ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

FFC ប្រកាស​បង្កើត​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​លើកដំបូង

កីឡា ​៖ គណៈកម្មាធិការ​ប្រតិបត្តិ នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បានប្រកាស​អំពី​ការសម្រេច​ជា​ឯកច្ឆន្ទ ក្នុង​ការបង្កើត​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​លើកដំបូង ដើម្បី​ជម្រុញ​បន្ថែម​នូវ​វឌ្ឍនភាព និង​ភាព​ភាព​រីកចម្រើន នៃ​លី​គ​អាជីព​កម្ពុជា ឈាន​ទៅមុខ​មួយកំរិត​ទៀត ។

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ FFC បានធ្វើការ​តែងតាំង​លោក សា​តូ​ស៊ី សៃ​តូ (Satoshi Saito) គឺជា​នាយក​ប្រតិបត្តិ​(CEO) នៃ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​ខាងលើ ដែល​លោក​គឺ​ធ្លាប់មាន​ប្រវត្តិ​ជា​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ​ក្លិប FC Barcelona និង​ជាទី​ប្រឹក្សា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​(FIFA) ទៀតផង ។​

​តាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ FFC បាន​ឲ្យ​ដឹងថា គំនិត​ផ្ដួចផ្ដើម​ដ៏​សំខាន់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយទៀត ក្នុងការ​ធានា​នូវ​ការអភិវឌ្ឍ និង​ភាពជោគជ័យ​សម្រាប់​បាល់ទាត់​កម្ពុជា​នៅ​ថ្ងៃ​អនាគត រួមទាំង​គោលដៅ​ដែល​បានកំណត់​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ បាន​មានប្រសាសន៍ថា «​នេះ​គឺជា​យុគសម័យ​ថ្មី​មួយ​នៃ​បាល់ទាត់​កម្ពុជា ។ បើ​យើង​សម្លឹងមើល​ប្រទេស​ដែលមាន​បាល់ទាត់​ឈានមុខ​ជុំវិញ​ពិភពលោក ការ​មាន​លី​គ​អាជីព​ប្រកបដោយ​គុណភាព​ខ្ពស់ នឹង​រួមចំនែក​ដ៏​ភាពជោគជ័យ​របស់​ក្រុម​ជម្រើសជាតិ និង​ពង្រឹង​ប្រព័ន្ធ​អេកូ​បាល់ទាត់​(Football Ecosystem) បាន​កាន់តែ​ប្រសើរ​ទៀតផង​» ។​

​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដដែល បានបង្ហាញ​សុទិដ្ឋិនិយម​ថា «​ខ្ញុំ​ជឿជាក់ថា លោក សា​តូ​ស៊ី ដែលមាន​បទពិសោធន៍​ច្រើន​ក្នុងការ​គ្រប់គ្រង​កីឡាបាល់ទាត់ ជា​បុគ្គល​មួយរូប​ដែល​ស័​ក្ខិ​សម​បំផុត ក្នុងការ​តម្រង់​អនាគត​របស់​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា ដែល​ទើប​បង្កើត​ថ្មី​នេះ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​យើង ដើម្បី​ភាពជោគជ័យ​ថ្មី​មួយទៀត​នៅក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​» ។​

​ចំណែក​លោក សា​តូ​ស៊ី CEO នៃ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា បាន​លើកឡើងថា «​ខ្ញុំ​បានឃើញ​ពី​ការផ្លាស់ប្ដូរ​របស់​បាល់ទាត់​កម្ពុជា​ក្នុង​រយៈពេល ៨​ឆ្នាំ​ចុង​ក្រោយនេះ ។ វា​គឺជា​កិត្តិយស​ដ៏​ធំធេង​របស់ខ្ញុំ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​នេះ ដើម្បី​នាំមក​នូវ​ភាពរុងរឿង​ដល់​បាល់ទាត់​កម្ពុជា ។ ខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី​អរគុណ​យ៉ាង​ក្រៃលែង ចំពោះ​ទំនុកចិត្ត និង​ភាពជឿជាក់​ដ៏​ធំធេង​លើ​រូបខ្ញុំ​ពី​ឯកឧត្តម​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។​

​លោក សា​តូ​ស៊ី បន្ដថា «​ដំណើរ​ឆ្ពោះទៅមុខ​ក្នុងស្ថានភាព​ជំងឺ​រាតត្បាត​នេះ អាទិភាព​របស់ខ្ញុំ គឺ​ការវាយតម្លៃ​ឡើងវិញ​អំពី​ការរៀបចំ​លី​គ ក្នុងនោះ​មាន​ទាំង​រចនាសម្ព័ន្ធ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង និង​សហ​ការណ៍​ជាមួយ​ក្លិប​ជា​សមាជិក ដើម្បី​លើកកម្ពស់ និង​ពង្រឹង​នៃប្រតិបត្តិ​ការ​ទូទៅ និង​បង្កើន​ចំណងមិត្តភាព​របស់​យើង ក្នុង​កិច្ចទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ផ្លាស់ប្ដូរ និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា​របស់​យើង ប្រកបដោយ​ចីរភាព និង​និរន្ដរភាព​» ។​

​សូមបញ្ជាក់ថា លោក សា​តូ​ស៊ី ធ្លាប់ជា​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ​ក្លិប​យក្ស​ពិភពលោក FC Barcelona ហើយក៏​ជា​អនុប្រធាន​នៃ​ការិយាល័យ​បេសកកម្ម​ពិសេស នៅ​សមាគម​កីឡាបាល់ទាត់​ជប៉ុន​(JFA) ក៏ដូចជា​នាយក​ទីផ្សារ​នៅ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) និង​ជាទី​ផ្សារ​ប្រឹក្សា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​(FIFA) ។ ថ្មីៗ​នេះ លោក​ក៏​ទើបបាន​បង្កើត​កា​រិ​ល័យ​តំណាង​នៅ​ប្រទេស​ជប៉ុន សម្រាប់​ទីផ្សារ GMR ដែលជា​ទីភ្នាក់ងារ​កីឡា ដែលមាន​ឯកទេស​ក្នុង​សកម្មភាព​ឧបត្ថម្ភ​សម្រាប់​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ​ផងដែរ​៕​អត្ថបទ​ពី Cambodia SEA GAMES 2023

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា