ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​ជំនាញ​៖ កំបោរ​បាយអ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការកសាង​និង​ជួសជុល​ប្រាសាទ​ដែល​ធ្វើ​ទ្បើង ពី​ឥដ្ឋ​

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា កំបោរ​បាយអ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការកសាង និង​ជួសជុល​ប្រាសាទ​ដែល​ធ្វើឡើង​ពី​ឥដ្ឋ ព្រោះ​បាន​បំពេញ​ផ្សាភ្ជាប់​ស្នាម​តំណ ស្នាម​ប្រេះ​របស់​ដុំឥដ្ឋ​ទាំងឡាយ​ឱ្យ​ស្អិត​ជាប់​គ្នា ជួយ​ការពារ​ការ​ជ្រាប​ទឹក​។

បច្ចុប្បន្ន ការជួសជុល​ប្រាសាទបុរាណ​ដែល​ធ្វើ​ពី​ឥដ្ឋ​ឡើងវិញ ក៏​នៅតែ​ត្រូវការ​កំបោរ​បាយអ​ជា​ចាំបាច់​។ កូន​ខ្មែរ​ជំនាន់​នេះ ក៏​នៅតែ​ចេះ​ផ្សំ​សារធាតុ​ផ្សេងៗ​ធ្វើជា​កំបោរ​បាយអ ដើម្បី​បន្តវេន​ពី​បុព្វបុរស​ខ្មែរ​ជំនាន់​មុន​ដែរ​។​

ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​រយៈពេល ២០​ឆ្នាំ​ហើយ អ្នកស្រី សៀង ម៉ាលី​ណែ​ត អាយុ​៣៧​ឆ្នាំ ជា​អ្នកភូមិ​ឪឡោក ស្រុក​ប្រាសាទបាគង គឺជា​អ្នកជំនាញ​ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នកជំនាញ​ស្ត្រី​ជាច្រើនរូប​ទៀត​ដែល​ចេះ​ជំនាញ​ធ្វើ និង​លាយ​បាយអ​នេះ​។ អ្នកស្រី ម៉ាលី​ណែ​ត ចេះ​ជំនាញ​ផ្សំ​ធាតុ និង​លាយ​បាយអ​ពី​ជីតា​របស់គាត់ និង​ការបណ្តុះបណ្តាល​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

អ្នកស្រី​បង្ហាញ​ចំណាប់អារម្មណ៍​ថា គាត់​ស្រឡាញ់​ជំនាញ​ផ្សំ​សារធាតុ និង​លាយ​បាយអ​តាម​រូបមន្ត​បុរាណ​ខ្មែរ​នេះ​ខ្លាំងណាស់ ហើយ​គាត់​ចង់​បន្ត​បង្រៀន​ជំនាញ​នេះ​ទៅឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​កុំឱ្យ​បាត់បង់​កេរ្តិ៍ដំណែល​ដ៏​វិសេស​មួយ​នេះ​។

សារធាតុ​សំខាន់ៗ ដែល​អាច​យកមក​ផ្សំ​ធ្វើជា​បាយអ​បាន​បច្ចុប្បន្ននេះ គឺ​ងាយ​រក​បំផុត​នៅតាម​ផ្ទះ ដូចជា កំបោរ​ធ្វើ​ពី​សំបក​លៀស កំទេច​ឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និង​កាវ​ស្បែក​គោ​ជាដើម​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា