ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្ទុះ​គ្រាប់បែក​បង្កៃ​បណ្តាល​ឲ្យ​ស្លាប់​បុរស​អ្នក​ដាក់​ទ្រូ​ម្នាក់​នៅ​ស្រុក​ក្រឡាញ់​

​ខេត្តសៀមរាប​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុងករណី​ផ្ទុះ​ផ្ទុះ​គ្រាប់បែក​បង្កៃ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​យកទៅ​បង្កៃ​ជាប់​នឹង​ទ្រូ​ដាក់​ត្រី​របស់​ជនរងគ្រោះ ដែល​កំពុង​ដាក់​ត្រី​ក្នុង​ស្រែ​។ ករណីនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​

សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​រំដេង ដែល​បាន​រាយការណ៍​ថា នៅវេលា​ម៉ោង​ប្រហែល ៩:៤០​នាទី​ព្រឹក រូបគាត់​បាន​ទៅ​ស្ទូង​(​ជួស​)​ស្រូវ​នៅ​វាលស្រែ​ខាងលិច​ភូមិ​ប្រហែល ៣០០​ម៉ែត្រ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់​។​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពេល​គាត់​ទៅដល់​ស្រែ បានឃើញ​មាន​ធុង​ពណ៌​ស​នៅលើ​ភ្លឺស្រែ​ដែលមាន​ចម្ងាយ​ប្រហែល ៨០​ម៉ែត្រ ប៉ុន្តែ​មិនឃើញ​មាន​មនុស្ស​ទេ ពេលនោះ​គាត់​ក៏បាន​ដើរទៅ​មើល ក៏​ឃើញ​មនុស្ស​ដេកស្លាប់​ក្បែរ​ធុង​ពណ៌​ស​នោះ គាត់​ក៏បាន​ទៅប្រាប់​គ្នីគ្នា​មក​មើល និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ​។​

ក្រោយ​សមត្ថកិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទើប​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឆាវ រ៉ា​យ ភេទ​ប្រុស​អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​(​ស្លាប់​ដោយ​កា​ផ្ទុះ​គ្រាប់បែក​) ដោយ​ជន​មិន​ស្គាល់មុខ​លួច​បង្កៃ​គ្រាប់បែក ដាក់​ជាប់​នឹង​ទ្រូ​របស់​ជនរងគ្រោះ​។​

​យោងតាម​ការបំភ្លឺ​ពី​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​គឺ ឈ្មោះ ឆាវ រ៉ិ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ថា ពុក​របស់គាត់​ដាក់​ទ្រូ​នៅ​ផ្លូវ​រទេះ​ចាស់​រយៈពេល​ជិត ១០​ឆ្នាំ មកហើយ​។ ឆ្នាំនេះ​គាត់​ទៅ​ដាក់​ទ្រូ​កន្លែងចាស់​នោះ​ប្រហែល ៦-៧​ថ្ងៃ​មកហើយ ព្រោះ​ទើប​មានទឹក ហើយ​រៀងរាល់​ព្រឹក​ម៉ោង ៦:៣០ គាត់​តែងតែ​ទៅ​មើល​ទ្រូ​របស់គាត់​ជាធម្មតា​។ លុះដល់​ម៉ោង​ប្រហែល ៨:០០ ជនរងគ្រោះ​គាត់​ត្រឡប់ទៅផ្ទះ​វិញ​។ ប៉ុន្តែ​ព្រឹក​ថ្ងៃកើតហេតុ កូន​ដាំបាយ​ឆ្អិន​ចាំ​ពុក​គាត់​ដល់​ម៉ោង​៩:៣០​នាទី នៅតែ​មិនឃើញ​ដល់ផ្ទះ ទើប​គាត់​ទៅតាម​ដល់​កន្លែង​ដាក់​ទ្រូ ទើប​ដឹងថា ពុក​គាត់​បាន​ស្លាប់​នៅ​កន្លែង​ដាក់​ទ្រូ​បាត់ទៅហើយ​។​

តាម​ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល ៧៖២០​នាទី ពួកគាត់ បានឮ​សំឡេង​ផ្ទុះ​ដែរ ប៉ុន្តែ​ស្មានថា​ផ្ទុះ​កង់​រថយន្ត ឬ​ជា​ស្នូរ​ផ្គរ​រន្ទះ ព្រោះ​ពេលនោះ​មេឃ​កំពុងតែ​ភ្លៀង​ថែមទៀត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា