កាប៊ុល៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាន រាយការណ៍ថា មានគ្រូពេទ្យវះកាត់ម្នាក់ និងសមាជិក ៦ នាក់នៅក្នុងគ្រួសាររបស់គាត់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចោល នៅខេត្តបាកឡាន (Baghlan) ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃពុធម្សិលមិញនេះ។.ភ្នំពេញថ្មី
សមាជិកក្រុមប្រឹក្សាស្រុកម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួ (Xinhua NEWS) ថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់លោកវេជ្ជបណ្ឌិត Zainuddin Jarrah ដែលជាគ្រូពេទ្យវះកាត់ដ៏ល្បីឈ្មោះមួយរូបនៅក្នុងភូមិ Deh-e Yak នៃស្រុក Andarab ក្នុងទីក្រុង Baghlan នៅថ្ងៃពុធម្សិលមិញនេះវេលាម៉ោងប្រហែល ១០ យប់ ដែលខ្មាន់កាំភ្លើងនោះបានទៅសម្លាប់លោកដល់ក្នុងផ្ទះតែម្ដង និងបានបាញ់សម្លាប់សមាជិកគ្រួសាររបស់លោក ៦ នាក់បន្ថែមទៀត។
អាជ្ញាធរតាលីបង់ បានបញ្ជាក់ប្រាប់អ្នកភូមិថា អាជ្ញាធរនឹងបើកការស៊ើបអង្កេតទៅលើឧបទ្ទវហេតុបាញ់ប្រហារខាងលើនេះ ហើយចំណែកជនដៃដល់នឹងត្រូវនាំយកមកកាត់ទោសឲ្យខានតែបាន។
គួរបញ្ជាក់ថា ស្រុក ភូមិនេះ គឺជាតំបន់ដែលធ្លាប់មានការប៉ះទង្គិចគ្នារវាងសមាជិកតាលីបង់ និងយុទ្ធជនប្រឆាំងនឹងតាលីបង់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕.
ប្រភព៖ Xinhua NEWS