ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​

​ខេត្តរតនគិរី​÷ នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​។

​ពិធី​ប្រកាស​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក ជៀង អំ ប្រធាន​ក្រុម​ការ​​ងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី លោក លោក ជំទាវ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខេត្តរតនគិរី​ជាច្រើនរូប​ទៀតផង​ដែរ​។​

​តាម​ព្រះរាជក្រឹត្យ​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​លោក ញ៉ែម សំអឿន ជា​អភិបាល​នៃ គណៈ​អភិបាលខេត្ត​រតនគិរី ខណៈដែល​អតីត​អភិបាលខេត្ត​រតនគិរី​លោក ថង សាវុន ត្រូវបាន​ត្រាស់បង្គាប់​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​ខេត្តរតនគិរី​ទៅជា​អភិបាលខេត្ត​មណ្ឌលគិរី​។​

​បន្ទាប់ពី​ប្រសាសន៍​ស្វាគមន៍​និង​រាយការណ៍​ពី​ស្ថានភាព​ភូមិសាស្ត្រ​ស្ថានភាព​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​រដ្ឋបាលខេត្ត​ពី​សំណាក់​លោក ថង សាវុន រួចមក​លោក ញ៉ែម សំអឿន ដែល​ទើប​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី​បាន​ប្ដេជ្ញាចិត្ត លើកកម្ពស់​សេវា​សង្គម កសាង កែលម្អ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ស្របតាម​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ប្រកបដោយ​សមធម៌ និង​មាន​ចីរភាព ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​បន្ត​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ករណី​ទំនាស់​ផ្សេងៗ​ទៀត ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់ របស់​ប្រជាពលរដ្ឋ ព្រមទាំង ខិតខំ និង​បន្ត​ពង្រឹង​ផ្សព្វផ្សាយ​ជំរុញ ឲ្យ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​រួមគ្នា​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅ​គ្រប់​មូលដ្ឋាន​។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងអំណរគុណ និង​សម្ដែង​នូវ​ការកោតសរសើរ​ដល់ លោក ថង សាវុន ដែល​បាន​ដឹកនាំ​មន្ត្រីរាជការ និង​កងកម្លាំង​ចំណុះ​រដ្ឋបាល​ខេត្តរតនគិរី ខិតខំ​យកចិត្តទុកដាក់​បម្រើ​ជាតិ និង​ប្រជាជន ពិសេស​ការខិតខំ​អនុវត្តតាម​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​ខិតខំ​បំពេញភារកិច្ច​ជាច្រើន​ទៀត​ដើម្បី​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​អភិវឌ្ឍន៍​ខេត្ត​ក្នុង​រយៈពេល​កន្លងមក​។​

​សម្ដេច​ក្រឡាហោម ក៏បាន​គូសបញ្ជាក់​អំពី​កិច្ចការ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្តរតនគិរី​ត្រូវ​យកចិត្តទុកដាក់​នាពេល​បន្តបន្ទាប់​ខាងមុខនេះ ដូចជា​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ជាដើម​។ ជាមួយគ្នានេះ​សម្ដេច​ក៏បាន​គូសបញ្ជាក់​អំពី​ការការពារ​សន្តិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ដែលជា​បញ្ហា​គន្លឹះ​នាំឱ្យ​វិស័យ​ផ្សេងៗ​ទៀត​ដំណើរការ​ទៅបាន​។ សម្ដេច​បាន​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឲ្យ​បានជា​ប្រចាំ ដើម្បី​រួមចំណែក​ពង្រឹង​សន្តិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​នេះ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​លើកឡើង​ផងដែរ​អំពី​ការរៀន​រស់​ជាមួយ​កូ​វីដ​-១៩ និង​បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ដែល​បាន​ខិតខំ​ដាក់ចេញ​វិធានការ​នានា ព្រមទាំង​ការខិតខំ​ទិញ​និង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ទប់​​ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​ពាក់ព័ន្ធ​នឹង​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា​សម្រាប់​កម្ពុ​ជា ទោះបីជា​ការងារ​នេះ​មិនទាន់​អនុវត្ត​បានយូរ​ប៉ុន្តែ​កម្ពុជា​បាន​ទទួលផល​ច្រើន​សមគួរ​ពី​ការអនុវត្ត​ការងារ​កំណែទម្រង់​នេះ ត្បិត​បណ្ដា​ប្រទេស​នានា ពិសេស​ប្រទេស​ដែល​កម្ពុជា​បាន​រៀនសូត្រ​នោះ បាន​អនុវត្ត​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ​រាប់រយឆ្នាំ និង​ឆ្លងកាត់​បទពិសោធន៍​ច្រើនជាង​កម្ពុជា​ផង​។ សម្ដេច​បានស្នើ​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ត្រូវខិតខំ​អនុវត្ត​អំណាច​ដែល​ថ្នាក់ជាតិ​ផ្ទេរ​មកហើយ​នេះ​ឲ្យ​បានល្អ ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់​អនុសាសន៍​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​សូម​ខិតខំ​ប្រមូល​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​យកមក​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព យុត្តិធម៌ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ក្នុងសង្គម​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា