ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស ៦ នាក់​រងរបួស​ស្រប​ពេលដែល​ព្យុះ​ទី​ហ្វុ​ង​ចាន់ធូ ឆ្លងកាត់​ប្រទេស​ជប៉ុន​

តូ​ក្យូ​៖ ព្យុះ​ទី​ហ្វុ​ង​ចាន់ធូ​បានធ្វើ​ដំណើរ​ចេញពី​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​នៃ​ភាគ​កណ្តាល និង​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​បាន​បោកបក់​ទៅលើ​តំបន់​ភាគ​ខាងលិច​បណ្តាលឱ្យ​មនុស្ស​យ៉ាងតិច ៦ នាក់​រងរបួស ស្របពេល​ដែលមាន​ខ្យល់​បក់បោក​ខ្លាំង​។​

ព្យុះ​នេះ​ត្រូវបាន​ព្យាករណ៍​ថា​នឹង​បន្ត​បោកបក់​ឆ្ពោះទៅ​ទិសខាងកើត​ជា​បន្តទៀត​។ ប៉ុន្តែ​ទីភ្នាក់ងារ​នៃ​ក្រសួង​ឧតុនិយម​ជប៉ុន​បាន​ព្រមាន​ថា ហានិភ័យ​នៃ​ការបាក់​ដី ការ​ជន់​លិច និង​រលក​ខ្ពស់ ៗ នឹង​នៅតែមាន ជាពិសេស​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ផ្ទាល់​តែម្ដង​។​

ព្យុះ​ទី​ហ្វុ​ង​នេះ​បាន​បោកបក់​មកលើ​កោះ​គ្យូស៊ូ​ភាគ​និរតី​នៃ​ប្រទេស កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ហើយ​បាន​រំកិល​ទៅ​ទិសខាងកើត​មុននឹង​វាយប្រហារ​តំបន់​ស៊ី​កូ​គូ និង​គីន​គី​។​

រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយថា នៅក្នុង​ខេត្ត Wakayama នៃ​ទីក្រុង Mihama មាន​ខ្យល់​បក់បោក​យ៉ាងខ្លាំង ដែល​បាន​បំផ្លាញ​ក្បឿង​ដំបូលផ្ទះ​ប្រហែល ៥០ ខ្នង នឹង​បាន​បំបែក​កញ្ចក់​បង្អួច នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ផ្ទាល់​តែម្ដង ដែល​បណ្ដាល​ឲ្យ​ក្មេងប្រុស​ជំទង់​ម្នាក់​បាន​រងរបួស​ដោយ​សារ​តែ​ការ​កញ្ចក់​បែក​នោះ​។​

យោងតាម​ក្រុម​អ្នក​ជួយសង្គ្រោះ​បានឱ្យដឹងថា​មាន​មនុស្ស ៥ នាក់​ដែល​បាន​រងរបួស​នៅ​ក្យូស៊ូ​ដោយសារ​អាកាសធាតុ​មាន​ព្យុះ​នេះ​។ ក្រុមហ៊ុន​ផ្លូវដែក​អូ​ដា​ឃ្យូ​អេឡិចត្រូនិក​បាន​ផ្អាក​សេវាកម្ម Romancecar របស់ខ្លួន​ជា​បណ្ដោះអាសន្ន​ហើយ​។​

សេវាកម្ម​រថភ្លើង​នៅលើ​ខ្សែ Sanyo Shinkansen Line បាន​ដំណើរការ​ឡើងវិញ​ហើយ នៅ​ថ្ងៃ​សុក្រ កន្លងទៅនេះ​បន្ទាប់ពី​ក្រុមហ៊ុន West Japan Railway Co នេះ​បាន​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​នាពេល​កន្លងទៅ ដោយសារតែ​មានការ​រំខាន​ពី​បញ្ហា​អាកាសធាតុ​មួយចំនួន​។​.​ភ្នំពេញ​ថ្មី​៕ ប្រភព​៖ Kyodo News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130