ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សហគ្រាស​ផលិត​កែវ​ក្រដាស​និង​បំពង់​បឺត​បោះទុន​វិនិយោគ​៥​លាន​ដុល្លារ​ក្នុង​ទឹកដី​ស្រុក​ក្រគរ​

យោងតាម​ប្រភពពី​រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា សហគ្រាស​ផលិត​កែវ​ក្រដាស និង​បំពង់​បឺត​ធ្វើ​ពី​អង្ករ​ខ្មែរ ពោត និង​ដំឡូង បោះទុន​វិនិយោគ​ជាង​៥​លាន​ដុល្លារ ក្នុង​ទឹកដី​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

ប្រភព​ខាងលើ​បញ្ជាក់ថា សហគ្រាស TK & D បាន​បណ្តាក់​ទុនវិនិយោគ លើទឹក​ប្រាក់​ប្រមាណ​ជាង​៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ នៃ​ខេត្តពោធិ៍សាត់ ដើម្បី​ផលិត​កែវ​ក្រដាស និង​បំពង់​បឺត​ធ្វើ​ពី​អង្ករ​ខ្មែរ ពោត និង​ដំឡូង ដែលជា​ផលិតផល​កកើត​ឡើងមក (​អាច​បរិភោគបាន​) ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន ជាពិសេស​កាត់បន្ថយ​កាកសំណល់​ប្លា​ស្ទិ​ក​នៅក្នុង​សង្គមជាតិ​យើង​។

សហគ្រាស​នេះ ត្រូវបាន​កាត់​ខ្សែបូ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ក្រោម​វត្តមាន​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​អស់លោក លោកជំទាវ និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ផ្សេងទៀត​។

បើតាម​លោកជំទាវ ទិ​ត សុខុម ស្ថាបនិក​សហគ្រាស TK & D បានឱ្យដឹងថា ដោយ​សង្កេតឃើញ​តាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន បាន​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​បញ្ហា​សុខភាព អនាម័យ និង​បរិស្ថាន និង​ដោយមាន​ទឹកចិត្ត​ស្រលាញ់​ជាតិ​ផង​នោះ ទើប​ក្រុមការងារ​របស់លោក​ជំទាវ បាន​បង្កើត​សហគ្រាស​នេះ​ឡើង ដើម្បី​ការពារ​បរិស្ថាន និង​ដើម្បី​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​កម្ពុជា និយាយ​ជារួម​នឹង​និយាយ​ដោយឡែក​សេដ្ឋកិច្ច​ក្នុង​ខេត្តពោធិ៍សាត់ ឱ្យមាន​ការរីកចម្រើន ក្រោម​ដំបូល​សុខសន្តិភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។

លោកជំទាវ​បន្ថែមថា សហគ្រាស TK & D នឹងធ្វើ​ការផលិត​កែវ​ក្រដាស និង​បំពង់​បឺត​ធ្វើ​ពី​ម្សៅ​អង្ករ ម្សៅពោត និង​ម្សៅដំឡូង ដែល​អាច​ពិសា​បាន សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដោយ​មិន​ប្រើ​សារធាតុ​គីមី​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន ជាពិសេស​កាត់បន្ថយ​កាកសំណល់​ប្លា​ស្ទិ​ក បង្កើត​ភាព​បៃតង​នៅ​កម្ពុជា​។ លោកជំទាវ​បាន​បន្តថា សហគ្រាស​នេះដែរ បាន​សហការគ្នា​ចូលរួម​បណ្តាក់ទុន​វិនិយោគ លើទឹក​ប្រាក់​ប្រមាណ​ជាង​៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅលើ​ផ្ទៃដី​ប្រមាណ​ជាង​២​ហិកតា ក្នុងភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​អាច​ស្រូបយក​នូវ​ទីផ្សារពលកម្ម ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង បាន​ប្រមាណ​ជាង​១០០​នាក់​។

លោក ម៉ៅ ធនិន បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការវិនិយោគ​នេះ និង​សូម​ស្នើ​ដល់​សហគ្រាស ឱ្យទទួល​ទិញ​ផលិតផល​ដើម ដែល​បងប្អូន​ប្រជាកសិករ​ក្នុង​ខេត្ត​ធ្វើ​ការដាំដុះ និង​ប្រមូល​ផល​បាន សម្រាប់​ផ្គត់ផ្គង់​ក្នុង​តម្រូវ​ការផលិត​កែវ​ក្រដាស និង​បំពង់​បឺត​ធ្វើ​ពី​អង្ករ​ខ្មែរ ពោត និង​ដំឡូង​នេះ​។

លោក​ក៏​សូមឱ្យ​សហគ្រាស​នេះ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន បាន​កាន់តែ​ច្រើនឡើង ក្នុង​ចូលរួមចំណែក​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុង​ខេត្ត ក៏​ដូច​សេដ្ឋកិច្ចកម្ពុជា​យើង ឱ្យបាន​ការទទួលស្គាល់​ពី​ឆាក​អន្តរជាតិ​៕ ប្រភព​៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា