ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ជាម យៀប ជំនួស​តំណែង​លោក ​ងួន ញ៉ិល ​ជាអនុប្រធាន​ទី​១ រដ្ឋសភា​

​រាជធានី​ភ្នំពេញ ៖ តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង លោក ជាម យៀប ដែលជា​អតីត​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ត្រូវបាន​រដ្ឋសភា បោះឆ្នោត​គាំទ្រ​ជា អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ក្រោយពី​តំណែង​នេះ​នៅ​ចន្លោះ​បន្ទាប់ពី​លោក ងួន ញ៉ិល ទទួលមរណភាព​កាលពីពេល​កន្លងទៅនេះ​។​

សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​រដ្ឋសភាជាតិ បាន​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី​សមាជិក​រដ្ឋសភា​ចំនួន​១០៦​រូប ដែលមាន​របៀបវារៈ​សំខាន់ៗ​សរុប​៧​។​

យោងតាម​ការចុះផ្សាយរ​បស់​សារពត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា លោក ជាម យៀប កើត​នៅ​ឆ្នាំ​១៩៤៦ នៅ​ភូមិ​ព្រែក​ចាម ឃុំ​បន្តិច​ប្រាសាទ ស្រុក​ពាម​រក៍​ខេត្តព្រៃវែង ដែលជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ផ្នែក​ប្រវត្តិ​-​ភូមិវិទ្យា​នៅ​ភ្នំពេញ​ឆ្នាំ​១៩៧៤​។ ក្រៅពីនោះ លោក​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ពាណិជ្ជកម្ម នៃ​សកល​វិទ្យាល័យ «NCGU» នៃ​សហរដ្ឋអាមេរិក USA នៅ​ឆ្នាំ​២០០០, បញ្ចប់​ថ្នាក់បណ្ឌិត Doctor Degree of Philosophy in Businesslaw Ph.D. ឆ្នាំ​២០០៤, ជាប់​ជា​បណ្ឌិត​រដ្ឋ ឆ្នាំ​២០០៩ និង​ទទួល​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​មហា​បរិ​ញ្ញា ផ្នែក​ទស្សនៈវិជ្ជា វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឆ្នាំ​២០១០​។​

លោក ជាម យៀប ក៏​ធ្លាប់​ក្លាយជា​ទាសករ​ដាច់​ថ្លៃ​នៃ​របប​ខ្មែរក្រហម​ប៉ុលពត ដល់​ឆ្នាំ​១៩៧៧​។ លោក​ធ្លាប់ជា​សាស្ត្រាចារ្យ​នៅ​អនុវិទ្យាល័យ​កំពង់ត្របែក និង​ពាម​រក៍ (​ឆ្នាំ​១៩៦៦-១៩៧០), ជា​នាយទាហានជាន់ខ្ពស់​ក្នុង​របប​លន់ ណុល​(​ឆ្នាំ​១៩៧០-១៩៧៥), ជា​អភិបាល​ខេត្តព្រៃវែង (​ឆ្នាំ​១៩៨០-១៩៨៧ ), ជា​អនុរដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី (​ឆ្នាំ​១៩៨៧-១៩៨៨), ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទេសចរណ៍​បុព្វ​សិទ្ធ​ឋានៈ​ស្មើ​រដ្ឋមន្ត្រី (​ឆ្នាំ​១៩៨៨-១៩៩៣), លោក​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​របស់​គណបក្ស ប្រជាជន​កម្ពុជា ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៩៣) និង​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​( ឆ្នាំ​១៩៩៣ មកដល់​បច្ចុប្បន្ន​)៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា