ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ស ខេង ណែនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ​រៀបចំ​ធនធានមនុស្ស​ទុក សម្រាប់​បំពេញតម្រូវការ​ជ្រើសរើស​ពេលអនាគត​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវមាន​ផែនការ ឬ​យុទ្ធសាស្ដ្រ​រៀបចំ​ធនធានមនុស្ស​ទុកជាមុន សម្រាប់​បំពេញតម្រូវការ​ជ្រើសរើស​អ្វីមួយ​នាពេល​អនាគត ព្រោះថា មាន​ខេត្ត​មួយចំនួន ធ្វើបាន​ជោគជ័យ​រួចមកហើយ​។​

ការណែនាំ​បែបនេះ​ធ្វើ​ទ្បើង​ក្នុងឱកាស​សម្តេច​ក្រ​ទ្បា​ហោម​ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពស់​ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ថ្មី នា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​ខេត្តពោធិ៍សាត់​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​រំលឹកថា កាល​ជំនាន់​មុន​ពិបាក​រក​ណាស់ រក​អ្នកមាន​សមត្ថភាព​ឈរឈ្មោះ​ធ្វើ មេឃុំ​-​ចៅសង្កាត់​។ ប៉ុន្ដែ​មកដល់​ពេល​បច្ចុប្បន្ននេះ មាន​អ្នកមាន​សមត្ថភាព​ឈរឈ្មោះ​ធ្វើ​មេឃុំ​-​ចៅសង្កាត់ ច្រើន ដោយសារ​ពួកគាត់​មានចំណេះដឹង និង​សមត្ថភាព តាមរយៈ​ការសិក្សា​។ សម្ដេច​ក្រឡាហោម បាន​បន្ដទៀតថា ដូចគ្នានេះដែរ រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ទុកជាមុន នូវ​យុវជន អ្នក​ដែលមាន​សមត្ថភាព និង​មានលទ្ធភាព ក្នុងការ​បម្រើ​ការងារ​នៅ​ក្រុង​-​ស្រុក​-​ខណ្ឌ និង​ខេត្ត​។​

សម្ដេច​ក្រឡាហោម បាន​បន្ថែមថា បច្ចុប្បន្ន​មាន​ខេត្ត​មួយចំនួន បានគិត​គូរ​ពី​ចម្ងាយ ហើយ​បាន​បញ្ជូន​មន្ដ្រី​ជា​យុវជន ដែល​បាន​រៀនសូត្រ​ចប់​បរិញ្ញាបត្រ ចុះទៅ​ធ្វើការ​ងារ​នៅ​មូលដ្ឋាន ដូចជា នៅ​ថ្នាក់ស្រុក នៅតាម​ការិយាល័យ ថ្នាក់ស្រុក ជាដើម​។ សម្ដេច​ក្រឡាហោម ក៏បាន​ពន្យល់​បន្តថា ក្រោយមក រដ្ឋបាលខេត្ត​បាន​ស្រង់​មន្ដ្រី​ទាំងនោះ​មកវិញ ដើម្បី​តែងតាំង​ជា​អភិបាលរង​ស្រុក រហូតដល់​ធ្វើជា​អភិបាលរង​ខេត្ត ឬ​អភិបាលខេត្ត​។​

សម្ដេច​ក្រឡាហោម បាន​បន្ថែមថា ដូច្នេះ​កុំឱ្យ​ខ្វះ​ប្រភព​ហ្នឹង ព្រោះថា ឥឡូវ​នឹង​ការចាត់ចែង​មន្ដ្រី​ហ្នឹង យើង​បាន​ប្រគល់ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​ព្រះរាជក្រឹត្យ បាន​ទម្លាក់​មកឱ្យ​រដ្ឋបាលខេត្ត​ទទួលខុសត្រូវ ហើយ​រដ្ឋបាលខេត្ត ត្រូវ​យកចិត្តទុកដាក់​គិត​អំពី​បញ្ហា​នេះ ជៀ​វាង​ថា ដល់ពេល​ទៅរក​មនុស្ស ដើម្បី​ដាក់​ធ្វើ​តំណែង​នេះ ធ្វើ​តំណែង​នោះ នៅ​ថ្នាក់ស្រុក​ក្ដី នៅ​ថ្នាក់​ខេត្ត​ក្ដី យើង​ពិបាក ដោយ​យើង​មិនបាន​គិតទុក​ជាមុន ហើយ​មាន​ខេត្ត​ខ្លះ ធ្វើ​បានល្អ ហើយ​មាន​ខេត្ត​ខ្លះទៀត​ក៏មាន​បញ្ហា​ក្នុងការ​រើស​មន្ដ្រី​។​

សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត ទាំងអស់ ត្រូវ​ពិនិត្យមើល និង​ជោគវាសនា​ទៅ​ថ្ងៃ​អនាគត​របស់​ប្រទេសជាតិ ព្រមទាំង បើកឱកាស​ឲ្យ​យុវជន បាន​សិក្សា​រៀនសូត្រ នៅ​ថ្នាក់​បរិញ្ញាបត្រ អនុ​បណ្ឌិត្យ ឬ​បណ្ឌិត្យ ដើម្បី​យកចំណេះ​ដឹង​ទាំង​នោះមក​ធ្វើការ​នៅ​ថ្នាក់ក្រោម​ជាតិ ព្រោះថា នាពេល​បច្ចុប្បន្ន​យុវជន​មានចំណេះដឹង សមត្ថភាព និង​បទពិសោធន៍ ច្រើនណាស់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា