ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ថោង ខុន ណែ​នាំឱ្យ​គណៈកម្មការ​អន្តរក្រសួង អនុវត្ត​ផែនការ​គ្រប់គ្រង​គោលដៅ​មាន​សុវត្ថិភាព​ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យបាន​រួចរាល់​មុន​ខែវិច្ឆិកា​

​រាជធានី​ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​ក្រុមការងារ​គណៈកម្មការ​អន្តរក្រសួង យក​ផែនការ​គ្រប់គ្រង​គោលដៅ​មាន​សុវត្ថិភាព ចាប់ផ្តើម​អនុវត្តន៍​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ធ្វើ​ការឱ្យ​ជាក់លាក់​ជាមួយ​រដ្ឋបាលខេត្ត ដោយ​អនុវត្តន៍​តាម​វិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា (SOP) ឱ្យបាន​រួចរាល់​មុន​ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ដើម្បី​ត្រៀម​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​ខែមករា ឆ្នាំ​២០២២ (ASEAN Tourism Forum 2022) ខាងមុខ​។​

លោក ថោង ខុន បាន​ណែនាំ​ដូចនេះ​នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​វេទិកា​ទេសចរណ៍ អាស៊ាន​ឆ្នាំ​២០២២ (ASEAN Tourism Forum 2022) នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ (Zoom Meeting)​។​

​សូមជម្រាបថា ស្តង់ដា​អ​ប្បរមា (SOP) របស់​ក្រសួងទេសចរណ៍​រូ​ម​មាន​៖ នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​, នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​, នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​រមណី​ដ្ឋា​ន​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​។​

លោក​ថោង ខុន ក៏បាន​ឱ្យដឹងថា វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ (ATF 2022) នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ក្រោម​ប្រធានបទ «​អាស៊ាន​៖ សហគមន៍​សន្តិភាព និង​វាសនា​តែមួយ (ASEAN – A Community of Peace and Shared Future)» ដើម្បី​ឆ្ពោះទៅ​ការស្តារ​វិស័យ​ទេសចរណ៍ និង​ការបើក​ឡើងវិញ​នូវ​វិស័យនេះ​ក្នុង​តំបន់​ប្រកបដោយ​ភាព​ធន់ និរន្តរភាព និង​ភាព​ទទួលខុសត្រូវ​នាពេល​អនាគត​។​

លោក​ក៏បាន​ណែនាំ​ដល់​គណៈកម្មការ​អន្តរក្រសួង រួមទាំង​អ្នក​ដែល​ត្រូវធ្វើ​បដិសណ្ឋារកិច្ច​នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ ដាច់ខាត​គួរ​ត្រូវបាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ធានាបាន​សុ​ត្ថិ​ភាព​ខ្ពស់​។ ជាមួយគ្នា​នោះ​ក៏ត្រូវ​ត្រៀម​ជាមុន និង​ឱ្យបាន​រួចរាល់​ក្នុងការ​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ជូន​ភ្ញៀវ​ឱ្យ​បានល្អ​ផងដែរ​។​

លោក ថោង ខុន បានបញ្ជាក់​ទៀតថា វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២​នេះ ដែល​ធ្វើឡើង​នៅក្នុង​ក្រុងព្រះសីហនុ​នេះ ពិតជា​ស័ក្តិសម​ដោយសារ​ខេត្ត​នេះ បាន​កសាង​ប្រព័ន្ធ​ហេ​ដ្ឋ​រចនា​សម្ពន្ធ​បាន​រួចហើយ​ទាំង​ក្នុង​ទីក្រុង និង​នៅតាម​មាត់​ឆ្នេរសមុទ្រ ហើយ​ការរៀបចំ​កែលម្អ​សោភ័ណភាព​ឆ្នេរសមុទ្រ​ទាំងឡាយ ក៏បាន​ស្អាត​គួរ​ជាទី​ទាក់ទាញ​។ ជាមួយគ្នា​នោះ ក្រុងព្រះសីហនុ​មិន​ត្រឹមតែ​បានរៀបចំ​ស្អាត​រួចហើយ​នោះទេ ហើយ​ទីតាំង​រៀ​ចំ​កម្មវិធី​ក៏​ទូលាយ នៅ​ក្នង បរិវេណ​នៃ សណ្ឋាគារ និង រម​និ​យ​ដ្ឋា​ន​មួយ ធំ​ទូលាយ ងាយស្រួល​ក្នុងការ​គ្រប់គ្រង រាល់​សកម្មភាព និង​មិនមាន​ហានិភ័យ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ខ្ពស់​នោះទេ​។​

សូមបញ្ជាក់ថា នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២​នេះ នឹងមាន​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំ​អាស៊ាន​បូក​បី (​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​) កិច្ចប្រជុំ​អាស៊ាន បូក​មួយ (​អាស៊ាន​-​ឥណ្ឌា – រុស្សី​) និង​អាចមាន​កិច្ចប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ផ្នែក​ឯកជន (ASEANTA Meetings) និង​សិក្ខាសាលា​នានា​ជាច្រើន ដែល​កិច្ចប្រជុំ​មួយចំនួន​អាច​នឹង ធ្វើ​តាមរបៀប​កូនកាត់ លើកលែងតែ​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ អាស៊ាន ១០ ដែល​អាច​ប្រជុំ​ដោយផ្ទាល់​។​រីឯ​ការតាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ដែលជា​វេទិកា​ធុរកិច្ច​ទេសចរណ៍​ដ៏​សំខាន់​នោះ ក៏​នឹងត្រូវ​រៀបចំឡើង​ក្នុង​ទំហំ​មួយ ដែល​អាច​គ្រប់គ្រង​បាន​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130