ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងកសិកម្ម​ចេញ​សេចក្តីជូនដំណឹង​អំពី​ការបកស្រាយ​ចម្ងល់​ជូន​សាធារណជន​ជុំវិញ​ការងារ​កសិកម្ម​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ពិនិត្យឃើញថា មួយ​រយៈកាល​កន្លងមក​នេះ ក្រសួង​បាន ខិតខំ​បកស្រាយ​បញ្ហា​ចម្ងល់​ជា​បន្តបន្ទាប់​ជូន​សាធារណជន​ជុំវិញ​ការងារ​កសិកម្ម​។ ប៉ុន្តែ​ក្រសួង​ក៏បាន​សង្កេតឃើញថា​នៅតែមាន​ចម្ងល់​ជា​បន្តបន្ទាប់ តម្រូវឱ្យ​ក្រសួង​ធ្វើការ​បកស្រាយ​បន្ថែមទៀត ដើម្បី​ជៀសវាង​ការលំបាក​ចំពោះ​អ្នកសារព័ត៌មាន​មួយចំនួន ដែលមាន​ការលំបាក​ក្នុងការ​ស្វែងរក​ព័ត៌មាន​សម្រាប់ធ្វើ​ការបកស្រាយ​ចម្ងល់ ហើយ​បាន​បកស្រាយ​មិនបាន​ចំ​បញ្ហា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​ដំណើរកា​រ​ខិតខំ​ដោះស្រាយ​។

ដោយហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​កិ​តិ្ត​យស សូម​ជម្រាបជូន​សាធារណជន​នូវ​ចំណុច​ដែលជា​ចម្ងល់​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដូចខាងក្រោម​៖

១. តើ​អ្វី​ទៅជា​របាំង​អនាម័យ​និង​ភូតគាម​អនាម័យ​(Sanitary and Phyto-Sanitary-SPS)?
 អនាម័យ​និង​ភូតគាម​អនាម័យ គឺជា​បណ្តា​វិធានការ​នានា​របស់​រដ្ឋា​ភិ​បាល​នីមួយៗ​បានដាក់​ចេញ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សុខភាព អាយុ​ជិវិត មនុស្ស សត្វ និង​រុក្ខជាតិ​ក្នុង​ដែនដី​នៃ​ប្រទេស​របស់ខ្លួន​។

 ប្រទេស​នីមួយៗ​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​កំណត់​ស្តង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ​របស់ខ្លួន ដោយ ត្រូវ​ផ្អែកលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដើម្បី​ការពារ​សុខភាព​ឬ​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​ក្នុង​ដែនដី​របស់ខ្លួន​។

 កិច្ចព្រមព្រៀង​អនាម័យ​និង​ភូតគាម​អនាម័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (Agreement in the Application of Sanitary and Phytosanitary Measures of the World Trade Organization – WTO SPS Agreement) បានកំណត់​បទដ្ឋាន​ជា​មូលដ្ឋាន​សម្រាប់​លក្ខខណ្ឌ​ផ្សេងៗ​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ និង​សុខភាព​សត្វ និង​សុខភាព​រុក្ខជាតិ​។​

​ឧ​ទា​ហរ​ហ៍ៈ ប្រ​ទស​ថៃ​មិនទាន់​អនុញ្ញាតឱ្យ​នាំចូល​ផ្លែ​មៀន​ប៉ៃលិន​ពី​កម្ពុជា​នៅឡើយ ដោយសារ​មិនទាន់មាន​កិច្ចព្រមព្រៀង​ស្តីពី​លក្ខខណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ ដែល​នេះ​ជា​របាំង​បច្ចេកទេស​ដែល​ភាគី​ថៃ​ដាក់​ដាក់​សម្រាប់​ប្រទេស​កម្ពុជា​។

២. កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (CCFTA) រួចហើយ មូលហេតុ​អ្វី​បានជា​កម្ពុជា​មិនអាច​នាំចេញ​កសិផល​មួយចំនួនទៀត​ទៅកាន់​ប្រទេស​ចិន​បាន​? តើ​របាំង​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ទាក់ទង ទៅនឹង​SPS ជា​អ្វី​?
 កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី អនុញ្ញាត​ឱ្យមាន​ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ​ផលិតផល​កសិកម្ម​ដោយ​ពុំ​ជាប់​របាំង​ពន្ធគយ (Tariff measures) បានជា​ច្រើន​បន្ទាត់​ពន្ធ ប៉ុន្តែ​មិន​មានន័យថា ប្រទេស​ទាំង​២​អាច​នាំចេញ នាំចូល​ទំនិញ​ជា​ផលិតផល​កសិកម្ម ដោយ​មិន​ជាប់​ជា​របាំង​មិនមែន​ពន្ធគយ​ផ្សេងៗ​ទៀត​ទេ (Non-tariff measures-NTMs) ដែល​រួមមាន​ផងដែរ​នូវ​របាំង​អនាម័យ​និង​ភូតគាម​អនាម័យ​។​

 កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នេះ នឹង​អនុញ្ញាតឱ្យ​កម្ពុជា​អាច​នាំ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ចូល​ទីផ្សារ​ប្រទេស​ចិន​ដោយ​មិន​ជាប់​ពន្ធគយ ក៏ប៉ុន្តែ​ទំនិញ​ជា​ផលិតផល​កសិកម្ម​ទាំងនោះ ត្រូវតែ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ខាង​ស្តង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ ដែល​កំណត់ដោយ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ប្រទេស​ចិន​។​

 ដូចគ្នានេះដែរ ការនាំ​ទំនិញ​ជា​ផលិតផល​កសិកម្ម​ពី​ប្រទេស​ចិន​ចូល​កម្ពុជា ក៏​ជា​កម្មវត្ថុ​ស្ថិតក្រោម​របប​គ្រប់គ្រង អនាម័យ​និង​ភូតគាម​អនាម័យ​ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​អនាម័យ​និង​ភូតគាម​អនាម័យ​ដែលមាន​ជា​ធរមាន​។​

 ទាំង​កម្ពុជា​និង​ប្រទេស​ចិន មាន​សិទ្ធិ​រៀងៗ​ខ្លួន​ដែល​បានផ្តល់​ដោយ WTO SPS Agreement ក្នុង​ការបង្ការ​ទប់ស្កាត់​ហានិភ័យ​ចំពោះ​សុខភាព​ឬ​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​ក្នុង​ដែនដី​របស់ខ្លួន ដោយ​ធានាថា​ផលិតផល​កសិកម្ម ដែល​នាំចូល​ក្នុងប្រទេស​របស់​ខ្លួន ត្រូវតែ​ស្របតាម​ស្តង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ និង​ស្តងដារ​សុវត្ថិភាព​ចំណីអាហារ​ដែល​កំណត់ដោយ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាតិ​រៀងៗ​ខ្លួន​។​

 ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចូល​ទីផ្សារ​ប្រទេស​ចិន​ចំនួន​១៧​មុខ មាន​បរិមាណ​ជាង ៧៣៦ ០០០ តោន ក្នុងនោះ​យើង​មាន​ផលិតផល​សំខាន់ៗ​ដូចជា ផ្លែ​ចេក​ស្រស់ អង្ករ ចំណិត​ដំឡូង​មី ម្ស៉ៅ​ដំឡូង​មី ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ស្វាយ​ស្រស់ ដំណាប់​ស្វាយ ដូងប្រេង​។​ល​។ សូមប​ញ​ញ​ជា​ក់ថា​៖​ផលិតផល​ទាំងនេះ អាច​នាំចេញ​បាន គឺ​ដោយសារតែ​ប្រទេស​ទាំងពីរ​បាន​ចុះ​ពិធីសារ​រួចរាល់​ជាមុន​ហើយ​ដែរ ។​

 ដើម្បី​ទាញយក​នូវ​ផលប្រយោជន៍​ឱ្យបាន​ជា​អតិបរិមា​ពី​កាលា​នុ​វត្តិភាព​នេះ បងប្អូន​ប្រជាកសិករ ផ្នែក​ឯកជន ជា​អ្នក​កែច្នៃ វេច​ខ្ចប់​នាំចេញ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​នៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ត្រូវខិតខំ​ផលិត និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើន​ការវិនិយោគ​លើ​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ផលិត​និង​កែច្នៃ វេច​ខ្ចប់ នាំចេញ​ឱ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដារ​គុណភាព សុវត្ថិភាព អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​ចិន ដែលជា​ទីផ្សារ​ដែលមាន​សក្តានុពល​បំផុត​សម្រាប់​ទំនិញ​កសិកម្ម​ក​ម្ពុ​ជា ព្រោះ​មាន​អ្នកទិញ​ជាង​១,៤​ពាន់​លាន​នាក់​។​

 ដូច្នេះ កម្ពុជា​ត្រូវតែ​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់ខ្លួន​នៅលើ​ទីផ្សារ​ប្រទេស​ចិន តាមរយៈ​ការពង្រឹង​ស្តង់ដារ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ ដើម្បី​អាច​ទាញ​បាន​នូវ​ផលប្រយោជន៍​ជា​អតិបរិមា​ពី​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​អាច​ធានា​ឧត្តមភាព​ប្រកួតប្រជែង​នេះ​ក្នុង​រយៈពេល​វែង​សម្រាប់​ទាំង​ទីផ្សារ​ប្រទេស​ចិន និង​ពង្រីក​ទីផ្សារ​នាំចេញ​ទៅកាន់​ទិសដៅ​ផ្សេងៗ​ទៀត​។

 ស្របតាម​គំនិត​ខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ដែល​មុត​ស្រួច​នៅក្នុង​ឯកសារ​គោលនយោបាយ​អ​ភិ​វ​ឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១០-២០៣០ និង​ឯកសារ​ផែនការមេ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០៣០ របស់ខ្លួន ដោយ​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​។​

៣. តើ​មូល​ហេតុអ្វី​បានជា​តម្រូវឱ្យ​ក្រុមហ៊ុន​និង​ម្ចាស់​ចម្ការ​មុខ​ដំណាំ​នាំចេញ​ចុះបញ្ជី​ជា​ចម្ការ​នាំចេញ​?
 ក្នុង​បណ្តា​ឆ្នាំ​ចុង​ក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​អគ្គនាយកដ្ឋាន​កសិកម្ម ជា​សេនាធិការ​បច្ចេកទេស បាន​ខិតខំ​ពង្រីក​ទីផ្សារ​នាំចេញ​សម្រាប់​កសិផល​តាមរយៈ​ការចរចារ​និង​សម្រេចបាន​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​កសិផល​មួយចំនួន​ជាមួយ​ប្រទេស​ដៃគូរ​ពាណិជ្ជកម្ម​សំខាន់ៗ​រួមមាន​ដូចជា ប្រទេស​ចិន ប្រទេស​វៀតណាម ប្រទេស​កូរ៉េ ប្រទេស​ថៃ​។​ល​។​

 គួរ​កត់សម្គាល់ថា លក្ខខណ្ឌ​តម្រូវ​មួយ​នៃ​ពិធីសារ​ដែល​ស​ម្រេ​បាន​កន្លងមក គឺ​បណ្តា​រោងចក្រ​ប្រព្រឹត្ត​កម្ម​រម្ងាប់​សមាសភាព​ចង្រៃ កែច្នៃ វេច​ខ្ចប់​នាំចេញ (Packinghouses) និង​កសិដ្ឋាន​ដំណាំ​ពាក់ព័ន្ធ ត្រូវតែ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 ការចុះបញ្ជី​ទីតាំង​និង​កសិដ្ឋាន​ពាក់ព័ន្ធ​គឺជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​និរន្តរភាព​និង​ប្រសិទ្ធភាព​ផលិតកម្ម និង​ការគ្រប់គ្រង​ហា​នី​ភ័យ​ពាក់ព័ន្ធ​នឹង​អនាម័យ​និង​ភូតគាម​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ ដែល​ត្រូវបាន​អនុវត្ត​ជាទូទៅ​នៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ដំណាំ​សម្រាប់​នាំចេញ ដែលមាន​អត្ថប្រយោជន៍​ដូចខាងក្រោម​៖
o ដើម្បី​ទទួលបាន​លេខ​កូដ​សម្គាល់​សម្រាប់​កំណត់​អត្តសញ្ញាណ​នៃ​ទីតាំង​និង​កសិដ្ឋាន​។ ក្នុងករណី​រកឃើញ​នូវ​ករណី​មិនមាន​អនុលោមភាព​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​នាំចូល​ជាយថាហេតុ​ណាមួយ​ពាក់ព័ន្ធ​នឹង​ទំនិញ​កសិផល​ដោយ​សមត្ថកិច្ច​អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​នាំចូល អនុញ្ញាតឱ្យ​សមត្ថកិច្ច​ជំនាញ​នៃ​ប្រទេស​នាំចេញ អាច​កំណត់​បាន​នូវ​ប្រភពដើម​នៃ​ផលិតផល​ដើម្បី​អនុវត្ត​វិធានការ​កែតម្រូវ​ជាក់ស្តែង​។​

o បង្កលក្ខណៈ​ងាយស្រួល​ក្នុង​កិច្ចប្រតិបត្តិការ​ផ្តល់​ការណែនាំ​បច្ចេកទេស​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធានា​ការបំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ខាង​ស្តង់ដារ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ​ផ្សេងៗ​របស់​ប្រទេស​នាំចូល​ឱ្យបាន​ពេញលេញ​ខ្ជាប់ខ្ជួន ឆ្ពោះទៅ​ទទួលបាន​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្ពស់​ពី​ប្រទេស​នាំចូល​មកលើ​ផលិតផល​កម្ពុជា និង​ចុងក្រោយ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការនាំចេញ​ផលិតផល​នោះ​ទៅកាន់​ទីផ្សារ​នាំចូល និង​ការធ្វើ​ពិពិធ​កម្ម ទីផ្សារ​នាំចេញ​ទៅកាន់​ទិសដៅ​ផ្សេងទៀត​។​

o ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ផែនការ​ផលិតកម្ម និង​ការផ្គត់ផ្គង់​ទីផ្សារ​ឱ្យមាន​និរន្តរភាព តាមរយៈ​ការបង្កើត​ឱ្យបាន​នូវ​ចំណងទាក់ទង​ដ៏​រឹងមាំ​និង​ស្ថិរភាព​រវាង​សេចក្តីត្រូវការ​និង​ការផ្គត់ផ្គង់​នៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ និង​ភាពងាយស្រួល​ក្នុងការ​ចុះកិច្ចសន្យា​ច្បាស់លាស់​រវាង​ក្រុមហ៊ុននាំចេញ និង​សហគមន៍​អ្នក​ផលិត​។​

o ដើម្បី​ទទួលបាន​នូវ​កម្មវិធី​គ្រប់គ្រង​ចម្ការ​ច្បាស់លាស់ រួមទាំង​អនាម័យ​ចម្ការ កម្មវិធី​ចម្រុះ​គ្រប់គ្រង​សមាសភាព​ចង្រៃ​ដើម្បី​ជៀសវាង និង​កាត់បន្ថយ​ការកកើត​នូវ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ដែល​ប្រទេស​នាំចូល​ហាមឃាត់ ក្នុងទិសដៅ​ធានា​ឱ្យបាន​សុវត្ថិភាព​ភូតគាម​អនាម័យ​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ប្រទេស​នាំចូល​។​

 ដើម្បី​សម្រេច​គោលដៅ​នេះ យើង​ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​តាម​នីតិវិធី​ជា​ធរមាន​ជាមួយ​គ្រប់​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​តាម​អភិក្រម “​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ។​

៤. មូល​ហេតុអ្វី​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​តំបន់​និង​ពិភពលោក​មានការ​ធ្លាក់​ចុះ​?
 ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ចំនួន ៦៩០ ៨២៩​តោន ខ្ពស់ជាង​ឆ្នាំ​២០១៩​ចំនួន​១១,៤% ដែល​ត្រូវបាន​នាំចេញ​ទៅកាន់​ទិសដៅ​ចំនួន​៦០​ប្រទេស​។ ទិសដៅ​ប្រទេស​ចិន​កើន​១៦,៦% ទិសដៅ​សហភាព​អឺរ៉ុប​កើន ០,៣៩% ទិសដៅ​អាស៊ាន​កើន​៤,៤៩% និង​ទិសដៅ​ផ្សេងទៀត​កើន​២៨,៩៥%​។​

 ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​២០២១​នេះ មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។ គិត​ត្រឹម​រយៈពេល​៩​ខែ​ឆ្នាំ​២០២១​នេះ បរិមាណ​នាំចេញ​សរុប​មាន​ចំនួន ៤១០ ៦៩៨ តោន ដែលមាន​ការថយចុះ​ចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៤៨៨ ៧៧៥ តោន​។​

 តាម​ការបញ្ជាក់​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) មូលហេតុ​នៃ​ការធ្លាក់ចុះ​ការនាំចេញ​អង្ករ​គឺ បណ្តាលមកពី​កត្តា​ចំបងៗ​មួយចំនួន​ដូចខាងក្រោម​៖
(១)-​បញ្ហា​ការដឹកជញ្ជូន​តាម​កប៉ាល់​បាន​ឡើងថ្លៃ​យ៉ាងខ្លាំង ដែល​បាននិងកំពុង​ដាក់​សំពាធ​លើ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​។ តម្លៃ​នៃ​ការដឹកជញ្ជូន​បាន​កើន​ពី​៥​ទៅ​៦​ដង ឬ ពី ១៥០០ ដុល្លារ ទៅ ៧០០០-៨០០០ ដុល្លារ​/​កុង​តេ​ន័​រ (២០​ហ្វី​ត​) ដែល​តម្លៃ​ដឹកជញ្ជូន​ពេលនេះ​ស្ទើរតែ​ស្មើនឹង​តម្លៃ​អង្ករ​១​កុង​តេ​ន័​រ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកទិញ មិន​បង្ខំ ឬ ដាក់​បញ្ជារ​ទិញ​ច្រើន ព្រោះ​ខ្លាច​ពេល​តម្លៃ​ការដឹកជញ្ជូន​ចុះថោក ហើយ​ស្តុក​ចាស់​លក់​មិន​អស់​នាំឱ្យ​ខាតបង់​ធ្ងន់ធ្ងរ ការបញ្ជារ​ទិញ​សម្រាប់តែ​តម្រូវការ​ទីផ្សារ​ជាក់ស្តែង មិន​ស្តុក​ទុក​ច្រើន​។​

(២)-​ការដឹកជញ្ជូន​ក៏​ជួប​បញ្ហា​កង្វះ​ទូរ​កុង​តេ​ន័​រ​ផ្ទុកទំនិញ​ចំណុះ​២០​ហ្វី​ត (​ជា​ស្តង់ដារ​ទូរ​កុង​តេ​ន័​រ​ផ្ទុក​អង្ករ​ចេញពី​កម្ពុជា​) ដោយ​សំបក​កុង​តេ​ន័​រ​ប្រភេទ​នេះ​ភាគច្រើន​បាន​ជាប់គាំង​នៅតាម​កំពង់ផែ និង​ទីលាន​នានា​ក្នុង​សហគមន៍​អ៊ឺរ៉ុប ដោយសារ​ការរីក​រាល​ដាល​កូ​វីដ​-១៩ បានធ្វើឱ្យ​ខ្សែ​ច្រវាក់​ដឹកជញ្ជូន​នៅក្នុង​ទីផ្សារ​សហគមន៍​អ៊ឺរ៉ុប​បាន​រាំងស្ទះ (​ខ្វះ​កម្មករ​និង​អ្នក​បើកឡាន ដឹក​កុង​តែ​ន័​រ​ជាដើម​)​។​

(៣)-​មិនមាន Shipping Space គ្រប់គ្រាន់​សម្រាប់​ដឹក​អង្ករ​ចេញ ដោយសារ​អង្ករ​ជា​ទំនិញ​ធ្ងន់​។ ក្រុមហ៊ុន​កប៉ាល់​មាន​ជើង​ធ្វើដំណើរ​ចំនួន​តិចជាង​មុន ដោយ​ក្រុមហ៊ុន​កប៉ាល់​ផ្តល់​ជម្រើស​ដឹកទំនិញ​ស្រាល​ច្រើន ហើយ​ទំនិញ​ធ្ងន់​ដូចជា​អង្ករ​មាន​ចំនួន​កំណត់​មួយ​។ ជាក់ស្តែង កម្ពុជា​ត្រូវការ Space លើក​ប៉ាល់​ចន្លោះ​ពី ៣៥០ ទៅ ៤០០ ទូរ​កុង​តេ​ន័​រ​ក្នុង​មួ​យស​ប្តា​រហ៍​សម្រាប់​ពី​កំពង់ផែ​មេ ដូចជា សិង្ហបូរី ទៅកាន់​កំពង់ផែ​នៅ​សហគមន៍​អ៊ឺរ៉ុប តែ​ការផ្តល់ឱ្យ​សម្រាប់​អង្ករ ឬ​ទំនិញ​ធ្ងន់​ដទៃទៀត​បានត្រឹមតែ ១០០ ទៅ ១៥០ ទូរ​កុង​តេ​ន័​រ​តែប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​។​

(៤)-​ព្រម​គ្នា​ជាមួយនឹង​បញ្ហា​ប្រឈម​ក្នុងការ​ដឹកជញ្ជូន​ខាង​លើ​នេះ ការនាំចេញ​អង្ករ​ក៏​បាននិងកំពុង​រង​ឥទ្ធិពល​នៃ​ការធ្លាក់ចុះ​តម្លៃ​ទីផ្សារ​ពិភពលោក​នៃ​អង្ករ​ក្រអូប​ផងដែរ​។ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ តម្រូវការ​ទីផ្សារ​អង្ករ​ក្រអូប​មានការ​ធ្លាក់ចុះ​ជា​គំហុក ដែលនាំឱ្យ​តម្លៃ​អង្ករ​ក្រអូប​នៅលើ​ពិភពលោក​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ បើ​ធៀប​នឹង​ប្រភេទ​អង្ក​រស​ធម្មតា គឺ​ពី​ជាង ៨០០ ដុល្លារ​/​តោន ធ្លាក់​មក​ត្រឹម ៦៥០ ដុល្លារ​/​តោន​។ គួរ​កត់សម្គាល់ថា ប្រមាណ​៨០%​នៃ​បរិមាណ​អង្ករ​នាំចេញ​របស់ កម្ពុជា​ជា​ប្រភេទ​អង្ករ​ក្រអូប​។​

៥. មូលហេតុ​អ្វីដែល​កម្ពុជា​បាន​នាំចេញ​កសិផល​ត្រឹមតែ​ប្រទេសជិតខាង​?
 មកទល់​បច្ចុប្បន្ននេះ ប្រទេសជិតខាង​ធំៗ​២​ដែលជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​ក​សិ​ផល​របស់​កម្ពុជា​គឺ​ប្រទេស​វៀតណាម និង ប្រទេស​ថៃ ដែលមាន​ប្រជាជន​សរុប​ប្រមាណ​ជាង​១៦៧​លាន​នាក់​។ ជា​សត្យានុម័ត​ប្រទេស​ទាំង​២​នេះ​គឺជា​ទីផ្សារ​ប្រពៃណី​ប្រកបដោយ​សក្តានុពល​ក្នុងការ​ស្រូបយក​ទំនិញ​ជា​កសិផល​ពី​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ជាក់ស្តែង​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​បាន​ជ្រៀតចូល​ទីផ្សារ​ពិភពលោក ចំនួន​៩០​ប្រទេស​រួចមកហើយ​។ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១​នេះ ការនាំចេញ​សម្រេចបាន​ជាង ៥,៩៣ លាន​តោន ក្នុងនោះ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​មាន​ចំនួណ​៦៤,១១% ប្រទេស​ថៃ​ចំនួន​២១,៤៩% ប្រទេស​ចិន​ចំនួន​៦,៦៩% និង​គោលដៅ​ប្រទេស​ដទៃទៀត​ចំនួន​៤,៧១%​តែប៉ុណ្ណោះ​។​

 ស្ថានភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​គឺជា​ទំនាក់ទំនង​រវាង​ការផ្គត់ផ្គង់​និង​តម្រូវការ​។ ទីណា​មាន​តម្រូវការ លំហូរ​ពាណិជ្ជកម្ម​នឹង​តម្រង់ទិស​ទៅកាន់​ទីនោះ ទៅក្នុង​ទម្រង់​ជា​វត្ថុធាតុដើម ឬ​ផលិតផល​សម្រេច​។ ការធ្វើ​ពាណិជ្ជកម្ម​ជា​រឿង​ខាត​និង​ចំណេញ​។ សុភាសិទ​ខ្មែរ​ពី​បុរាណ​បាន​ពោលថា “​ជួញ​ជិត​ជាជាង​ជួញ​ឆ្ងាយ​”​។​

 ការពិត​មួយទៀត​នោះ​គឺថា​ប្រទេស​ទាំង​២ បានធ្វើ​សមាហរណកម្ម​ទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ពិភពលោក​មុន​កម្ពុជា ដោយ​ទទួលបាន​បទពិសោធន៍​ពេញលេញ​ជា​ប្រទេស​កែច្នៃ​នាំចេញ​ផលិតផល​កសិកម្ម​និង​ម្ហូបអាហារ​ទៅកាន់​ទីផ្សារ​តំបន់​និង​ពិភពលោក​។ ជារួម ប្រទេស​ទាំង​២ បាន​អភិវឌ្ឍ​ខ្លួន​ទៅជា​ចំណុច​ប្រមូលផ្តុំ​ស្បៀង (Food Hub/Basket) សម្រាប់​ពិភពលោក​មុន​កម្ពុជា​។ ដូច្នេះ​ត្រូវការ​វត្ថុធាតុដើម​ច្រើន​ពី​ប្រទេស​ផ្សេង​រួមទាំង​កម្ពុជា​ផងដែរ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ឧស្សាហកម្ម​កែច្នៃ​របស់ខ្លួន​សម្រាប់​នាំចេញ​។​
 ក្នុងពេល​ខាងមុខ​នៅពេល​កម្ពុជា​មានការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ សមត្ថភាព​កែច្នៃ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ភ​ស្ត​ភា​កម្ម​ពាក់ព័ន្ធ​បាន​មួយកម្រិត​បន្ថែមទៀត នឹង​ជំរុញឱ្យមាន​ការ​ស្រូបយក​វត្ថុធាតុដើម​មក​ធ្វើការ​កែច្នៃ​ពង្រីក​ការនាំចេញ​ត្រ​ទៅកាន់​ទីផ្សារ​មាន​សក្តានុពល​មួយចំនួន​ដូចជា​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ដែល​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ​ទៀត ដែលជា​កត្តា​សន្យា​នុ​ម័ត​កាត់បន្ថយ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​តី​ផ្សារ​ប្រទេសជិតខាង​ទាំង​២​។

 សំខាន់បំផុត​នោះ កម្ពុជា​បាន​ជួបប្រទះ​ទៅនឹង​បញ្ញា​នៃ​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​ក្រៅ​តំបន់ ដូច​បាន​បញ្ជាក់ជូន​នៅក្នុង​សំណួរ​ទី​៤ ខាងលើ រួមទាំង​តម្លៃ​នៃ​ការកែឆ្នៃ​ក្នុងស្រុក​មានតម្លៃ​ខ្ពស់​ជាងគេ​បន្តិច​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង​ទាំងពីរ ។​

 ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​ដែលមាន​លក្ខណៈ​ភូមិសាស្ត្រ​ប្រហាក់ប្រហែលគ្នា នាំឱ្យមាន​ការអនុវត្ត​នូវ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ នាំចូល​ទំនិញ​កសិផល​មាន​លក្ខណៈ​ទន់ភ្លន់ មិនសូវ​ស្មុគស្មាញ បើ​ធៀប​ជាមួយ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​ប្រទេស​ទី​៣​។​

៦. មូលហេតុ​អ្វី​បានជា​កម្ពុជា​បន្ត​អនុញ្ញាតឱ្យ​កសិផល​ប្រទេសជិតខាង​នៅតែ​បន្ត​ហូរ​ចូលមក​កម្ពុជា​?
 ប្រទេស​កម្ពុជា​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​អនុវត្ត​របប​ពាណិជ្ជកម្ម​សេរី​
 ជាមួយនឹង​សមាជិកភាព​នៃ​អង្គការ​តំបន់​និង​ពិភពលោក​នេះ មកទល់​ពេលបច្ចុប្បន្ន កម្ពុជា​បាន​សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​យ៉ាងជ្រៅ​ចូលទៅក្នុង​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក​។ ជាក់ស្តែង​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ពហុភាគី​ចំនួន​១០​កិច្ចព្រមព្រៀង​ដែល​រួមមាន​៖ ATIGA (ASEAN Trade in Goods Agreement), AHKFTA (ASEAN-Hong Kong Free Trade Agreement), ACFTA (ASEAN-China Free Trade Agreement), AKFTA (ASEAN-Korea Free Trade Agreement), AIFTA (ASEAN-India Free Trade Agreement), AJCEP (ASEAN-Japan Comprehensive Economic Partnership), AANZFTA (ASEAN-Australia-New Zealand Free Trade Agreement), CCFTA (Cambodia-China Free Trade Agreement), RCEP (Regional Comprehensive Economic Partnership)​។​

 ក្នុងនាម​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​ត្រូវគោរព​តាម​បទដ្ឋាន​និង​គោលការណ៍​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ដែល​បាន​ឯកភាពគ្នា​។​
 ការ​សន្និដ្ឋានថា​កម្ពុជា​អនុញ្ញាតឱ្យ​កសិផល​នៃ​ប្រទេសជិតខាង​ហូរ​ចូលមក​កម្ពុជា ជាការ​សន្និដ្ឋាន​មួយ​ដែល​ឆ្លុះបញ្ចាំង​នូវ​ស្ថានភាព​ជាក់ស្តែង​នៃ​ជញ្ជីង​ពាណិជ​កម្ម​កសិកម្ម​រវាង​កម្ពុជា​ជាមួយនឹង​ប្រទេសជិតខាង​។ ដូច​តួរ​លេខ​នាំចេញ​៩​ខែ ឆ្នាំ​២០២១ បានបញ្ជាក់​ខាងលើ​។ ម្យ៉ាងទៀត ជាការ​សន្និដ្ឋាន​មួយ​បង្ហាញ​ពី​កង្វះខាត​ការយល់ដឹង​ជាទូទៅ​ស្តីពី​របប​ទីផ្សារសេរី​អនុញ្ញាត​ក្រោម​ឆ័​ត្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ពហុភាគី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក​។​

 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកាត់បន្ថយ​លំហូរ​កសិកម្ម​ពី​ខាងក្រៅ តាមរយៈ​ការពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​នៅលើ​ទីផ្សារ​ក្នុងស្រុក​ដើម្បី​កាត់បន្ថយ​ការហូរចូល​ពី​ទីផ្សារ​ក្រៅ​ស្រុក​។ ការវិនិយោគ​នានា​ក្នុងពេល​បច្ចុប្បន្ននេះ​បាននិងកំពុង​អនុវត្តតាម​អភិក្រម​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​ជារួម ដែលមាន​គោលបំណង​នាំ​ឆ្ពោះ​ទៅដល់​ការផលិត​មួយ​ដែលមាន​ស្តង់ដារ​គុណភាព សុវត្ថិភាព​ខ្ពស់ ស្របតាម​វិធាន​អនាម័យ​និង​ភូតគាម​អនាម័យ និង​មាន​ភាព​ប្រកួតប្រជែង​ខាង​តម្លៃ​។

៧. មូលហេតុ​អ្វី​បាន​ជី និង​ថ្នាំ​កសិកម្ម​នៅ​កម្ពុជា​បន្ត​ឡើងថ្លៃ​?
​ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជ​ម្រ​ប​ជ្រាបថា នៅ​បណ្តា​ប្រទេស​ផលិត ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​នាំចេញ មាន​បញ្ហា​រអាក់រអួល​ផ្នែក​ផលិតកម្ម​។ វត្ថុធាតុដើម​មានការ​ខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ពី​ប្រទេស​ផលិត​ធំៗ មានដូចជា ប្រទេស​ចិន ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​អារ៉ាប់​។ ផលិតកម្ម​ជី​កសិកម្ម​ត្រូវបាន​កាត់បន្ថយ​ដោយ​កម្លាំង​ពលកម្ម​ថយចុះ​ដោយ​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចជា​នៅក្នុង​ប្រទេស​ចិន ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។ ការដឹកជញ្ជូន​ប្រើពេល​វេលា​យូរ និង​មានតម្លៃ​ខ្ពស់​ដោយមាន​បញ្ហា​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពី​ការបញ្ជាទិញ​ពី​ប្រទេស​កម្ពុជា នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ក៏បាន​បញ្ជា​ទិញ​ដែរ ដូចនេះ​ការផ្គត់ផ្គង់​មិន​គ្រប់​តាម​តម្រូវការ​។ ការចំណាយ​លើ​ការរៀបចំ​វេច​ខ្ចប់​ឡើងវិញ ក៏​ជា​បន្ទុក​មួយទៀត ដែល​ត្រូវការ​សំបក​វេច​ខ្ចប់​បោះពុម្ព​ជា​ភាសា​ខ្មែរ​។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ជី​-​ថ្នាំ​កសិកម្ម​មួយចំនួនធំ​មិនបាន​ទៅ​ទិញ​ដល់​រោងចក្រ​ផលិត​ផ្ទាល់ ដោយ​ទិញ​តាមរយៈ​ឈ្មួញកណ្តាល ជាហេតុ​ធ្វើឱ្យ​ជី​-​ថ្នាំ​កសិកម្ម​ថ្លៃ​ជាង​តម្លៃ​នៅ​រោងចក្រ​ផលិត​។ ជាមួយគ្នានេះ តម្រូវការ​ជី​កសិកម្ម​ក្នុងស្រុក​មាន​ក៏​ការកើនឡើង​ច្រើន​ដែរ​។​

៨. មូលហេតុ​អ្វី​បានជា​កសិករ​មួយចំនួន​មិនបាន​ទទួល​សេវា​កសិកម្ម​កន្លងមក​?
 ចំនួន​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​នៅ​ថ្នាក់​ខេត្ត​មាន​ចំនួន​តិច​ដែល​ធ្វើឱ្យ​ការផ្តល់​សេវាកម្ម​ដល់ក​សិ​ករ​ចំនួន ៣ ៥៥៣ ០២១ គ្រួសារ មិន​គ្រប់គ្រាន់ និង​មិនទាន់​ពេលវេលា​
 សមត្ថភាព និង​ជំនាញ​របស់​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​នៅ​មូលដ្ឋាន​នៅមានកម្រិត ក្នុងការ​ចែករំលែក​ព័ត៌មាន ចំណេះដឹង និង​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​
 កសិករ​ភាគច្រើន​ជា​កសិករ​ដែលមាន​វ័យ​ចំណាស់ មិនទាន់បាន​ចង​ជា​បណ្តុំ ឬ​សហគមន៍​កសិកម្ម​នៅឡើយ ហើយ​មិនអាច​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​ទទួលបាន​ព័ត៌មាន ចំណេះដឹង និង​បច្ចេកទេស​កសិកម្ម​ផ្សេងៗ
 សេវា​អ៊ី​ន​ធឺ​ណេ​ត មិនទាន់បាន​គ្របដណ្តប់​ទូទាំងប្រទេស​យ៉ាង​ទូលំទូលាយ​នៅឡើយ​
 បញ្ហា​កូ​វីដ​-១៩ ជា​បញ្ហា​ចម្បង បានធ្វើឱ្យ​រាំងស្ទះ​នូវ​សកម្មភាព​ផ្សព្វផ្សាយ​មួយចំនួន​ដែល​រួមមាន​៖
– ការបង្កើន​នូវ​សមត្ថភាព​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​សេវាកម្ម បង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា​ជូន​កសិករ
– ការចុះ​តាមដាន​និង​ជំរុញ​ការអនុវត្ត​កសិករ​មានការ​ខកខាន​ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ពុំ​អាច​ជួបជុំ​ជាមួយ​កសិករ​បាន​ញឹកញាប់​
– មិនអាច​ចុះ​ផ្សព្វផ្សាយ​ដល់​កសិករ​ទូទាំងប្រទេស ជាពិសេស​សហគមន៍ ឬ​បណ្តុំ​កសិករ​នានា​ទាន់ពេលវេលា​។​

 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​សេវាកម្ម​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​ការចូលរួម​សហការ​ពី​ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន​លើ​ការវិនិយោគ​សេវាកម្ម​ផ្សព្វផ្សាយ​កសិកម្ម​គឺ​ពិត​ជាមាន​សារសំខាន់ និង​ត្រូវ​ជំរុញ​បន្ថែមទៀត​ជា​ចាំបាច់​។​

៩. មូលហេតុ​អ្វី​បាន​តម្លៃ​ជ្រូក​រស់​បន្ត​ធ្លាក់​ថ្លៃ​នាពេល​បច្ចុប្បន្ន​?
 ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មានការ​កើន​ចំនួន ៣៦​កន្លែង​ស្មើនឹង​៧,២% គឺ​កើន​ពី​ចំនួន ៥០៣​កន្លែង ឆ្នាំ​២០២០ ឡើងដល់​ចំនួន ៥៣៩​កន្លែង ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១​។​

 កសិករ​ចិញ្ចឹម​ជ្រូក​ត្រៀម​បញ្ចេញ​លក់​ក្នង​ឱកាស​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ប៉ុន្តែ​ត្រូវ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​កម្មវិធី​រៀបចំ​ពី​ធី​បុណ្យ​ចាប់ពី​បិណ្ឌ​ទី​៤ រហូតដល់​បុណ្យ​ភ្ជុំបិណ្ឌ បានធ្វើឱ្យ​ជ្រូក​មានការ​កកស្ទះ​។​
 តម្លៃ​ជ្រូក​នៅ​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម​មានការ​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​ពោលគឺ​តម្លៃ​ត្រឹមតែ​ចំនួន ៦ ៥០០​រៀល​/​គីឡូក្រាម​ប៉ុណ្ណោះ ដែល​ខុសពី​តម្លៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ចន្លោះ​ពី​ចំនួន ៩៥០០​រៀល ទៅ​ចំនួន ១០ ១០០​រៀល​/​គីឡូក្រាម នាពេល​សព្វថ្ងៃនេះ​។​

 ការ​នាំចូល​កូនជ្រូក​ពូជ​ក្នុង​ឆ្នាំ​២០១៩ មាន​ត្រឹម​ចំនួន ២២ ០០០​ក្បាល និង​នៅ​ឆ្នាំ​២០២០ មានការ​កើនឡើង​ដល់​ចំនួន ២៧៥ ៩២៥​ក្បាល​។ ចំណែកឯ​ជ្រូក​ពូជ​មេ​-​បា​នាំចូល​បាន​ចំនួន ៧ ៨៤០​ក្បាល ក្នុង​ឆ្នាំ​២០១៩ និង​កើន​ដល់​ចំនួន ២៨ ១៤៣​ក្បាល​ក្នុង​ឆ្នាំ​២០២០​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ការ​នាំចូល​ជ្រូក​ពូជ​មេ​-​បា មាន​ចំនួន ២៤ ៨៦៥​ក្បាល និង​កូនជ្រូក​ពូជ​មាន​ចំនួន ១២៦ ១១៦​ក្បាល​។​

 វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តម្រូវការ​សាច់ជ្រូក​មាន​ការប្រែប្រួល​មិន​ទៀងទាត់ ដោយសារ​មានការ​បិទ​ខ្ទប់ ពុំមាន​កម្មវិធី​តាម​បុណ្យទាន កម្មវិធី​ជួបជុំ​ផ្សេង ជាពិសេស​ពុំមាន​ភ្ញៀវទេសចរ​ធ្វើដំណើ​កំសាន្ត​តាម​តំបន់​រម្យ​ណី​យ​ដ្ឋា​ន​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

 បទល្មើស​ចរាចរ​សត្វ និង​ផលិតផល​សត្វ ពី​ប្រទេសជិតខាង​គិត​ត្រឹម​បំណាច់​ខែកញ្ញា ឆ្នាំ​២០២១ បង្ក្រាប​បទល្មើស​បាន​ចំនួន ៥០​ករណី ក្នុងនេះ​បទល្មើស​ចលនា​ដឹកជញ្ជូន​ជ្រូក​រស់​ចំនួន ២៣​ករណី និង​សាច់ជ្រូក​បង្កក​ចំនួន ២​ករណី​។​

 អគ្គនាយកដ្ឋាន​នឹង​ពិនិត្យមើល​បន្ថែមទៀតរ​វាង​ការផ្គត់ផ្គង់​ក្នុងស្រុក និង​ការ​នាំចូល ព្រោះ​កន្លងមកនេះ​តម្លៃ​ជ្រូករ​ស់បាន​ធ្លាក់ចុះ​ដល់​ចំនួន ៨ ៥០០​រៀល​/​គីឡូក្រាម បន្ទាប់ពី​ការជជែក​ពិភាក្សា​រវាង​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា ជាមួយ​អ្នក​នាំចូល គឺ​តម្លៃ​ជ្រូករ​ស់បាន​កើនឡើង​ចំនួន ១០ ១០០​រៀល​/​គីឡូក្រាម​។​
 បច្ចុប្បន្ន ការ​នាំចូល​ជ្រូក​រស់​ពី​បរទេស នៅ​ថ្ងៃ​ខ្លះ​មាន​ត្រឹម​៣០០​ក្បាល​/​ថ្ងៃ​ប៉ុណ្ណោះ​។​

 អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នឹង​បន្ត​ពិនិត្យ និង​ពិភាក្សា​រក​ដំណោះស្រាយ​អំពី​បញ្ហា​តម្លៃ​ជ្រូក​នេះ​បន្ថែមទៀត ព្រមទាំង​បន្ត​រឹតបណ្តឹង​ការអនុវត្ត​ច្បាប់ ពិសេស​បទល្មើស​ចរាច​រស​ត្វ និង​ផលិតផល​សត្វ​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូមអ្នក​សារព័ត៌មាន និង​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន​។​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា