ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា​៖​នា​រដូវវស្សា​ក្រុមការងារ​ដក​រុក្ខជាតិ​តាម​ប្រាសាទ​បង្កើន​កម្លាំង​សម្អាត​កាន់តែខ្លាំង​

អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នា​រដូវវស្សា​នេះ ជា​អំណោយផល​ដល់​រុក្ខជាតិ​ចម្រុះ​បង្កើន​ការលូតលាស់​នៅលើ​ថ្ម​ប្រាសាទ​។ ករណីនេះ ធ្វើឱ្យ​ក្រុមការងារ​ដក​រុក្ខជាតិ​តាម​ប្រាសាទ ត្រូវ​បង្កើន​កម្លាំង​កាន់តែខ្លាំង​ដើម្បី​សម្អាត​រុក្ខជាតិ​ទាំងនោះ​មិនឱ្យ​ប៉ះពាល់​ថ្ម និង​សោភ័ណភាព​ប្រាសាទ​ឡើយ​។​

លោក ងិន ធី អ្នកគ្រប់គ្រង​ពលករ​កាត់​សម្អាត​រុក្ខជាតិ​លើ​ប្រាសាទ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យដឹងថា ដើម​រុក្ខជាតិ​តូចធំ​មាន​ដុះ​ច្រើន​តាម​ថ្ម​ប្រាសាទ​ក្នុង​រដូវវស្សា​នេះ ពិសេស​វត្តមាន​រុក្ខជាតិ​តូចៗ​។ ទោះ​រុក្ខជាតិ​ទាំងនោះ​ហាក់​ដុះ​លឿន​ខ្លាំង​ក្នុង​រដូវវស្សា តែ​ក្រុមការងារ​របស់លោក ងិន ធី មិនបាន​បង្អង់​កម្លាំង​នោះទេ ផ្ទុយទៅវិញ​ក្រុមការងារ​បាន​បង្កើន​ក​ម្លាំ​ង​ទ្វេ ដើម្បី​ដក កាត់​រុក្ខជាតិ​តូចធំ​ទាំងនោះ មិនឱ្យ​ដុះ​ស្ដុក​ទ្រុប ធ្វើឱ្យ​បាត់បង់​សោភ័ណភាព និង​ប៉ះពាល់​ថ្ម​ប្រាសាទ​ទេ​។

ក្រុមការងារ​បាន​បែងចែក​គោលដៅ​សម្អាត​បានច្បាស់លាស់ ពិសេស​ទីតាំង​ដែលមាន​ចរាចរណ៍​ទេសចរ​មមាញឹក និង​បាន​ដកឃ្លា​តាម​គោលដៅ​ខ្លះ​ដែល​ពុំមាន​ចរាចរណ៍​ទេសចរ​ចូលទៅ​ទស្សនា​ច្រើន ដោយ​ទុក​សម្អាត​ពេល​ក្រោយ តែ​មិន​ទុកឱ្យ​ដុះ​ស្ដុក​ច្រើន​ឡើយ​។​

សូម​បន្ថែមថា ក្រៅពី​ក្រុមការងារ​កាត់​សម្អាត​រុក្ខជាតិ​លើ​ប្រាសាទ​នេះ ក្នុងនោះ​ក៏មាន​ក្រុមការងារ​ដទៃទៀត​ក៏​ចូលរួម​លើ​ការ​កាត់​សម្អាត និង​ការងារ​អនាម័យ​ក្នុង​ប្រាសាទ​ផងដែរ ក្នុងនោះ​មាន​ភ្នាក់ងារទេសចរណ៍ និង​ភ្នាក់ងារ​សណ្ដាប់ធ្នាប់​ជាដើម ដែលជា​និច្ចកាល​តែង​ចូលរួម​យ៉ាងសកម្ម​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា