ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បញ្ជូន​ជនសង្ស័យ​២​នាក់ ករណី​លួច​ម៉ូតូ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​

​ខេត្តបន្ទាយមានជ័យ ៖ យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ សាយ សំអាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី​ករណី​បាត់​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឃ្លិ​ច ពណ៌​ស ផលិត​ឆ្នាំ​២០១៧ គ្មាន​ផ្លាកលេខ ក្នុងខណ​ជនរងគ្រោះ​ចត​ទុក​មុខ​តូប​លក់ដូរ​ដោយ​ភ្លេច​ដក​កូនសោរ កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ ។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​រួច លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៣៩​នាទី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ១/.​ឈ្មោះ ប លី​ណា ហៅ សី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ប៉ោយប៉ែត ២/.​ឈ្មោះ ពេជ្រ សីហា ហៅ ឆៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

ជនសង្ស័យ​ទាំង​០២​នាក់​ក្រោយពី​សម្ថ​កិច្ច​ឃាត់ខ្លួន ត្រូវបាន​បញ្ជូនមក​មូ​ល​ដ្ឋា​ន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ​ចម្លើយ ។ ក្រោយពី​សាកសួរ​ចម្លើយ​រួច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​បាន​ប្រកប​របរ​ដើរ​រើស​អេតចាយ​ជា​រៀងរាល់​យប់ ហើយ​នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ ពួកគេ​បាន​ដើរ​រើស​អេតចាយ​រហូតដល់​ម៉ោងជាង​១២​យប់ ស្រាប់តែ​ឃើញ​ម៉ូតូ​០១​គ្រឿង​ដូច​មាន​ភិនភាគ​ក្នុង​ពាក្យបណ្ដឹង​ចត​ទុកចោល​នៅមុខ​តូប​លក់ដូរ ហើយ​មាន​ទាំង​កូនសោរ​នៅជាប់​នឹង​ម៉ូតូ​ទៀតផង ហើយ​ពួកគេ​ក៏​នាំគ្នា​លួច​យក​ម៉ូតូ​នោះ​តែម្ដង ហើយ​ជិះ​យកទៅដាក់​បញ្ចាំ​ឱ្យ​សន្តិសុខ​ម្នាក់​មិន​ស្គាល់ឈ្មោះ ធ្វើការ​នៅកាស៊ី​ណូ​នាគ​ទិព្វ បាន​លុយ​ថៃ​ចំនួន ១៥,០០០​បាត​(​មួយ​ម៉ឺន​ប្រាំ​ពាន់​បាត​) ហើយ​នាំគ្នា​យកលុយ​នោះ​ដើរ​ស៊ីចាយ​អស់ ។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានបញ្ជាក់​ទៀតថា ដោយ​ផ្អែកលើ​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​០២​នាក់ ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​បន្ត​។​ចំណែក​អ្នកទទួល​បញ្ចាំ​ម៉ូតូ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្តទៀត ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា