ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​អាប់​ដា​ឡា​របស់​គុយបា​

ហាណូយ​៖ រដ្ឋាភិបាល​ប្រទេស​វៀតណាម​បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា វៀតណាម​នឹង​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​អាប់​ដា​ឡា​របស់​គុយបា​សម្រាប់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ខណ​ប្រទេស​នៅក្នុង​អាស៊ីអាគ្នេយ៍​មួយ​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​ករណី​ឆ្លង​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​។​

អាប់​ដា​ឡា​ក្លាយជា​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ទី ៨ ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​នៅ​វៀតណាម ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ទាប​បំផុត​នៅក្នុង​តំបន់​ដោយ​មានតែ ៦.៣ ភាគរយ​នៃ​ប្រជាជន ៩៨ លាន​នាក់​ប៉ុណ្ណោះ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង យ៉ាងហោចណាស់ ២ ដូ​ស​។​

ការប្រកាស​នេះ​បានធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធានាធិបតី​ង្វៀន​សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) បាន​ចាក​ចេញពី​ទីក្រុង​ហាណូយ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហា​វ៉ា​ណា​។​

រដ្ឋាភិបាល​បានបង្ហាញ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​“ ក្រសួងសុខាភិបាល​បានអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង អាប់​ដា​ឡា ដោយ​ផ្អែកលើ​តម្រូវការ​បន្ទាន់​របស់​ប្រទេស សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩” ។​

កាលពី​ខែ​មុន ក្រសួង​បានប្រកាសថា ប្រទេស​គុយបា​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​អាប់​ដា​ឡា​ក្នុង​បរិមាណ​ដ៏​ច្រើន​មួយ ដល់​ប្រទេស​វៀតណាម និង​ការផ្ទេរ​បច្ចេកវិទ្យា​ផលិតកម្ម​នៅ​ចុង​ឆ្នាំនេះ​ផ្ទាល់​តែម្ដង​។​

វៀតណាម និង​គុយបា​ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង ៥ ដែល​ស្ថិតក្រោម​របប​កុ​ម្មុយ​និ​ស្ត នៅលើ​ពិភពលោក​រួមជាមួយ ចិន ឡាវ និង​កូរ៉េខាងជើង​ផងដែរ​។​

នៅ​ខែកក្កដា កន្លងទៅ ប្រទេស​វៀតណាម​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ចប់​គោលនយោបាយ​អរិភាពរ​បស់​ខ្លួន​ចំពោះ​ប្រទេស​គុយបា និង​ដក​ការហ៊ុមព័ទ្ធ​ពាណិជ្ជកម្ម​ដែលមាន​ជា​យូរ​មកហើយ បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​រដ្ឋា​ភិល​នៅលើ​កោះ​នោះ​។​

កន្លងមក​ប្រទេស​គុយបា​បានប្រកាសថា​វ៉ាក់សាំង​អាប់​ដា​ឡា​ចំនួន ៣ ដូ​ស របស់ខ្លួន​អាច​ប្រឆាំងនឹង​មេរោគ​កូ​វីដ ១៩ ដែលមាន​ប្រសិទ្ធភាព​ដល់​ទៅ ៩២,២៨ ភាគរយ ឯណោះ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា