ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា ត្រៀម​យានយន្ត​ជាង​១៤០០​គ្រឿង សម្រាប់​ចេញ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

​រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា ខ្លួន បាន​ត្រៀម​រួចរាល់​ហើយ នូវ​ឧបករណ៍​សង្គ្រោះបន្ទាន់ និង​យានជំនិះ​ផ្សេងៗ​សរុប​ជាង ១៤០០​គ្រឿង ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​អាច​នឹង​ជួប​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់​ក្នុង​រដូវវស្សា ឆ្នាំ​២០២១​នេះ​។​ការត្រៀម​លក្ខណៈ​នេះ​ត្រូវបាន​រំលេច​ក្នុង របាយការណ៍​ស្តីពី លទ្ធផល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​ខែសីហា និង​ទិសដៅ​អនុវត្ត​ខែកញ្ញា ឆ្នាំ​២០២១​។​

តាម​របាយ​ការ​ណ៏​បាន​បន្ថែមថា ទន្ទឹមនឹងនោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏បាន​ធ្វើការ​ពិនិត្យ​តាមដាន​ជាប្រចាំ​អំពី​ស្ថានភាព​អាកាសធាតុ ដែល​ងាយ​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវវស្សា ជាពិសេស​នៅ​តំបន់​ភាគ​ពាយ័ព្យ និង​តំបន់​ឆ្នេរសមុទ្រ​ផងដែរ​។​ផ្តើម​ពី​នោះ ក្រុមការងារ​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​តំបន់​ភូមិសាស្ត្រ​តាម​ដង​ទន្លេមេគង្គ សម្រាប់​ការត្រៀម​លក្ខណៈ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ចំពោះ​គ្រោះទឹកជំនន់​ទន្លេមេគង្គ និង​ពង្រឹងពង្រីក​ការងារ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​គ្រោះមហន្តរាយ មាន​ប្រព័ន្ធ​១២៩៤ និង​ប្រព័ន្ធ​PRISM ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ​សម្រាប់​ឆ្លើយតប និង​អន្តរាគមន៍​ជួយសង្គ្រោះ​។ ក្រៅពីនេះ ក៏បាន​ត្រៀម​រថយន្ត​ធំ​ចំនួន ១ ២០៦​គ្រឿង អូប័រ​ចំនួន ១៧៩​គ្រឿង និង​កាណូត​ល្បឿន​លឿន​ចំនួន ៣២០​គ្រឿង សម្រាប់​ជួយសង្គ្រោះ​ពលរដ្ឋ​រង​ការប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​ក្នុង​រដូវវស្សា​ឆ្នាំនេះ​។​

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បានទទួល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង​២៤ ក្នុងនោះ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ រងគ្រោះ​ធ្ងន់ធ្ងរ បង្កឱ្យមាន​មនុស្ស​ស្លាប់​ចំនួន ៥៨​នាក់ រង​ផលប៉ះពាល់​ចំនួន ២២២៨៩២​គ្រួសារ និង​ពលរដ្ឋ ជម្លៀស​សរុប​ចំនួន ១៧ ៥១៧​គ្រួសារ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា