតងវែងៗ ដើម្បីបង្ហាញការគោរពទង់ជាតិអាហ្វហ្គានីស្ថាន ជាបដាមួយដែលកំពុងក្លាយជានិមិត្តរូបនៃការប្រឆាំង នឹងរបបដឹកនាំរបស់ពួកតាលីបង់។
ការតវ៉ាមួយទៀតនៅខេត្ត Nangarhar បានបង្ហាញពីបាតុករម្នាក់ហូរឈាមត្រូវរបួសដោយគ្រាប់កាំភ្លើង។ នៅខេត្ត Khost ក្រុមអាជ្ញាធរតាលីបង់បានដាក់បម្រាមគោចរ ២៤ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបំបែកការតវ៉ាមួយទៀតដោយហិង្សា នេះបើយោងតាមព័ត៌មានដែលទទួលបានដោយអ្នកសារព័ត៌មាន ដែលឃ្លាំមើលស្ថានការណ៍វឹកវរពីបរទេស។
យ៉ាងណាមិញគេមិនទាន់ដឹងច្បាស់ភ្លាមៗថា មានអ្នកស្លាប់ ឬរបួសឬអត់ក្នុងការតវ៉ាប្រឆាំងពួកបះបោរតាលីបង់នោះទេ៕