ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​បញ្ជាក់​ជំហរ​ពាក់​ព​ន្ធ័​និង​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​ចំពោះ​តំណាង​អង្គទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ ស្ថានទូត សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា ដឹកនាំ​ដោយ លោកជំទាវ Carmen Morano ឯកអគ្គរដ្ឋទូត និង​មានការ​ចូលរួម​ពី លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ Martin Vavra ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក លោកស្រី Camilla Ottosson ភារធារី​នៃ​ស្ថានទូត​ស៊ុយ​អ៊ែត និង​លោក Fabrice Etienne ភារធារី នៃ​ស្ថានទូត​បារាំង ។​

សូមជម្រាបថា កិច្ចពិភាក្សា​នេះ ផ្តោតទៅលើ​ទស្សនៈវិស័យ​របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ ស​ន្និសិទ​សហប្រជាជាតិ​លើក​ទី​២៦ (COP26)​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​ក្លាស​ហ្គូ ចក្រភព​អង់គ្លេស​។​

លោកជំទាវ Carmen Morano បាន​ថ្លែង​កោត​ស​សើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ជូន​លេខាធិការដ្ឋាន​UNFCCC នូវ​បច្ចុប្បន្នភាព​ផែនការ​ស្តីពី​ការចូលរួម ចំណែក របស់​រដ្ឋ​ភាគី​ក្នុងការ​អនុវត្ត​អនុសញ្ញា (Nationally Determined Constribution: NDC) នៅ​ខែធ្នូ ឆ្នាំ ២០២០​។ លោកជំទាវ​បាន​បន្តថា សហគមន៍​អឺរ៉ុប យកចិត្តទុកដាក់ និង​គាំទ្រ​ដល់​ប្រទេស​កំពុង​ក្នុងការ​រៀបចំ​ផែនការ​រយៈពេល​វែង​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុងការ​រក្សា​សីតុណ្ហភាព​សកល​នៅត្រឹម ២ អង្សា​សេ ។

លោកជំទាវ​ក៍​បានបញ្ជាក់​អំពី​ប្រធានបទ​សំខាន់ ដែល​ត្រូវ​ពិភាក្សា និង​សម្រេច​នៅក្នុង (COP26) ដែល​រួមមាន ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ហិរញ្ញប្បទាន​អាកាសធាតុ និង​ទីផ្សារ​កាបូន​ប្រកបដោយ​តម្លាភាព​។

ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ផែនការ​ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ក៍​ដូចជា​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។ កម្ពុជា​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការផលិត​ថាមពល​ពី​ប្រភព​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ការសិក្សា​មួយចំនួន​គួរ​ត្រូវបាន​លើកទឹកចិត្ត ដូចជា ការសិក្សា​អំពី​ការផលិត​អគ្គីសនី​ដោយ​ប្រើប្រាស់​ឧស្ម័ន​អ៊ីដ្រូសែន​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការអភិរក្ស​ព្រៃ គឺជា​ជំរើស​មួយ​ដ៏​ប្រសើ​ក្នុង​ការបង្កើត​ឥណទាន​កាបូន និង​អាច​បង្កើន​ជីវភាព​សហគម​ន៏​តាមរយៈ​ចំណូល​ពី​ទាន​កាបូន​។ វិស័យ​ឯកជន​មានការ​យល់ដឹង​ច្រើន​អំពី​បញ្ហា​បរិស្ថាន ដោយ​ចាប់ផ្តើម​វិនិយោគ​លើ​ការផលិត​អគ្គីសនី​ពី​ជីវម៉ាស និង​បង្កើត​ឥណទាន​កាបូន​។ ជាងនេះទៅទៀត កម្ពុ​ជាមាន​ផែនការ​ជាតិ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បានរៀបចំ​ឡើង ព្រមទាំង​តម្រូវការ​ថវិកា​ក្នុងការ​អនុវត្ត​សកម្មភាព​បន្ស៊ាំ ។

លោក​បន្តថា កម្ពុជា​គាំទ្រ​ការផ្តល់​ហិញ្ញ​ប្ប​ទាន​អាកាសធាតុ ហើយ​ការផ្តល់ ហិញ្ញ​ប្ប​ទាន​គួរ​ផ្តោតទៅលើ​ការបង្កើន​ជីវភាព​ប្រជាជន​នៅតាម​សហគមន៍ ថ្នាក់ក្រោម​ជាតិ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា