សម្ដេច ស ខេង ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១១ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម​

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែតុលា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វិ​ដេ​អូ​សន្និសីទ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១១ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ផាម ប៊ី​ញ មី​ញ ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

កិច្ចប្រជុំ​ខាងលើនេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​២៦-២៨ ខែតុលា ឆ្នាំ​២០២១ ដោយមាន​ការចូល​ពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​, ក្រសួង​-​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​, ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រទេស​សង្គមនិយម​វៀតណាម​, គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន​, គណៈរដ្ឋមន្ដ្រី​, អគ្គ​លេ​ធិ​ការដ្ឋាន ក្រសួងមហាផ្ទៃ​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, អគ្គនាយកដ្ឋាន​រដ្ឋបាល​, អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​, អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច មាន​សេចក្ដី​រីករាយ ដែល​បាន​ធ្វើជា​សហប្រធាន ជាថ្មី​ម្ដងទៀត ជាមួយ​លោក ផាម ប៊ី​ញ មី​ញ ក្នុង​កិច្ច​លើក​ទី​១១ ស្ដីពី កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម ដែលជា​យុទ្ធ​ការ​ទ្វេភាគី​ដ៏​មាន​សារសំខាន់ ក្នុង​កិច្ចសហប្រតិបត្តិការ​នា​នារ​វាង​ប្រទេស​ទាំងពីរ ផងដែរ​។​

សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​របស់​វៀតណាម និង​គណៈប្រតិភូ​របស់​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​លើក​ទី​១១​នេះ តាមរយៈ​ប្រព័ន្ធ​វិ​ដេ​អូ​សន្និសីទ​។ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​បន្ដថា កិច្ចប្រជុំ​លើក​ទី​១១ រវាង កម្ពុជា​-​វៀតណាម តាម​ប្រព័ន្ធ​វិ​ដេ​អូ​នេះ ស្របពេល​ប្រទេស​ទាំងពីរ កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​

លោក ផាម ប៊ី​ញ មី​ញ បាន​ថ្លែងថា ទោះបី​រយៈពេល​កន្លងទៅ​នេះ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ មាន​ភាពស្មុកស្មាញ​ក៏ដោយ ក៏​ភាគី​ទាំងពីរ កម្ពុជា​-​វៀតណាម នៅតែ​រៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​លើក​ទី​១១ ស្ដីពី កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម តាម​ប្រព័ន្ធ​វិ​ដេ​អូស​ន្ន​សីទ​នា​ព្រឹក​ពេលនេះ​បាន​ដោយ​រលូន​។ លោក ក៏បាន​សម្តែង​ក្តី​រីករាយ ដែល​បាន​ចូលរួម​កិច្ច​លើក​ទី​១១​នេះ ព្រមទាំង រីករាយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​បើក​សេដ្ឋកិច្ច​ឡើងវិញ​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ក៏បាន​ថ្លែង​បិទ​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​លើក​ទី​១១ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម បាន​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វិ​ដេ​អូ នាពេលនេះ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ជាទី​មោ​ទកៈ​ក្នុង​បរិយាកាស​យ៉ាង​ស្មិត​ស្មា​ល សាមគ្គីភាព មិត្តភាព ជា​ប្រពៃណី ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​លក្ខណៈ​ជា​ប្រទេសជិតខាង​ដ៏​ល្អ​។​

​ទន្ទឹមនេះដែរ​លោក ផាម ប៊ី​ញ មី​ញ ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក៏បាន​ថ្លែង​ដែរ​ថា លទ្ធផល​ទទួលបាន​ក្នុង​កិច្ចប្រជុំ​លើក​ទី​១១ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម គឺជា​ការបញ្ជាក់​ឱ្យឃើញ​ពី​ការប្ដេជ្ញាចិត្ត​ខ្ពស់ របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក៏ដូចជា បណ្ដាល​ខេត្ត​ជាប់​ព្រំដែន​រវាង វៀតណាម​-​កម្ពុជា ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​តាម​តំបន់​ព្រំដែន វៀតណាម​-​កម្ពុជា​។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ជាគោលការណ៍​ឱ្យ​ក្រសួងមហាផ្ទៃ ដឹកនាំ​ប្រតិភូ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១ ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​៕

​ដោយ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​

Related posts