ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី​នា​ឆ្នាំ​២០២៩

​កីឡា ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កីឡា​កម្ពុជា ចាក​ចេញពី​មាតុប្រទេស នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី និង​ចុះហត្ថលេខា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី (ASIAN Youth Games) នា​ឆ្នាំ​២០២៩​។​

​ថ្លែង​មុនពេល​ចេញដំណើរ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មានប្រសាសន៍ថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា គណៈប្រតិភូ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រួមជាមួយ​ឯកឧត្តម ឃួ​ង ស្រេង អមដំណើរ​ដោយ​ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ អគ្គនាយក​កីឡា​តំណាង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​។​

​បេសកកម្ម​នេះ ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន តាម​ការស្នើសុំ​ពី NOCC ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន នឹង​ចុះហត្ថលេខា​លើ​ពិធី​ប្រគល់​-​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អូឡាំពិក​អាស៊ី នា​ឆ្នាំ​២០២៩ (ASIAN Youth Games) ដោយមាន​បណ្តា​ប្រទេស​នានា​ចំនួន ៤៥​ប្រទេស​នៃ​ទ្វីបអាស៊ី ដែលមាន​ទំហំ​ធំ​ជាង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែលមាន​ចន្លោះ​ពី​៣០ ទៅ​៤០​ប្រភេទ​កីឡា ប៉ុន្តែ​ចំនួន​ប្រភេទ​កីឡា​យុវជន​អាស៊ី​នេះ មាន​ចន្លោះ​ត្រឹម​១០ ទៅ​១៥​ប្រភេទ​កីឡា ដោយ​យុវជន​ចន្លោះ​អាយុ​១៥ ដល់​១៧​ឆ្នាំ​។​

​ឯកឧត្តម​អគ្គលេខាធិការ​បន្ថែមទៀត​ថា នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែលជា​មោទនភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នេះ​។​«​ដោយសារ​យើង​រស់នៅក្នុង​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម កាន់តែ​ប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ផ្តល់​សិទ្ធិ​ពី​អន្តរជាតិ​។ នៅក្នុង​បេសកកម្ម​នេះ មានកម្ម​វិធី​សំខាន់ៗ គឺ​គណៈប្រតិភូ​កម្ពុជា​នឹងចូលរួម​មហាសន្និបាត​លើក​ទី​៤០ របស់​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​។

​ការចុះហត្ថលេខា​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី គឺធ្វើឡើង​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​រួចហើយ​។ ការដាក់​បេក្ខភាព​ប្រកួតប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​នេះ មាន​បណ្តា​ប្រទេស​មួយចំនួន បាន​ចូលរួម​ប្រកួតប្រជែង​ដែរ ប៉ុន្តែ​ដោយសារ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី បាន​មើលឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យ​កីឡា​កម្ពុជា ជាពិសេស​គឺ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ របស់​កម្ពុជា​ផង​នោះ ទើប​ធ្វើ​ឲ្យ​ការខិតខំ​ទាំងអស់នេះ បាន​ឆ្លើយតប​ទៅនឹង​ការទទួល​រៀបចំ​ព្រឹត្តិការណ៍​ធំៗ ដូចជា​ព្រឹត្តិការណ៍​យុវជន​អាស៊ី ឆ្នាំ​២០២៩ នេះ​ជាដើម​។​

​ហត្ថលេខី ដែល​គ្រោង​នឹង​ចុះហត្ថលេខា នៅ​ទីក្រុង​ឌូ​បៃ​នេះ គឺ​ឯកឧត្តម​បណ្ឌិត ថោង ខុន ក្នុងនាម​ប្រធាន NOCC ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៩ ខាងមុខ​។ រីឯ​ឯកឧត្តម ឃួ​ង ស្រេង នឹង​ចុះហត្ថលេខា ក្នុងនាម​ជាទី​ក្រុង​ម្ចាស់ផ្ទះ ដែល​នេះ​គឺជា​គោលការណ៍​ច្បាប់​នៃ​ធម្មនុញ្ញ​របស់​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ និង​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​។ នៅក្នុង​បេសកកម្ម​នេះ គណៈប្រតិភូ​កម្ពុជា នឹង​បំពេញ​ទស្សនកិច្ច​ការតាំង​ពិ​ពណ៌​អន្តរជាតិ នៅ​ទីក្រុង​ឌូ​បៃ​ផងដែរ​៕​ប្រភពពី​៖Cambodia SEA GAMES 2023

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា