ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​ឆបោក​ពី​ប្រទេស​ចិន ឱ្យមកធ្វើ​ការ​នៅ​កម្ពុជា ត្រូវបាន​សមត្ថកិច្ច ជួយសង្គ្រោះ​

ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ពិនិត្យឃើញ​មាន​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​អះអាងថា ត្រូវបាន​ជនជាតិ​ចិន​ដូចគ្នា ឆបោក​ពី​ប្រទេស​ចិន ឱ្យមក​បម្រើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្រុមហ៊ុន Internet Investment Park នៅ​ខេត្តពោធិ៍សាត់ ខណ ដែល​នៅ​ទីនោះ​មានការ​គំរាមកំហែង និង​បិទ​សិទ្ធិសេរីភាព​ទៀតផង ហើយ​បុរស​ជនជាតិ​ចិន​រូបនេះ បាន​ផ្ញើ​សារ​ចូលក្នុង​គេហទំព័រ facebook ផ្លូវការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ខ្លឹមសារ​ដូចខាងក្រោម​÷
(​បកប្រែ​ក្រៅផ្លូវការ​)
​សួស្តី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំ​គឺជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​ឆបោក​ពី​ប្រទេស​ចិន ឲ្យ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​អ៊ីនធឺណិត (Internet Investment Park) នៅ​ខេត្តពោធិ៍សាត់​។ នៅទីនេះ មាន​គេ​ឱ្យ​ខ្ញុំ​កុហក​អ្នកដទៃ ប៉ុន្តែ​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​និយាយ​នោះទេ​។ ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ការសង្គ្រោះ​ដោយ​សម្ងាត់ អស់​រយៈពេល​ជាង ២​ខែ​មកហើយ ប៉ុន្តែ​ពុំទាន់​មាន​ដំណឹង​នោះឡើយ​។ បច្ចុប្បន្ន ខ្ញុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ពុំ​អាច​ទៅធ្វើ​ការ​បាន​នោះទេ ខ្ញុំ​បាត់បង់​តម្លៃ​សម្រាប់​ពួកគេ​ហើយ ។ មនុស្ស​ម្នាក់​ដែល​ធ្លាប់បាន​កុហក​ខ្ញុំ​នោះ និយាយថា​នឹង​លក់​ខ្ញុំ​ឱ្យទៅ​អ្នកដទៃ …​ខ្ញុំ​ខ្លាច​ខ្លាំងណាស់ និង​គ្មាន​ជំនួយ​ទេ​។ ខ្ញុំ​សង្ឃឹមថា សម្ដេច អាចជួយ​សង្គ្រោះ​ខ្ញុំ​បាន​។​

បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានធ្វើ​ចំណាត់ការ​ករណីនេះ​ជូន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ជា​សមត្ថកិច្ច​ក្នុងការ​អនុវត្ត​ជំនាញ​។​

យោងតាម​របាយការណ៍​បឋម​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​​កាលពី​ព្រឹក​ថ្ងៃ​ច​ន្ទ័ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះទៅពិនិត្យ​ផ្ទាល់ និង​ធ្វើ​ការបំពេញ​នីតិវិធី​ជំនាញ​ពាក់​ព​ន្ធ័ ព្រមទាំង​ធ្វើការ​ប្រគល់​-​ទទួលយក​ជនរងគ្រោះ ជា​ជន​ជាតិចិន ម្នាក់​ឈ្មោះ Xiong Liqiang អាយុ ២៣​ឆ្នាំ នៅ​ចំណុច​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា ស្ថិតនៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ មានការ​សម្របសម្រួល និង​ចូលរួម​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ និង​បុគ្គល​តំណាង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ ។​

*​ជនរងគ្រោះ​ខាងលើ ត្រូវបាន​ប្រគល់ជូន​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​វិធាន​ការជំនាញ​ស្របតាម​និតិ​វិធី​៕
( ពត៌មាន​ដកស្រង់​ពី​ផេ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ​)

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា