ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រយពេល​បុណ្យអុំទូក​៣​ថ្ងៃ​បូក​នឹង​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ មាន​ភ្ញៀវទេសចរ​ជាង​១​លាន​១​សែន​នាក់​ចេញ​ដើរ​កម្សាន្ត​

​រាជធានី​ភ្នំពេញ​៖ រយៈពេល​៤​ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃ​បូក​នឹង​ថ្ងៃអាទិត្យ​នេះ​១​ថ្ងៃ​ទៀត នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ ១,១៤៧,៣៥៩​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​១,១៣២,៩០៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​១៤,៤៥៦​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល​៤​ថ្ងៃនេះ រួមមាន​៖
* រាជធានី​ភ្នំពេញ ២០៣,៤៥៤​នាក់​
* ខេត្ត​ព្រះសីហនុ ១៤៥,០៤២​នាក់​
* ខេត្តសៀមរាប ១៤១,២១៩​នាក់​
* ខេត្តកំពត ១០២,១៦៧​នាក់​
* ខេត្ត​កែប ៩២,៥៣៨​នាក់​
* ខេត្តពោធិ៍សាត់ ៧៥,៥៧៨​នាក់​
* ខេត្តបាត់ដំបង ៥៦,៦៧៩​នាក់​
* ខេត្តកំពង់ស្ពឺ ៥០,៩៦០​នាក់​
* ខេត្តមណ្ឌលគិរី ៤០,៩១៧​នាក់​
* ខេត្តកណ្តាល ៤០,២០៦​នាក់​
* ខេត្តកោះកុង ៣៨,៦៥០​នាក់​
* ខេត្តរតនគិរី ៣១,៤៥៧​នាក់​។​

​ចំនួន​ភ្ញៀវទេសចរ​ជាង​១​លាន​នាក់ ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​នេះ ជា​ចំនួន​ដ៏​ច្រើន​គិត​ចាប់ពី​មាន​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។ ជាក់ស្តែង ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ ២៥.៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ដើមខែ​តុលា ឆ្នាំ​២០២១ កន្លងមក ដែលមាន​ភ្ញៀវទេសចរ​តែ​៩១១,១៤៧​នាក់​។​

​លំហូរ​ភ្ញៀវទេសចរ​ជិត​មួយ​សប្តាហ៍​នេះ បង្កើតបាន​នូវ​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​មូលដ្ឋាន ពិសេស​សម្រាប់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ ខណៈដែល​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា​បាន​ប្រមើលមើល​ពី​កាលានុវត្តភាព​នៃ​ការ​ងើបឡើង​ដ៏​រហ័ស​នៃ​វិស័យ​ទេសចរណ៍​។​

​ទន្ទឹមនឹងនេះ ចរន្ត​ភ្ញៀវទេសចរ​ដ៏​ផុស​ផល​នេះ ក៏បាន​បង្ហាញ​ផងដែរ​ថា មូលដ្ឋាន​អាជីវកម្ម ផ្នែក​ឯកជន និង​អ្នករក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ចូលរួម​ស្តារ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការរៀបចំ និង​កែលម្អ​ទម្រង់​ធុរកិច្ច និង​អាជីវកម្ម​របស់ខ្លួន​ក្នុង​គន្លង​ប្រក្រតីភាព ក៏ដូចជា​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​នាពេលខាងមុខ​ឆាប់ៗ​នេះ​ផងដែរ​។​

​ទោះបី​ចំនួន​ភ្ញៀវទេសចរ​មាន​សន្ទុះ​ខ្លាំង ប៉ុន្តែ​សភាពការណ៍​ទូទៅ​ជារួម ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រង​តម្លៃ​សេវាកម្ម និង​ផលិតផល ព្រមទាំង​ការអនុវត្ត​វិធានការ​នានា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ មាន​ភាពល្អប្រសើរ​ច្រើន​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា